តាកែវៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបើកវគ្គអប់រំអ្នកបោះឆ្នោតបន្ត ស្តីពី «សារៈសំខាន់នៃការបោះឆ្នោត» ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យភ្ញីមាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន ១៤០ នាក់ ដើម្បីឱ្យពួកគេចេះប្រើប្រាស់សិទ្ធិអំណាច និងជ្រើសរើសមេដឹកនាំតាមរយៈសន្លឹកឆ្នោតជាពិសេសលើកស្ទួយលទ្ធិប្រជាធិតេយ្យនៅក្នុងប្រទេស។
លោក សោម សូរីដា អ្នកនាំពាក្យ គជប នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ឱ្យដឹងថា វគ្គអប់រំនេះ ទទួលបានការគាំទ្រ និងឧបត្ថម្ភដោយប្រទេសជប៉ុន តាមរយៈអង្គការ JICA។ ការបើកវគ្គអប់រំនេះ ស្របទៅនឹងការរៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នេះ។
លោកបញ្ជាក់ទៀតថា កម្មវិធីអប់រំអ្នកបោះឆ្នោតនេះ កន្លងមកនេះ គ.ជ.ប បានរៀបចំធ្វើនៅតាមបណ្តាស្រុក នានានៅទូទាំងប្រទេស ព្រោះមានសារៈសំខាន់ និងចាំបាច់សម្រាប់ធ្វើការផ្សព្វផ្សាយជូនដល់ស្រទាប់យុវជន ដែលកំពុងបំពេញការសិក្សានៅតាមគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំផ្សេងទៀត។
លោកបន្តថា៖«អ៊ីចឹងគោលបំណង គឺចង់ឱ្យយុវជន យល់ពីសារៈសំខាន់នៃការបោះឆ្នោត ពីព្រោះប្រជាធិតេយ្យ គឺជាសិទ្ធិរបស់ប្រជាពរលដ្ឋក្នុងការជ្រើសរើសតំណាងរបស់ខ្លូន ហើយជ្រើសតំណាងរបស់ខ្លួនតាមរយៈសន្លឹកឆ្នោតនេះ គឺជាការផ្លាស់ប្តូរពីការកាន់អំណាចដោយហិង្សា ដោយចុងអាវុធ មកជាការចូលកាន់អំណាចដោយសំឡេងឆន្ទៈរបស់ប្រជាពលរដ្ឋ»។
បើតាម លោក សោម សូរីដា ការអប់រំការបោះឆ្នោត ជូនដល់យុវជន នេះដោយសារតែមានកំណើននៃការចុះឈ្មោះបោះឆ្នោតពីសំណាក់យុវជនច្រើនប្រមាណពី២០ ទៅ៣០ ភាគរយ នៅក្នុងបញ្ជីបោះឆ្នោត នៅក្នុងបោះឆ្នោតនៃឆ្នាំនីមួយៗ។ ដូច្នេះ វគ្គអប់រំបោះឆ្នោតនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពួកគេក្នុងការប្រើប្រាស់សិទ្ធិក្នុងការសម្រេចជ្រើសរើសមេដឹកនាំរបស់ខ្លួន។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វុនស៊ិនប៉ិច បានថ្លែង គាំទ្រនូវកម្មវិធីអប់រំ អ្នកបោះឆ្នោតនេះ ជាពិសេសធ្វើទៅលើយុវជន ដើម្បីឱ្យពួកគេបានយល់ និងដឹងពីដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពនយោបាយ និងបោះឆ្នោត ដើម្បីជំរុញលទ្ធិប្រជាធិយតេយ្យនៅក្នុងប្រទេស ឱ្យមានការរីកចម្រើន។
គជប បញ្ជាក់ថា ការអប់រំអ្នកបោះឆ្នោតបន្ត ក៏ជាផ្នែកសំខាន់មួយនៃការបោះឆ្នោតដើម្បីលើកកម្ពស់ការយល់ដឹងដល់អ្នកបោះឆ្នោត និងអនាគតអ្នកបោះឆ្នោត ស្តីពីសារៈសំខាន់នៃការបោះឆ្នោត ប្រវត្តិនិងដំណើរការនៃការបោះឆ្នោត បទបញ្ជានីតិវិធីនៃការបោះឆ្នោត និងការចូលរួមរបស់យុវជនក្នុងការបោះឆ្នោត។ ជាពិសេស ដើម្បីផ្ដល់ឱកាសដល់សិក្ខាកាមទាំងអស់ ទទួលបានចំណេះដឹង ពាក់ព័ន្ធនឹងការបោះឆ្នោត និងអាចលើកជាចម្ងល់ផ្សេងៗដោយផ្ទាល់ ទៅកាន់គ្រូឧទ្ទេសជំនាញដែលជាថ្នាក់ដឹកនាំ នឹងមន្ត្រី គ.ជ.ប៕