ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ធ្វើយ៉ាងណាអាចសហការជាមួយនឹងគ្រឹះស្ថានអប់រំឯកជនអន្តរជាតិ ដោយជំរុញឱ្យមានការពង្រឹងកម្មវិធីសិក្សាភាសាខ្មែរ សីលធម៌ និងទំនៀមទម្លាប់ ដែលត្រូវបំប៉ន និងបំពេញឱ្យខ្លាំងពីកម្រិតបឋមសិក្សា ដល់ថ្នាក់ទី១២ តែម្តង។
លោកបានលើកឡើងដូចនេះ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរ គ្រូឆ្នើមប្រចាំឆ្នាំ ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ខ្ញុំសូមឱ្យក្រសួងធ្វើការពិចារណា ពីព្រោះឥឡូវសាលាអន្តរជាតិខ្លះ កូនខ្មែរអត់ចេះខ្មែរទេ តែស្រុកខ្មែរ ភាសាខ្មែរគឺជាភាសាផ្លូវការ។ ដូចនេះ ខ្ញុំសុំឱ្យបង [លោក ហង់ជួន ណារ៉ុន] មិនដឹងអាចលូកបានយ៉ាងណាទៅក្នុងសាលាឯកជនបរទេស តែសុំឱ្យគាត់ដាក់តែម្តង។ អ៊ីចឹង! គួរតែជាកាតព្វកិច្ចរបស់សាលា ទោះបីជាសាលាបរទេស សាលាអាមេរិក សាលាអង់គ្លេសក៏ដោយ ត្រូវដាក់កម្មវិធីសិក្សាភាសាខ្មែរសម្រាប់កូនខ្មែរឱ្យរៀនភាសាខ្មែរ»។
ជាមួយគ្នានេះដែរ ក្រៅពីការស្នើឱ្យមានការដាក់កម្មវិធីសិក្សាភាសាខ្មែរបញ្ចូលក្នុងសាលារៀនអន្តរជាតិហើយនោះ លោក ហ៊ុន ម៉ាណែត ក៏ស្នើឱ្យមានការបញ្ចូលទាំងចំណេះទូទៅ និងវប្បធម៌ ប្រពៃណីខ្មែរ ផងដែរ។
លោកបានថ្លែងដូច្នេះថា៖ «ខ្ញុំធ្លាប់តែឃើញកូនខ្មែរកើតនៅអាមេរិកាំង ជេរឪ ស្តីឱ្យឪ ពេលឪបញ្ចេញមតិខុសពីខ្លួន។ ម៉ោងនេះនៅស្រុកខ្មែរមានហើយ កូនខ្មែរដែលបណ្តុះបណ្តាលនៅស្រុកខ្មែរ មានចេញមតិបែបនេះឱ្យឪពុកម្តាយ ដែលនេះ គឺមិនអាចទៅបានទេ។ សិទ្ធិមនុស្សជាសិទ្ធិមែន ប៉ុន្តែត្រូវមានប្រពៃណី វប្បធម៌មួយឱ្យបានច្បាស់»។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា៖ «ការគោរពចាស់ទុំ សីលធម៌ ការគោរពដឹងគុណជាជំនាញទន់របស់មនុស្ស ហើយបើមនុស្សមានតែចំណេះដឹង តែបាត់អត្តសញ្ញាណ បាត់វប្បធម៌ក្នុងខ្លួន បាត់តម្លៃក្នុងខ្លួនជាខ្មែរ។ តើយើងធ្វើអ្វី? សូមកុំឱ្យកូនខ្មែរអត់ចេះភាសាខ្មែរនៅលើទឹកដីខ្មែរ ភ្លេចវប្បធម៌ សីលធម៌ខ្មែរ»។
នាឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា មិនមានអ្វីខុសនោះឡើយដោយគ្រាន់តែឱ្យកូនខ្មែររៀនភាសាខ្មែរ ស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណីខ្មែរ សីលធម៌របស់ខ្មែរខ្លួនឯង។
លោកថ្លែងថា៖ «នៅពេលដែលមនុស្ស បាត់អត្តសញ្ញាណហើយ គឺយ៉ាប់ហើយ បើក្មេងជំនាន់នេះ បាត់អត្តសញ្ញាណ បាត់វប្បធម៌ សីលធម៌ ចាំមើលដល់កូនគាត់ តើគាត់ប្រដៅទូន្មានកូនគាត់របៀបម៉េច? ដូចនេះការអប់រំ ទោះបីជាយ៉ាងណាក៏ដោយ ត្រូវតែរក្សាអត្តសញ្ញាណខ្មែរ ដែលមានការអភិវឌ្ឍ ហើយវប្បធម៌ និងសីលធម៌នៃការគោរពមិនមែនធ្វើឱ្យមនុស្សអត់ស៊ីចង្វាក់នឹងទំនើបកម្មនោះឡើយ»។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោក យង់ ពៅ បានថ្លែង គាំទ្រចំពោះការលើកឡើងនេះ ហើយលោកថា កិច្ចការនេះគួរតែត្រូវបានអនុវត្តយូរមកហើយដែរ ដោយសារការសិក្សាភាសាបានបង្ហាញពីចរិតលក្ខណៈរបស់មនុស្ស។
លោកបានថ្លែងដោយចោទជាសំណួរថា ជាកូនខ្មែរ សិក្សាក្នុងសាលាអន្តរជាតិនៅក្នុងប្រទេសខ្លួនឯង តែបែរជាមិនយល់ភាសាជាតិរបស់ខ្លួនឯង សួរថា តើអនាគតទៅបំពេញការងារនៅឯណា? ធ្វើការងារនៅក្នុងប្រទេសខ្លួនឯង តែបែរជាមិនចេះភាសាខ្មែរ មិនយល់ពីវប្បធម៌ខ្មែរ តើត្រូវដឹកនាំ និងធ្វើការយ៉ាងដូចម្តេចទៅ?។
លោក យង់ ពៅ ថ្លែងថា៖ «អ្នកដែលរៀននៅសាលាល្អៗហ្នឹង ភាគច្រើនជាអ្នកមានធនធាន មានស័ក្តិយសធំ ដែលជំរុញកូនឱ្យរៀន ហើយអាចនឹងឈានទៅធ្វើជាអ្នកដឹកនាំអីថ្ងៃក្រោយ តែផ្ទុយទៅវិញអ្នកដឹកនាំនោះ ថ្ងៃក្រោយបែរជាមិនចេះ មិនយល់ដឹងពីវប្បធម៌ខ្មែរ នេះគឺជារឿងគ្រោះថ្នាក់ហើយ។ អ៊ីចឹង! ចាំបាច់ណាស់ត្រូវលើកទៅជាច្បាប់តែម្តង គឺទោះជាសាលាអន្តរជាតិកម្រិតអីក៏ដោយ កូនខ្មែរត្រូវរៀនភាសាខ្មែរជាភាសាគោល»។
លោកបញ្ជាក់ថា វាមិនទាន់ហួសពេលនោះទេ ក្នុងការរៀបចំកិច្ចការនេះ ឱ្យទៅជាច្បាប់អប់រំតែម្តង គឺតម្រូវចាំបាច់ត្រូវតែរៀនភាសាខ្មែរ៕