ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា បានថ្លែងឱ្យដឹងកាលពីថ្ងៃទី ១៤ ខែកុម្ភៈថា ប្រទេសអាល្លឺម៉ង់ នឹងបន្តគាំទ្រលើការងារបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា ស្រមតាមទស្សនវិស័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យអស់មីនត្រឹមឆ្នាំ ២០២៥។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងដូចនេះ ក្នុងពេលចូលរួមអមដំណើរ លោកហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ និងភរិយាទស្សនាតំបន់ប្រតិបត្តិការបោសសម្អាតមីន នៅភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប របស់អង្គការហេឡូត្រាស់។
នាឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ បានស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដល់ប្រធានាធបតី និងលោកស្រី ដែលបានចំណាយពេលមកទស្សនកិច្ចចម្ការមីន ប្រកបដោយអត្ថន័យយ៉ាងធំធេង ដែលឆ្នាំ២០២៣នេះ ប្រទេសអាល្លឺម៉ង់ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។
លោក លី ធុជ ថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ ដល់អង្គការ Halo Trust ។ ចាប់តាំងពីឆ្នាំ២០១៦ ប្រទេសអាល្លឺម៉ង់ បានផ្តល់ថវិកាចំនួនជាង ១៧ លានអឺរ៉ូ បានយកបោសសម្អាតមីនក្នុងទំហំផ្ទៃដីបានជាង ២៣ គីឡូម៉ែត្រក្រឡា ស្មើនឹង ៥៧៨ ចម្ការមីន និងមានទទួលផលជាង ១៣ ម៉ឺននាក់»។
ជាមួយគ្នានេះ ប្រទេសអាល្លឺម៉ង់ក៏ធ្លាប់បានផ្តល់ការគាំទ្រការងារបោសសម្អាតមីនដល់អង្គភាពស៊ីម៉ាក់ ចាប់តាំងពីឆ្នាំ១៩៩៩ នូវថវិកាជាង ១៩លានដុល្លារអាមេរិក ដោយបានរំដោះផ្ទៃដីមានមីនប្រមាណជា ៣០ គីឡូម៉ែត្រក្រឡា។ លោក លី ធុជ បញ្ជាក់បន្ថែម។
ថ្លែងប្រាប់អ្នកសារព័ត៌មាននាពេលនោះ លោក លី ធុជ បានបញ្ជាក់ថា ៖ «ក្នុងឱកាសនោះសម្តេចតេជោនាយករដ្ឋមន្ត្រីខ្ញុំ បានស្នើសុំឱ្យប្រទេសអាល្លឺម៉ង់ បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជាឱ្យអស់ត្រឹមឆ្នាំ២០២៥។ លោកប្រធានាធិបតីអាល្លឺម៉ង ក៏បានមានប្រសាសន៍ថា នឹងបន្តគាំទ្រការងារបោសសម្អាតមីន ស្របតាមទស្សនវិស័យរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី កម្ពុជាគ្មានមីនឆ្នាំ២០២៥»។
លោកបានបន្តថា ទស្សនកិច្ចរបស់លោកប្រធានាធិបតីអាល្លឺម៉ង់នៅកម្ពុជានាពេលនេះគឺពិតជាមានសារៈសំខាន់ ដែលអាចចាត់ទុកថាជាប្រវត្តិសាស្ត្រដែលគាត់បានមកដល់ផ្ទាល់នៅចម្ការមីននៅខេត្តសៀមរាបនេះ ដែលប្រទេសអាល្លឺម៉ង់បានជួយជាច្រើនក្នុងវិស័យមីននេះនៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ថ្លែងថា៖ «ទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ ក្នុងការលើកទឹកចិត្ត និងផ្តល់នូវព័ត៌មានបន្ថែម ដើម្បីប្រទេសអាល្លឺម៉ង់ចូលរួមគាំទ្របន្តលើការងារបោសសម្អាត គាំទ្រទស្សនវិស័យរបស់សម្តេចតេជោយើងដែលលោកចង់ឃើញប្រទេសកម្ពុជាអស់មីននៅឆ្នាំ២០២៥នេះ»។
អង្គការហេឡូត្រាស្ត (HALO Trust Cambodia)នៅកម្ពុជា បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈថា អង្គការមានកិត្តិយសដ៏ឧដុង្គឧត្តម ដែលបានទទួលស្វាគមន៍ លោកFrank-Walter Steinmeier ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ និងលោកស្រីទី១ Elke Büdenbender។
ការចុះទស្សនកិច្ចនេះ បានអញ្ជើញអមដំណើរដោយសមាជិករដ្ឋសភារបស់សហព័ន្ធអាល្លឺម៉ង់ លោក លី ធុជ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅចម្ការមីន១កន្លែងរបស់អង្គការហេឡូត្រាស្ត នៅក្នុងខេត្តសៀមរាប។
អង្គការហេឡូត្រាស្តបានបញ្ជាក់ថា៖ «យើងខ្ញុំ បានបង្ហាញគណៈប្រតិភូអំពីការងារបោសសម្អាតមីនដោយផ្ទាល់នៅក្នុងចម្ការមីន ព្រមទាំងណែនាំខ្លួនបុគ្គលិករបស់អង្គការហេឡូត្រាស្តមួយចំនួន មុននឹងធ្វើការបង្ហាញអំពីការកម្ទេចមីន»។
ប្រភពដដែលបានបន្តថា រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ថវិកាជំនួយដល់ប្រតិបត្តិការបោសសម្អាតមីនរបស់អង្គការហេឡូត្រាស្ត ចាប់ពីឆ្នាំ២០១៦ ហើយអង្គការនេះពិតជាមានសេចក្តីដឹងគុណយ៉ាងធំធេងបំផុត ចំពោះការបន្តគាំទ្រដល់ការងារជួយសង្គ្រោះអាយុជីវិតរបស់អង្គការហេឡូត្រាស្ត។
សូមបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២៣ នេះ កម្ពុជានឹងមានខេត្តចំនួន១៨ ខេត្តដែលត្រូវប្រកាសជាខេត្តអស់មីន ហើយសម្រាប់គោលដៅទៅពេលខាងមុខទៀត គឺនៅសល់ជាង ២៣៧គីឡូម៉ែត្រក្រឡា សម្រាប់ធ្វើការបោសសម្អាតមីនឆ្នាំ២០២៤ និង២០២៥ ដែលកម្ពុជា ត្រូវការថវិកា ប្រមាណជា ៧០ លានដុល្លារអាមេរិក ដើម្បីបញ្ចប់គ្រាប់មីនឱ្យអស់នៅឆ្នាំ២០២៥៕