ត្បូងឃ្មុំៈ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងថា ក្រុមការងាររបស់លោក បាននិងកំពុងរៀបចំដាំផ្កាស្បៃរឿង ចំនួន ១ លានគុម្ព ក្នុងទីតាំងទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីប្រែក្លាយតំបន់នេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរនៅពេលបុណ្យចូលឆ្នាំខ្មែរខាងមុខ។
លោក អ៊ាង សុផល្លែត ដែលជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ពេលដែលចុះទៅកាន់ទីតាំងនេះ ដើម្បីជំរុញការដាំផ្កាស្បៃរឿងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឱ្យដឹងថា ទីតាំងដែលត្រូវដាំផ្កាស្បៃរឿងនេះ គឺជាទីតាំងប្រវត្តិសាស្ត្រ ដែលមានវត្តព្រះធាតុ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយក៏ជាទីតាំងគោរពសក្ការៈរបស់ស្តេចជាច្រើនអង្គ។
លោកបន្តថា ទីតាំងវត្តនេះ ស្តិតនៅក្នុងទន្លេស្ងួត ដែលមានទំហំ ១៤ហិកតា ហើយត្រូវបានទុកចោល មិនមានការអភិវឌ្ឍ និងធ្វើអ្វីនោះទេ។ ក៏ស្រាប់តែក្រុមការងារចុះជួយស្រុកអូររាំងឪមើលឃើញស្ថាភាពបែបនេះ ក៏សម្រេច ប្រែក្លាយតំបន់នេះ ឱ្យទៅជាទីតាំងអាចទទួលភ្ញៀវទេសចរបាន។
លោកថ្លែងថា៖«ពេលនេះ ក្រុមការងារ កំពុងរៀបចំដាំផ្ការស្បៃរឿងដែលមានទទឹង ប្រវែង ៣ម៉ែត្រ និងបណ្តោយ១គីឡូកន្លះដី ដែលមានប្រមាណជាង ១លានគុម្ពដើម្បីទទួលភ្ញៀវទេសចរណ៍ឆ្នាំថ្មី ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។
បើតាម លោក អ៊ាង សុផល្លែត ការដាំផ្កាស្បៃរឿងនេះ ត្រូវការពេលវេលាប្រមាណ ២ ខែ ៦០ថ្ងៃ ទើបអាចបែកមែកចេញមក ប្រមាណ ១០ ទៅ ២០ទង តែវាក៏អាស្រ័យលើបច្ចេកទេសដាំផងដែរ។ ទោះជាយ៉ាងណា ក៏ផ្កាជាង ១លានគុម្ព នេះ នឹងមានការរីកស្គុសស្គាយ នៅពេលដែលចូលឆ្នាំខ្មែរដែលនឹងឈានចូលមកដល់ នៅខែមេសាខាងមុខនេះ។
លោក ទ្រី ពៅ មេឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ថ្លែងថា ផែនការដាំផ្កាស្បៃរឿងនេះ នឹងជួយលើកមុខមាត់ឃុំ និងទាក់ទាញភ្ញៀវទេសចរ ឱ្យមកមកលេងកម្សាន្តក្នុងទីតាំងដែលបានកំណត់រួចហើយនោះនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខាងមុខ ដើម្បីផ្តល់ចំណូលសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឱ្យមានជីវភាពធូរធារ និងកាន់តែប្រសើរតាមរយៈវិស័យទេសចរណ៍ធម្មជាតិផ្សារភ្ជាប់នឹងទឹកដី។
លោកបន្តថា ការដាំផ្កាស្បៃរឿងនេះ ក្រោមការជួយជ្រោមជ្រែង របស់ លោក អៀង សុផល្លែត ដែលជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ហើយលោក ចង្អុលបង្ហាញឱ្យអាជ្ញាធរចូលរួមកែលម្អទីតាំងប្រវត្តិសាស្ត្រ ជារមណីយដ្ឋានស្រស់ស្អាត ទុកជូនសម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងចូលឆ្នាំខ្មែរនៅពេលខាងមុខនេះ។
បើតាម លោក អ៊ាង សុផល្លែត ក្រៅពីរៀបចំដាំផ្កាស្បៃរឿង ក្រុមការងារចុះមូលដ្ឋានក៏បានរៀបចំផ្លូវនៅលើទំបន់ទន្លេស្ងួត ដើម្បីទទួលភ្ញៀវទេសចរមកកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីដែលជាជំហានដំបូង ហើយជំហានបន្ទាប់ទៀតនឹងដាំដើមឫស្សីផ្អែម មានម្លប់សម្រាប់ក្លាយជាតំបន់ទេសចរណ៍រយៈពេលវែង។ ជាពិសេសផ្តល់ជាផលទំពាំងសម្រាប់ប្រជាជននៅតំបន់នេះអាចដកហូតធ្វើម្ហូបអាហារពិសា និងដើមចាស់ៗអាចយកទៅធ្វើសម្ភារផ្សេងៗជាដើម។
លោកថ្លែងថា៖ ការរៀបចំឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិនេះ នឹងបានពង្រឹងជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិផ្សាភ្ជាប់ទឹកដី។ ជាមួយគ្នានេះ ក្រុមការងារបានរៀបចំហេដ្ឋរចនាសម្ព័ន្ធនៅកន្លែងដាំផ្កាស្បៃរឿង ដែលផ្តល់ផ្តល់ប្រយោជន៍ដូចជាទីន្លែងស្តុកទឹក យ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បង្កើនផលកសិកម្មផងដែរ៕