សៀមរាបៈ ក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិ បង្ហាញការប្តេជ្ញាចិត្តរួមគ្នា ដើម្បីលើកកម្ពស់ភាពអង់អាច និងពង្រឹងអំណាចរបស់ក្មេងស្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តលើរូបរាងកាយខ្លួនឯង និងការចូលរួមអភិវឌ្ឍនានា ដោយរំពឹងថា នៅឆ្នាំ ២០២៦ ខាងមុខ ក្មេងស្រីក្នុងប្រទេសប្រមាណ ២,៥ លាននាក់ នឹងទទួលផលពីគម្រោងនេះ។
ការបង្ហាញនេះ បានធ្វើឡើងនៅថ្ងៃទី ១៤ កុម្ភៈ ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងពាក់កណ្តាលឆ្នាំនៃកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី របស់អង្គការភ្លែនអន្តរជាតិ នាខេត្តសៀមរាប ខណៈសិក្ខាសាលានេះ គឺជាវេទិកាសម្រាប់អង្គការនិងស្ថាប័នដៃគូ ផ្លាស់ប្តូរពីវឌ្ឍនភាព ការប្រឈម និងបទពិសោធន៍នៃការអនុវត្តគម្រោងក្នុងពេលកន្លងមក។
គម្រោងភាពដឹកនាំរបស់ក្មេងស្រី គឺជាកម្មវិធីមួយ ដែលផ្តោតសំខាន់ទៅលើក្មេងស្រីវ័យជំទង់អាយុចន្លោះពី១២ ដល់១៧ ឆ្នាំ និងស្ត្រីវ័យក្មេង ដែលមានអាយុចន្លោះពី ១៨ ដល់ ២៥ ឆ្នាំ ស្ថិតនៅតំបន់ជនបទ និងទីប្រជុំជន ដោយត្រូវបានប្រកាសឱ្យដំណើរតាំងពីឆ្នាំ ២០២១ និងគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៦ ខាងមុខ។
លោក យី គីមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ កុម្ភៈថា សិក្ខាសាលាឆ្លុះបញ្ចាំងពាក់កណ្តាលឆ្នាំ ដែលអង្គការភ្លែន រួមជាមួយក្រសួងកិច្ចការនារី និងអ្នកពាក់ព័ន្ធបានធ្វើឡើងនៅពេលនេះ គឺមានគោលបំណងដើម្បីធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពគម្រោង ការអនុវត្តសកម្មភាពគម្រោង និងបញ្ហាប្រឈមសំខាន់ៗ រួមទាំងផ្តល់វេទិកាសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងការប្រមូលធាតុចូលសម្រាប់ការរៀបចំគម្រោង និងដោះស្រាយឧបសគ្គសម្រាប់កែលម្អគុណភាពនៃគម្រោង។
ដូច្នេះ លោករំពឹងថា សិក្ខាសាលានេះ នឹងអាចផ្តល់ធាតុចូលក្នុងការពង្រឹងការអនុវត្ត និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងគម្រោង ដើម្បីចូលរួមផ្តល់ផលដល់ក្មេងស្រីនៅក្នុងប្រទេសប្រមាណ២,៥លាននាក់ នៅឆ្នាំ២០២៦ ខាងមុខ។
លោកបញ្ជាក់ថា៖ «ការលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ជាពិសេសក្មេងវ័យជំទង់ និងស្ត្រីវ័យក្មេងនៅកម្ពុជា និងលើកស្ទួយសំឡេងនៃពិពិធភាព (ភាពចម្រុះផ្សេងគ្នា) របស់ពួកគេ ហើយគាំទ្រពួកគេក្នុងការទទួលបាន ចំណេះដឹង ជំនាញ និងទំនុកចិត្ត ដែលពួកគេត្រូវការដើម្បីបំពេញបានសិទ្ធិ និងការសម្រេចបានសក្តានុពលពេញលេញរបស់ខ្លួន។ គោលដៅរួមរបស់យើង គឺលើកកម្ពស់ភាពអង់អាច និងពង្រឹងអំណាចរបស់ក្មេងស្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តលើរូបរាងកាយខ្លួនឯង និងការចូលរួមអភិវឌ្ឍនានា»។
