ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ គឺជាថ្ងៃគម្រប់ខួប៣ឆ្នាំដែលកម្ពុជាជាប់ឈ្មោះជា «ប្រទេសតូច តែបេះដូងធំ»ប្រកបដោយមនុស្សធម៌ដែលឱ្យនាវា MS Westerdam ចូលចតក្នុងប្រទេសកម្ពុជានាអំឡុងពេលនៃការផ្ទុះឡើងនូវការរីករាលដាលនៃមេរោគកូវីដ ១៩។
លោក ហ៊ុន សែន បានសរសេរលើហ្វេសប៊ុករបស់លោកនាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ថា៖ «ថ្ងៃនេះគម្រប់ខួប ៣ ឆ្នាំដែលកម្ពុជាជាប់ឈ្មោះជា “ប្រទេសតូចតែបេះដូងធំ” ប្រកបដោយមនុស្សធម៌ឱ្យនាវា MS Westerdam ចូលចតអំឡុងពេលផ្ទុះកូវីដ១៩» លោកបន្តថា ពិភពលោក ពិតជាបានចងចាំនូវព្រឹតិ្តការណ៍ទាក់ទងទៅនឹងកប៉ាល់ Westerdam ដែលបានចូលចតនៅក្នុងដែនទឹកនៃកំពង់ផែក្រុងព្រះសីហនុ ដែលមកទល់នឹងថ្ងៃនេះ (១៣ កុម្ភៈ) គឺមានរយ:ពេល ៣ ឆ្នាំគត់។
លោកថា៖ «រាប់ចាប់តាំងពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមក ត្រូវបានសាធារណៈមតិជាតិ និងអន្តរជាតិនៅទូទាំងពិភពលោកបានសម្តែងការសាទរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏សប្បុរសរបស់ប្រជាជនខ្មែរក៏ដូចជាមេដឹកនាំកម្ពុជា ដែលបានផ្តល់ឱកាសឱ្យកប៉ាល់ទេសចរណ៍ដ៏ធំ ដែលមានផ្ទុកអ្នកដំណើររាប់សិបពាន់នាក់ហើយដែលជិតអស់ស្បៀងឱ្យមកចតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។
ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលបានផ្ទុះចេញពីទីក្រុងវូហាន នៃប្រទេសចិនក៏បានធ្វើឱ្យកប៉ាល់ដ៏ធំមួយនេះ មានសំណាងអាក្រក់ដោយត្រូវបានប្រទេសមួយចំនួនបដិសេធឱ្យចុះចត ដោយសារមូលហេតុខ្លាចការរីករាលដាលនៃជំងឺនេះឆ្លងចូលដល់សហគមន៍។ នេះបើតាមលោក ហ៊ុន សែន។ លោកបានសង្កត់ធ្ងន់ថា៖ «យ៉ាងណាក៏ដោយកម្ពុជាបានទទួលយកកប៉ាល់នេះ ដោយត្រូវបានអ្នកដំណើរទាំងអស់គ្រប់ជាតិសាសន៍ នៅលើកប៉ាល់នេះ ប្រសិទ្ធនាមឱ្យកម្ពុជាថា ជាប្រទេសតូច តែបេះដូងធំ»។
សូមរំឭកផងដែរថា កាលពីថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ ២០២០ នាវាទេសចរណ៍អន្តរជាតិ MS Westerdam ដែលមានអ្នកដំណើរ និងក្រុមនាវិកសរុបចំនួន ២ ២៥៧ នាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាពខណៈដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ ១៩។
ទាក់ទងនឹងនាវានេះដែរ ក្រសួងទេសចរណ៍បានលើកឡើងថា ភ្ញៀវទេសចរទាំងអស់នៅក្នុងនាវានេះ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅដោយផ្ទាល់ពីលោកហ៊ុន សែន និងប្រតិភូអមដំណើរជាច្រើនរូបនៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់។ ក្រសួងទេសចរណ៍បន្តថា តាមរយៈសកម្មភាពមនុស្សធម៌ជាប្រវត្តិសាស្ត្រ នេះ បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេសការជឿជាក់មកលើសុខសន្តិភាពពេញលេញរបស់កម្ពុជា ព្រមទាំងទទួលបានការកោតស្ញប់ស្ញែងពីថ្នាក់ដឹកនាំនៃស្ថាប័នកំពូលៗពិភពលោក រួមមាន អង្គការសុខភាពពិភពលោក,អង្គការទេសចរណ៍ពិភពលោក, ស្ថានទូតបរទេសនានាប្រចាំកម្ពុជា និងសាធារណជនទូទៅផងដែរ។
ក្រសួងទេសចរណ៍បញ្ជាក់ថា៖ «ដើម្បីអបអរសាទរខួប៣ឆ្នាំ នៃការចូលចតរបស់នាវាទេសចរណ៍អន្តរជាតិ MS Westerdam ក៏ដូចជាអបអរសាទរ យុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ និងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិជាច្រើនទៀត ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ ផ្នែករដ្ឋ ឯកជន អ្នកសារព័ត៌មាន និងសាធារណជន ចូលរួមផ្សព្វផ្សាយវីដេអូ និងកម្រងរូបភាពនៃព្រឹត្តិការណ៍ទាំងនេះឱ្យបានផុសផុល និងទូលំទូលាយ សំដៅទាក់ទាញទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត»។
សូមបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង ដែលបានបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញទាំងស្រុងជាក់ស្ដែងកាលពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ហើយកម្ពុជាសម្រេចបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាលើកទី ៣ នៅកម្ពុជាក្នុងនាមជាប្រធានប្តូរវេន។
បើតាមក្រសួងទេសចរណ៍ ក្នុងឆ្នាំ ២០២៣ នេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាតិអន្ដរជាតិសំខាន់ៗ រួមមាន៖ បុណ្យទន្លេនៅខេត្តកំពង់ធំ, សប្តាហ៍ម្ហូបអាហាររុស្ស៊ី នៅភ្នំពេញ, ពិធីបុណ្យសមុទ្រនៅខេត្តកែប និងជាម្ចាស់ផ្ទះ វេទិកាទេសចរណ៍មេគង្គនៅខេត្តព្រះសីហនុ, ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅភ្នំពេញ និងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមប្រធានបទ «Every Day is a Wonder» ដោយផ្ដោតលើ MICE and Sports៕