ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋជូនដល់បុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលមានបំណងចូលបម្រើកិច្ច ការរដ្ឋ ដោយសារវិទ្យុនេះត្រូវបានបិទនិងមិនមានឱកាសបើកឡើងវិញ និងដោយលោកគិតទៅដល់ជីវភាពរបស់បុគ្គលិកដែលបាត់បង់ការងារ។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកនាថ្ងៃទី ១៤ ខែកុម្ភៈថា៖ «ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើ ដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋ សម្រាប់បងប្អូនដែលមានបំណងចូលបម្រើកិច្ចការរដ្ឋ។ សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈ ដើម្បីដាក់ពាក្យសុំធ្វើការ»។
លោកនាយករដ្ឋមន្ត្រីបានណែនាំដល់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា ត្រូវទទួលយកពាក្យសុំ និងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញ និងត្រូវសុំការសម្រេចចុងក្រោយពីលោក។
លោកបន្ថែមថា៖ «សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើង ហើយយើងសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេស គ្មានសិទ្ធិមកបង្គាប់បញ្ជាឱ្យយើងធ្វើនេះឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង»។
លោក ហ៊ុន សែន បន្ថែមថា៖ «ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយ វាមិនធ្វើឱ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ តែផ្ទុយទៅវិញ វានឹងជួយដល់ការអនុវត្តច្បាប់និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង»។
ពាក់ព័ន្ធនឹងការដកហូតអាជ្ញាប័ណ្ណវិទ្យុ VOD បានធ្វើឱ្យស្ថានទូតបរទេសមួយចំនួនបានសម្តែងការព្រួយបារម្ភ។ ប៉ុន្តែក្រសួងការបរទេសលើកឡើងថា ការព្រួយបារម្ភរបស់ស្ថានទូតបរទេសធ្វើឡើងក្រោមហេតុផលនយោបាយ។
ក្រសួងព័ត៌មានកាលពីថ្ងៃទី ១៣ ខែកុម្ភៈ បានសម្រេចលុបអាជ្ញាប័ណ្ណរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលគ្រប់គ្រងវិទ្យុវីអូឌី (VOD)។
ក្រសួងព័ត៌មានលើកឡើងថា ការលុបអាជ្ញាប័ណ្ណនេះដោយសារអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញ្ញត្តិច្បាប់ ស្តីពីរបបសារព័ត៌មាន ក្រោយពីវិទ្យុនេះបានចុះផ្សាយអត្ថបទថា «មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្តល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង» កាលពីថ្ងៃទី ៩ កុម្ភៈ។
កាលពីថ្ងៃទី ១៣ កុម្ភៈ ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ស្ថានទូតមានការរំខានចិត្តជាខ្លាំង ដោយការសម្រេចចិត្តភ្លាមៗ ក្នុងការដកអាជ្ញាប័ណ្ណពីសារព័ត៌មាន VOD ហើយថា សារព័ត៌មានដែលមានភាពសេរី និងឯករាជ្យ ដើរតួនាទីសំខាន់ចាំបាច់ នៅក្នុងលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវមួយ ដោយផ្តល់ឱ្យសាធារណជន និងអ្នកសម្រេចចិត្ត ឱ្យដឹងការពិត ហើយធ្វើឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវ។
ស្ថានទូតអាមេរិកបញ្ជាក់ថា៖ «អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដែលសារព័ត៌មាន VOD បានធ្វើសេចក្តីរាយការណ៍ដោយមិនលម្អៀង ហើយឈរលើការពិតលើបញ្ហាដែលបម្រើប្រយោជន៍ប្រជាជនកម្ពុជា។ យើងសូមអំពាវនាវឱ្យអាជ្ញាធរកម្ពុជាពិនិត្យមើលឡើងវិញនូវការសម្រេច ចិត្តនេះ»។
បន្ថែមពីនេះគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងស្ថានទូតបែលហ្ស៊ិក ឆែក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ និងព័រទុយហ្គាល់ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដកហូតអាជ្ញាប័ណ្ណ របស់វិទ្យុវីអូឌីដែលបន្តដំណើរការជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងប្រទេសកម្ពុជា។
គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានបង្ហោះសារក្នុងហ្វេសប៊ុកនាថ្ងៃទី ១៣ កុម្ភៈថា៖ «ការសម្រេចចិត្តនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាព និងពហុនិយមប្រព័ន្ធផ្សព្វផ្សាយដែលមានសារៈសំខាន់សម្រាប់សង្គមបើកចំហ និងសេរីណាមួយ។ ការទទួលបានព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ គឺជាគោលការណ៍ជាមូលដ្ឋាននៃសង្គមប្រជាធិបតេយ្យនិងជាមូលដ្ឋានគ្រឹះសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ សិទ្ធិទាំងនេះមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ហើយគួរតែត្រូវបានការពារយ៉ាងពេញលេញ»។
