ភ្នំពេញៈ កសិករខ្នាតតូចនៅតាមបណ្ដាខេត្តមួយចំនួន កំពុងនាំគ្នាធ្វើយុទ្ធនាការសប្តាហ៍គាំពារសង្គម ដើម្បីឲ្យរាជរដ្ឋាភិបាលដាក់បញ្ចូលកសិករខ្នាតតូចទៅក្នុងច្បាប់ និងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ស្របពេលដែលរាជរដ្ឋាភិបាល និងអង្គការដៃគូនានា កំពុងមានកិច្ចពិភាក្សាក្នុងកម្មវិធីសប្ដាហ៍គាំពារសង្គមនេះ។
តាមមន្ត្រីជាន់ខ្ពស់ផ្នែកសម្របសម្រួលសហគមន៍ នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ញ៉ិល ភាព បានឲ្យដឹងថា យុទ្ធនាការសប្ដាហ៍គាំពារសង្គមរបស់កសិករខ្នាតតូចនេះ បានធ្វើឡើតាំងពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ។
លោកបានលើកឡើងថា យុទ្ធនាការនេះនៅតាមបណ្ដាសហគមន៍ដែលសមាគមប្រតិបត្តិការ ក្នុង១៤ខេត្ត/ក្រុង រួមមាន ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តព្រះវិហារ និងខេត្តសៀមរាបជាដើម ហើយការធ្វើយុទ្ធនាការសប្តាហ៍គាំពារសង្គមនេះក្នុងគោលបំណង ទាមទារឱ្យរាជរដ្ឋាភិបាល ក៏ដូចជាបេឡាជាតិរបបសន្ថិសុខសង្គម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផងដែរ ត្រូវតែដាក់បញ្ជូលកសិករខ្នាតតូចឱ្យទទួលបានសេវាកិច្ចគាំពារសង្គម។
យុទ្ធនាការនេះក៏មានការស្នើឱ្យរាជរដ្ឋាភិបាល ផ្ដល់គាំទ្រដល់កសិករ និងលើកកម្ពស់កសិករខ្នាតតូចក្នុងវិស័យកសិ-ស្បៀងអាហារឱ្យទទួលបានកិច្ចគាំពារសង្គមប្រកបដោយបរិយាប័ន្នដែលឆ្លើយតបទៅនឹងតម្រូវការរបស់កសិករខ្នាតតូច។ ជាពិសេសទាមទារឱ្យរាជរដ្ឋាភិបាល ដាក់បញ្ចូលកសិករទៅក្នុងច្បាប់ និងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឱ្យពួកគាត់ទទួលបានកម្មវិធីជំនួយសង្គម និងកម្មវីធីរបបសន្តិសុខសង្គម។
លោក ញ៉ិល ភាព បានថ្លែថា៖ «តាមរយៈយុទ្ធនាការនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា បញ្ហាធំបំផុត គឺកសិករត្រូវបានគេទុកចោលចេញពីការទទួលបាននូវសេវាកិច្ចគាំពារសង្គមហ្នឹង ហើយគេមិនផ្ដល់ការគាំទ្រឱ្យពួកគាត់ ទទួលបានសេវាទាំងអស់ហ្នឹង។ អ៊ីចឹងយើងដឹងហើយថា កសិករគាត់មានតួនាទីសំខាន់ក្នុងការផលិតស្បៀង និងសម្រាប់ផ្គត់ផ្គង់ទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស ទាំងក្នុងទីក្រុង និងទីប្រជុំជន ព្រមទាំងការផលិតស្បៀងរបស់ពួកគាត់ ត្រូវបាននាំចេញទៅក្រៅប្រទេសទៀត»។
លោកបន្តថា បញ្ហាសំខាន់បំផុតរបស់កសិករ គឺជាអ្នកដែលប្រកបមុខរបររកស៊ីនៅក្រៅប្រព័ន្ធ បានន័យថា អ្នកដែលរកប្រាក់ចំណូលមិនទទួលបានជាទៀងទាត់ មិនដូចជាអ្នកដែលនៅក្នុងប្រព័ន្ធ ដូចជា មន្ត្រីរាជការ ឫក៏ក្រុមហ៊ុន ឬក៏កម្មករនិយោជិតនោះទេ ដែលពួកគាត់ស្ថិតនៅក្នុងប្រព័ន្ធ គឺមានប្រាក់បៀវត្សរ៍ត្រឹមត្រូវរបស់ពួកគាត់ ប៉ុន្តែបើងាកមកកសិករវិញ គឺគ្មានប្រាក់ចំណូលទៀងទាត់ឡើយ ដោយថ្ងៃខ្លះរកបាន ចំណែកថ្ងៃខ្លះទៀតរកមិនបាន។
