កណ្តាលៈ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំនិងដាក់ឱ្យដំណើរការក្រុងអរិយក្សត្រ និងក្រុងសំពៅពូននាពេលឆាប់ៗនេះ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបង្កើតក្រុងថ្មីទាំង ២ នេះ កាលពីពេលកន្លងទៅ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ គណ:កម្មការ និងភាគីពាក់ព័ន្ធក្នុងខេត្តកណ្តាល បានប្រជុំពិនិត្យពិភាក្សាការងាររួមគ្នា ដើម្បីសិក្សា និងសហការរៀបចំគម្រោងផែនការ និងថវិកាសម្រាប់ការសាងសង់សំណង់អគាររដ្ឋបាលនិងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយផលប៉ះពាល់ដែលកើតឡើងពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងទាំង២នេះ។
លោកបន្តថា៖«យើងបានរៀបចំផែនការ ដូចជា បញ្ជិកា បញ្ជីឯកសារ បញ្ជីមន្ត្រី បុគ្គលិក បញ្ជីកិច្ចសន្យា បញ្ញើថវិកា និងសាច់ប្រាក់ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិផ្សេងៗដែលត្រូវផ្ទេរសិទ្ធិ និងការទទួលខុសត្រូវពីរដ្ឋបាលស្រុកបច្ចុប្បន្នទៅឱ្យរដ្ឋបាលក្រុង ដែលបង្កើតថ្មី»។
លោក គង់ សោភ័ណ្ឌ បន្តថា ៖ «ការធ្វើនេះ ដើម្បីធានាឱ្យរដ្ឋបាលក្រុង ដែលបង្កើតថ្មី អាចដំណើរការការងាររបស់ខ្លួន ស្របតាមច្បាប់រៀបចំអង្គការ និងលិខិតបទដ្ឋានគតិយុត្តកំណត់ ព្រមទាំងសហការសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗ ដើម្បីធានាដល់ការចាប់ផ្ដើមដំណើរការនៃរដ្ឋបាលក្រុង ដែលបង្កើតថ្មីឱ្យមានភាព រលូន និងទទួលបានជោគជ័យ និងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាំបាច់ នឹងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ»។
ពាក់ព័ន្ធការរៀបចំផែនការ ដើម្បីឈានទៅដំណើរការក្រុងថ្មីទាំង២នេះដែរ ប្រជាពលរដ្ឋរស់នៅតំបន់ក្រុង សំពៅពូន ស្ថិតក្នុងខេត្តកណ្តាល អ្នកស្រី ណុង ពៅ បានបង្ហាញអារម្មណ៍រីករាយនៅពេល រដ្ឋាភិបាលសម្រេចបង្កើតក្រុងថ្មីបន្ថែមទៀត ពិសេសក្រុងអរិយក្សត្រ។
ជាមួយគ្នានេះ អ្នកស្រី ក៏បានស្នើឱ្យរដ្ឋបាលខេត្តកណ្តាល គួរផ្តោតការកសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ក្រុងថ្មីបន្ថែមទៀត ព្រោះតំបន់នោះ នៅមិនទាន់មានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងសេវាសាធារណៈបានល្អនៅឡើយ។
ទន្ទឹមគ្នានេះ អគ្គនាយកក្រុមហ៊ុន Century 21 Mekong លោកច្រឹក សុខនីម បានបង្ហាញការគាំទ្រ ចំពោះដំណើរការរៀបចំផែនការអភិវឌ្ឍតំបន់ក្រុងថ្មីទាំង២នេះ។
អ្នកជំនាញសេដ្ឋកិច្ច និងអលនទ្រព្យរូបនេះ បន្ថែមថា ក្នុងពេលដែលទីក្រុងថ្មីនេះ ចាប់ផ្តើមកសាង តម្រូវការដីនឹងមានការកើនឡើង ដែលធ្វើឱ្យតម្លៃអចលន ទ្រព្យកើនឡើង។ ប៉ុន្តែយ៉ាងណា ការរៀបចំក្រុងថ្មីនេះ ទាមទារនូវការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានកាន់តែប្រសើរជាងមុនផងដែរ ដើម្បីជំរុញឱ្យតំបន់ក្រុងថ្មីទាំងនោះ កាន់តែរីកចម្រើនថែមទៀត។
គួរបញ្ជាក់ដែរថា កាលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុងសំពៅពូន នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៥ ពីស្រុកកោះធំ ខណៈក្រុងអរិយក្សត្រ ត្រូវកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន ៥ពីស្រុកល្វាឯមផងដែរ។ ជារួម ខេត្តកណ្តាល នឹងមានក្រុងចំនួន៣ គឺក្រុងតាខ្មៅ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន។
តាមរយៈសកម្មភាពនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានលើកឡើងថា ការសម្រេចបង្កើតក្រុងថ្មី នឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ។
ដើម្បីរៀបចំក្រុងថ្មីនេះឱ្យមានដំណើការជោគជ័យ លោកនាយករដ្ឋមន្រ្តី ក៏បានសម្រេចបង្កើត និងកំណត់ចំនួនគណៈអភិបាលក្រុង ដែលបង្កើតថ្មីនៃខេត្តកណ្តាល គឺក្នុងនោះ សម្រាប់ក្រុងអរិយក្សត្រ គឺមានគណៈអភិបាលចំនួន ៧នាក់ និងក្រុងសំពៅពូន មានគណៈអភិបាល៧នាក់៕