ភ្នំពេញៈ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញឱ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់រួមគ្នាក្នុងការគាំទ្រដល់ពលរដ្ឋឱ្យទទួលបានប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព ខណៈសប្តាហ៍គាំពារសង្គមឆ្នាំ ២០២៣ កំណត់យកការពង្រឹងប្រសិទ្ធភាពនិងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជាដើម្បីពិភាក្សា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសប្តាហ៍គាំពារសង្គមឆ្នាំ ២០២៣ រយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។ សប្តាហ៍គាំពារសង្គម គឺជាវេទិកាមួយដែលក្រសួងបង្កើតឡើងដើម្បីឱ្យភាគីពាក់ព័ន្ធបានជួបជជែកគ្នាក្នុងការស្វែងយល់ពីការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម។
ក្រសួងបញ្ជាក់ថា៖ «វេទិកានេះ ដើម្បីស្វែងយល់ពីការកំណត់ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍគោលនយោបាយគាំពារសង្គម ការអភិវឌ្ឍនៃប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា ការអភិវឌ្ឍនៃកម្មវិធីជាតិជំនួយសង្គម និងការពង្រឹងយន្តការគាំពារសង្គម ដើម្បីតម្លាភាព និងគណនេយ្យភាព»។
លោក អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមផងនោះ ថ្លែងក្នុងពិធីបើកសប្តាហ៍គាំពារសង្គមឆ្នាំ ២០២៣ នាថ្ងៃទី ១៣ កុម្ភៈថា មូលបទសប្តាហ៍គាំពារសង្គមក្នុងឆ្នាំនេះ គឺផ្តោតលើការពង្រឹងប្រសិទ្ធភាព និងតម្លាភាពប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីឱ្យភាគីពាក់ព័ន្ធបានរួមគ្នាជជែកពិភាក្សា បន្ទាប់ពីឆ្នាំមុនវេទិកាបានផ្តោតទៅលើមូលបទឆ្ពោះទៅការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមសម្រាប់គ្រប់គ្នា។
លោកបញ្ជាក់ថា៖ «ការជ្រើសរើសមូលបទនេះ បានបង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើដំណើរការគ្រប់គ្រង និងចាត់ចែងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមនីមួយៗ។ គោលការណ៍ពង្រឹងប្រសិទ្ធភាព និងតម្លាភាព ពិតជាមានសារៈសំខាន់ក្នុងការធានាថា ទាំងថវិការដ្ឋ និងថវិកាភាគទាន ដែលបង់ដោយនិយោជក និងកម្មករនិយោជិត ត្រូវបានប្រើប្រាស់ចំគោលដៅ និងមិនខ្ជះខ្ជាយ ស្របពេលការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា បាននិងកំពុងបោះជំហានទៅមុខកាន់តែប្រសើរ»។
ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញ និងលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍បន្តចូលរួមគាំទ្រ និងពង្រឹងការអនុវត្តកិច្ចគាំពារសង្គមនេះ ដើម្បីធ្វើយ៉ាងណារួមគ្នាពិនិត្យ និងកែតម្រូវភាពខ្វះចន្លោះនានា សំដៅឱ្យប្រព័ន្ធនេះ ក្លាយទៅជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព ចីរភាព និងសមធម៌សម្រាប់ពលរដ្ឋ។
លោកបញ្ជាក់ថា៖ «ប្រព័ន្ធគាំពារសង្គម គឺជាចំណែកកសាងសង្គមប្រកបដោយសុខដុម និងជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍប្រទេសឱ្យមានភាពធន់ រឹងមាំ និរន្តរភាព សមធម៌ បរិយាប័ន្ន និងជួយឱ្យសង្គមជាតិឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍សំខាន់ៗ»។
តាមការប្រកាសក្នុងឆ្នាំ ២០២៣ នេះ រដ្ឋាភិបាល គ្រោងចំណាយថវិកាប្រមាណ ៤៦៥ លានដុល្លារ ដើម្បីដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ខណៈក្រុមប្រឹក្សាជាតិគាំពារសង្គម កំពុងរៀបចំធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមសម្រាប់ឆ្នាំ ២០១៦ ដល់ ២០២៥ ឱ្យកាន់តែមានភាពល្អប្រសើរ ដែលផ្តោតលើធាតុផ្សំសំខាន់ៗចំនួន ៥។
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា៖ «ធាតុផ្សំទាំង ៥ មាន ១ ការគិតគូរពង្រីកវិសាលភាពជាតិសម្រាប់ជំនួយសង្គម និងរបបសន្តិសុខសង្គមជាជំហានៗ ដោយផ្អែកលើភាពទ្រទ្រង់បានថវិការដ្ឋ និងថវិកាភាគទាន។ ២ ការធ្វើស្ថាប័ននូបនីយកម្មយន្តការឆ្លើយតបគ្រោះអាសន្ន។ ៣ ការធ្វើឌីជីថលូបនីយកម្មនូវនីតិវិធីអនុវត្តន៍។ ៤ ការពង្រឹងយន្តការតាមដាន និងវាយតម្លៃ និង៥ ការពង្រឹងយន្តការបញ្ជ្រាបចំណេះដឹង ទំនាក់ទំនងសាធារណៈ ទំនាក់ទំនងរវាងស្ថាប័ន និងការផ្សព្វផ្សាយ»។
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ឱ្យដឹងថា កន្លងមក រាជរដ្ឋាភិបាលបានបង្កើតកម្មវិធីគាំពារសង្គមជាច្រើន ដើម្បីជួយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។
កម្មវិធីទាំងនោះគឺរួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលតាមសហគមន៍ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតជាស្ត្រីក្នុង និងក្រៅប្រព័ន្ធនៅពេលសម្រាលកូន កម្មវិធីផ្តល់សាច់ប្រាក់ជូនជនពិការក្រីក្រក្នុងសហគមន៍ និងកម្មវិធីសាច់ប្រាក់ពលកម្ម។
លោកបន្ថែមថា ចំពោះផ្នែកសន្តិសុខសង្គម រាជរដ្ឋាភិបាល ក៏បានបង្កើតផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតនីតិជន ហើយរបបទាំង៣នេះ ក៏មានសម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យឯកជនផងដែរ។
លោកបញ្ជាក់ថា៖ «កម្ពុជាបានបង្កើតមូលនិធិសម្រាប់ពលរដ្ឋដែលមានបណ្ណសមធម៌ និងក្រុមប្រជាពលរដ្ឋគោលដៅមួយចំនួនទៀត។ ក្រៅពីមានកម្មវិធីទាំងនេះ រាជរដ្ឋាភិបាលក៏បានបង្កើតកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេសជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិកូវីដ ១៩ ជាង ៧០ ម៉ឺនគ្រួសារ ឬស្មើ ២,៧ លាននាក់ ហើយគិតមកដល់ពេលនេះ គឺមានរយៈពេល ៣១ ខែ»។
បន្ថែមពីនេះ កម្មវិធីទាំងនេះកាលពីខែធ្នូ ឆ្នាំ ២០២២ រាជរដ្ឋាភិបាល ក៏បានដាក់ចេញអន្តរាគមន៍ជំនួយសង្គមពិសេស ២ បន្ថែមទៀត គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណា និងរងគ្រោះពីទឹកជំនន់ដើម្បីជួយសម្រាលបន្ទុកនានារបស់ពលរដ្ឋនៅទូទាំងប្រទេសផងដែរ។ នេះបើតាមលោកចន ណារិទ្ធ៕