លោកលើកឡើងថា៖ «ដូច្នេះហើយរាជរដ្ឋាភិបាល គួរតែដាក់បញ្ចូលកសិករខ្នាតតូចហ្នឹង ឲ្យទៅជាអ្នករកស៊ីនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយទទួលបានសេវាកិច្ចគាំពារសង្គមពីរដ្ឋ»។
លើសពីនេះទៀត លោកញ៉ិល ភាព បន្តថា កសិករខ្នាតតូច ពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីសេវាកិច្ចគាំពារសង្គមនេះ នៅពេលដែលប្រទេសជាតិ កំពុងតែជួបនូវជំងឺឆ្លងដ៏កាចសាហាវ និងនៅពេលដែលប្រទេសជាតិជួបនឹងវិបត្តិគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និងរួមទាំងទឹកជំនន់ជាដើម។
លោកបន្ថែមថា កសិករ ក៏ជាអ្នកដើរតួនាទីបង់ពន្ធដែរ ហេតុដូច្នេះ ពួកគាត់សមនឹងទទួលបាននូវរបបសន្តិសុខសង្គមពីរាជដ្ឋាភិបាល ដែលមានប្រាក់សោធននិវត្តន៍ ពេលដែលពួកគាត់ចូលវ័យចាស់ ដែលមានការពារពីហានិភ័យការងារ និងរួមទាំងការផ្ដល់នូវទីផ្សារលក់ផលិតផលរបស់ពួកគាត់ផងដែរ។
ជាមួយគ្នានេះ អ្នកស្រី ខៀវ សារ៉ុន តំណាងសហគមន៍សាមគ្គីរមាសហែក បានប្រាប់ថា ក្រោយពីធ្វើយុទ្ធនាការសប្ដាហ៍គាំពារសង្គមនេះ ក្រុមសមាគមសង្ឃឹមថា រាជរដ្ឋាភិបាល នឹងមានការពិចារណាដាក់ក្រុមកសិករខ្នាតតូចទៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ដើម្បីអាចកាត់បន្ថយហានិភ័យផ្សេងៗមកកាន់កសិករក្រីក្រ។
អ្នកស្រី ខៀវ សារ៉ុន បានប្រាប់ថា៖ «យើងធ្វើនេះចង់ទាមទារឲ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីផង និងមានការគាំទ្រផលិតផលរបស់ខ្មែរ ដែលកសិករផលិតបានដោយខ្លួនឯងផង។ ជាពិសេសក៏ឲ្យចង់រាជរដ្ឋាភិបាល ផ្ដល់កិច្ចគាំពារមកលើកសិករដែរ»។
សូមបញ្ជាក់ផងដែរថា ទាក់ទងយុទ្ធនាការសប្ដាហ៍គាំពារសង្គមនេះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏មានការរៀបចំកម្មវិធីសប្តាហ៍គាំពារសង្គមប្រចាំឆ្នាំដើម្បីពង្រឹងប្រសិទ្ធភាពនិងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ក្រោមប្រធានបទ «ពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា»ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងអំពីការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ខណៈសង្គមស៊ីវិលចង់ឱ្យរាជរដ្ឋាភិបាលជំរុញបានឆាប់ក្នុងការអនុវត្តប្រព័ន្ធសន្តិសុខសង្គម ដល់អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានប្រាប់ឱ្យដឹងកាលពីសប្តាហ៍មុនថា សប្តាហ៍គាំពារសង្គម ជាវេទិកាថ្នាក់ជាតិមួយដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់ រវាងគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីទទួលបានធាតុចូលបន្ថែមសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រួមទាំងលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធគាំពារសង្គមនៅកម្ពុជាដល់សាធារណជន៕