ប៉ុន្តែអ្នកនាំពាក្យបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មានការខកចិត្តយ៉ាងខ្លាំង និងសូមច្រានចោលទាំងស្រុងនូវការព្រួយបារម្ភនានាធ្វើឡើងក្រោមហេតុផលនយោបាយ មានការរើសអើង និងមានភាពលម្អៀងរបស់ស្ថានទូតបរទេសមួយចំនួន ចំពោះការដកហូតអាជ្ញាប័ណ្ណពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ១ ដែលទទួលមូលនិធិពីបរទេស»។
អ្នកនាំពាក្យបញ្ជាក់ថា ចំណាត់ការរដ្ឋបាលចំពោះអង្គភាពដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឱ្យបារម្ភនោះ គឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូចដោយចេតនា ដែលធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារ និងគោលការណ៍នៃសិទ្ធិមនុស្ស និងសេរីភាព។
អ្នកនាំពាក្យបានបន្តថា៖ «គួរឱ្យសោកស្ដាយ ការថ្លែងដោយលម្អៀងរបស់ស្ថានតំណាងទាំងនោះ បង្ហាញពីការធ្វើមិនដឹងមិនឮ ចំពោះការពិតមិនអាចប្រកែកបាន គឺមជ្ឈមណ្ឌលផ្សព្វផ្សាយនោះ បានបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបដិសេធមិនកែប្រែកំហុស អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន»។
អ្នកនាំពាក្យលើកឡើងថា ការអះអាងថាជា «សារព័ត៌មានសេរី និងឯករាជ្យ» មិនមែនជាអាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយនិទ្ទណ្ឌភាពឡើយ។ ឯករាជភាពមិនអាចកាត់ផ្តាច់ចេញពីភារកិច្ចទទួលខុសត្រូវលើការងារ និង ការទទួលស្គាល់កំហុស។ ការថ្លែងថា សារព័ត៌មាននេះ ធ្វើ សេចក្ដីរាយការណ៍ដោយផ្អែកលើការពិត គឺជាការអះអាងដោយគ្មានមូលដ្ឋាន និងលម្អៀង»។
នាថ្ងៃទី ១៣ ខែកុម្ភៈ នោះដែរ ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិលចំនួន ៩៣ ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួម សម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការសម្រេចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការលុបចោលអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី ដោយស្ថាប័នទាំង ៩៣ នោះ បានអះអាងថា «វីអូឌីគឺជាសារព័ត៌មានឯករាជ្យចុងក្រោយមួយនៅក្នុងប្រទេសកម្ពុជា»។
យ៉ាងណាក្តីលោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មានបានបង្ហោះសារក្នុងហ្វេសប៊ុកនាថ្ងៃទី ១៤ ខែកុម្ភៈថា៖ «អ្នកសារព័ត៌មានត្រូវស្វែងរកភាពច្បាស់លាស់ឱ្យឃើញមុនសរសេរសាច់រឿងគឺមិនមែនចេញពីភាពច្បាស់លាស់ទៅបង្កើតភាពមន្ទិលទៅវិញទេ។ ដូច្នេះ សូមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលទាំងឡាយ យល់ឱ្យច្បាស់និងសរសេរឬអត្ថាធិប្បាយឱ្យត្រឹមត្រូវតាមសាច់រឿង ហើយកុំបង្កើតភាពមន្ទិលដើម្បីកេងចំណេញនយោបាយ»។
លោក ប៉ែន បូណា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១៤ ខែកុម្ភៈ ថា វាជារឿងមួយគួរឱ្យ «ឆ្ងល់មែនទែន» ចំពោះការលើកឡើងថា វីអូឌីជាស្ថាប័នឯករាជ្យចុងក្រោយមួយ។ ស្ថាប័នសារព័ត៌មាននៅប្រទេសកម្ពុជាមានចម្រុះ ដែលរាប់មិនអស់នោះទេ មានទាំងវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអនឡាញ។
លោកថ្លែងថា៖ «ហេតុអីបានជាត្រូវនិយាយថា មានសារព័ត៌មានតែមួយហ្នឹងជាតួអង្គឯករាជ្យ។ បងប្អូនអ្នកស្តាប់ប្រហែលជាយល់ តើសព្វថ្ងៃហ្នឹងសារព័ត៌មានអីខ្លះ ដែលកំពុងផ្សាយនូវជាភាសាខ្មែរដែលប្រជាពលរដ្ឋបានស្តាប់ហ្នឹង។ ដូច្នេះជាការលើកឡើងមួយ ដែលមិនឆ្លុះបញ្ចាំងពីការពិតនៅប្រទេសកម្ពុជាទាល់តែសោះ។ ការលើកឡើងនេះសុទ្ធតែមានរបៀបវារៈ គំនិតមួយដែលមិនសុចរិត។ ខ្ញុំគិតថា ជាការគួរឱ្យសោកស្តាយដែលសង្គមស៊ីវិលយើងបានលើកបញ្ហានេះ»។
របាយការណ៍ក្រសួងព័ត៌មានបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ គេហទំព័រ និង TV Online ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានមានចំនួន ៨៧៨ អង្គភាព កាសែត ៤៤៦ អង្គភាព (២៥ អង្គភាពមានចាងហ្វាងជាជនបរទស) សមាគមសារព័ត៌មាន ៥១ អង្គភាព (១ អង្គភាពមានសហប្រធានជាជនបរទេស) ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យចំនួន ២៦ អង្គភាពស្ថានីយវិទ្យុ FM ៨៣ ស្ថានីយនៅភ្នំពេញ និងនៅតាមខេត្តចំនួន ១៣៧ ស្ថានីយ និងវិទ្យុ AM ចំនួន ១ ស្ថានីយនៅភ្នំពេញ។
របាយការណ៍ឱ្យដឹងថា ទូរទស្សន៍អាណាឡូក ១៩ ស្ថានីយ ទូរទស្សន៍ឌីជីថល ៨ ស្ថានីយ ទូរទស្សន៍ខ្សែកាបនៅភ្នំពេញ ២ ស្ថានីយ និងនៅតាមខេត្ត ២១០ ស្ថានីយប្រព័ន្ធ OTT ៧ ស្ថានីយ និងទូរទស្សន៍ Satellite (Decho DTV, SkyOne DTV) ២ ស្ថានីយ៕
វីដេអូ៖