ជាមួយនឹងការរំពឹងនេះ លោក យី គឹមថាន អំពាវនាវ និងបង្ហាញការប្តេជ្ញាចិត្តថា អង្គការ នឹងចូលរួមចំណែកក្នុងការបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ភាពអង់អាច និងភាពជាអ្នកដឹកនាំ ភាពជាពលរដ្ឋសកម្ម និងការចូលរួមរបស់ពលរដ្ឋក្នុងនាមបុគ្គល ឬក្រុម ដើម្បីកសាង និងប្រើប្រាស់ភ្នាក់ងារ បណ្តាញ និងធនធានរបស់ពួកគេក្នុងការផ្លាស់ប្តូរវិសមភាពនៃទំនាក់ទំនងអំណាច។
លោកបានបញ្ជាក់ថា៖ «គាំទ្រយុវជន គឺជាចំណុចដ៏សំខាន់ដើម្បីធានាថា កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ គឺអាចពង្រឹងសមត្ថភាព និងការអភិវឌ្ឍសហគមន៍ ការសម្រេចបានគោលបំណង និងសមត្ថភាពក្នុងការរៀបចំជីវិតផ្ទាល់ខ្លួន និងតថភាពសង្គម។ ការគាំទ្រយុវជន គឺជាចំណុចសំខាន់ដើម្បីធានាថា កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ អាចពង្រឺងសមត្ថភាព និងអភិវឌ្ឍសហគមន៍»។
លោកស្រី ស ស៊ីណែត អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី បានថ្លែងថា ក្រសួងបានអនុវត្តកម្មវិធីក្មេងស្រីជាអ្នកដឹកនាំជាមួយដៃគូនានា នៅក្នុងឃុំក្នុងខេត្តគោលដៅទាំង៣ គឺខេត្តសៀមរាប ស្ទឹងត្រែង និងរតនគិរី។ ក្រៅពីកម្មវិធីនេះ ក៏មានយុទ្ធនាការក្មេងស្រីមានឱកាសស្មើគ្នា និងការកាត់បន្ថយការរៀបអាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះនៅវ័យក្មេងរបស់ស្ត្រីជនជាតិដើមភាគតិចនៅខេត្តរតនគិរីផងដែរ ដើម្បីទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ។
លោកស្រីបញ្ជាក់ថា ចំណុចអាទិភាពបន្ទាប់ កិច្ចប្រជុំប្រចាំត្រីមាសឆ្លុះបញ្ចាំងអំពីការអនុវត្តសកម្មភាព និងដោះស្រាយបញ្ហាប្រឈមរបស់ក្រុមការងារ និងពិភាក្សាលើផែនការបន្ត ទៅលើការអនុវត្តការងារដោយមានការគាំទ្រពីទីប្រឹក្សា និងចូលរួមអនុវត្តការងារចាំបាច់រវាងក្រុមការងារក្រសួងកិច្ចការនារី និងក្រុមការងារអង្គការភ្លែនអន្តរជាតិ។
លោកស្រីបានបញ្ជាក់ថា៖ «ក្រុមការងារក្រសួងកិច្ចការនារី ព្យាយាមនឹងអនុវត្តការងារដែលគាំទ្រដោយអង្គការភ្លែនជា អាទិភាពបំផុត ក្នុងចំណោមការងារអង្គការដៃគូ។ បង្កើនឱកាស និងរៀបចំកម្មវិធីពង្រឹងសមត្ថភាពដល់ស្ត្រី និងក្មេងស្រី រួមទាំងយុវជនទាំង២ភេទឱ្យបានច្រើន ជាពិសេសក្រុមគោលដៅសិស្សសាលា។ បង្កើនកម្មវិធីផ្សព្វផ្សាយ ឬកម្មវិធីនានា ដល់សិស្សានុសិស្សឱ្យបានច្រើន»៕