ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន បានផ្តល់ម៉ាស៊ីនរាវមីនប្រភេទ ALIS ចំនួន ១២ គ្រឿង ដែលគិតជាថវិកាចំនួនជិត ៥០ ម៉ឺនដុល្លារអាមេរិក មកដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលម៉ាស៊ីនរាវមីននេះជាបច្ចេកទេសថ្មី ទំនើបដំបូងគេដែលផលិតនៅប្រទេសជប៉ុន ដើម្បីប្រតិបត្តិការរាវរកមីន ក្នុងការឈានទៅសម្រេចឱ្យបានតាមផែនការរបស់រដ្ឋាភិបាល«កម្ពុជាគ្មានមីន ឆ្នាំ ២០២៥»។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានលើកឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈ ថា ម៉ាស៊ីនរាវមីនប្រភេទ ALIS នេះ ត្រូវបានអ្នកជំនាញជប៉ុនសិក្សាស្រាវជ្រាវជាមួយអ្នកជំនាញអង្គភាពស៊ីម៉ាក់អស់រយៈពេលជាង ១៨ ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ២០០៦ មក។ ម៉ាស៊ីនរាវមីននេះ ក៏មានសមត្ថភាពអាចស្កេនពិនិត្យវត្ថុលោហធាតុកប់ក្នុងដី និងធ្វើការវិភាគរូបភាព និងផ្តល់សញ្ញារលកសំឡេង ដែលជាចំណុចពិសេសក្នុងការកំណត់អត្តសញ្ញាណវត្ថុកប់ក្នុងដី ដូចជា គ្រាប់មីន គ្រាប់មិនទាន់ផ្ទុះឬក៏ជាអំបែងដែកជាដើម។
លោក ហេង រតនា បានថ្លែងថា៖ «ម៉ាស៊ីនរាវមីនប្រភេទ ALIS ត្រូវបានរចនានិងផ្គុំឡើង ដោយសហការរវាងក្រុមហ៊ុន អ៊ីតាលីនិងជប៉ុនសំដៅសម្រេចឱ្យបានគោលដៅបង្កើនសុវត្ថិភាពសម្រាប់អ្នកបច្ចេកទេសបោសសម្អាតមីន និងបង្កើនប្រសិទ្ធភាពប្រតិបតិ្តការ»។
ប្រធានក្រុមប្រតិបត្តិការរាវរកមីននៃអង្គការដោះមីនកម្ពុជា (CSHD) លោក ឈុន បូរ៉ា បានឱ្យដឹងថាក្នុងការរាវរកគ្រាប់មីនគឺមានការប្រើសុនខ ប្រើម៉ាស៊ីន ប្រើកណ្តុរ និងរាវដោយបច្ចេកទេសផ្សេងៗ។ ប៉ុន្តែបើមានសម្ភារឬម៉ាស៊ីនទំនើប នោះនឹងជំរុញឱ្យប្រតិបត្តិការរាវរកមីនបានលឿន និងឆាប់រហ័ស។
លោកបន្តថា បច្ចុប្បន្នក្រុមប្រតិបត្តិកររបស់លោក ប្រើប្រាស់សម្ភារបច្ចេកវិទ្យារាវរកមីនចុងក្រោយរបស់ប្រទេសអាល្លឹម៉ង់ ក្នុងការរាវរកមីន។ តែយ៉ាងណា បើអង្គភាពស៊ីម៉ាក់មានម៉ាស៊ីនរាវរកមីនប្រភេទ ALIS ទំនើបដំបូងគេផលិតនៅប្រទេសជប៉ុននេះ នឹងជួយបង្កើនល្បឿននៃប្រតិបត្តិការរកមីនឱ្យមានប្រសិទ្ធភាព។
លោក ឈុន បូរ៉ា បានថ្លែងថា៖ «ខ្ញុំគាំទ្រឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាទំនើប សម្រាប់រាវរកមីននៅកម្ពុជា ដើម្បីឱ្យសម្រេចទៅតាមផែនការរបស់រាជរដ្ឋាភិបាល ដែលដាក់ទិសដៅឆ្នាំ ២០២៥ ធ្វើឱ្យកម្ពុជាអស់មីន ព្រោះការប្រើប្រាស់បច្ចេកវិទ្យា អាចជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ប្រតិបត្តិករ ជាពិសេសប្រសិទ្ធភាពនៃការរាវរកមីនឆាប់បានឃើញ និងទាន់ពេលវេលា»៕