ភ្នំពេញៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នឹងដាក់ឱ្យអនុវត្តសាកល្បង គម្រោង SPIN នៃ ប.ស.ស. សម្រាប់អ្នកបម្រើក្នុងផ្ទះ និងអ្នកបើកម៉ូតូរ៉ឺម៉ក ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. ដែលគ្រោងធ្វើនៅថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២៣ នេះ។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា ការពន្យារពេលដាក់ឱ្យអនុវត្តសាកល្បង គម្រោង SPIN នេះ ដោយសារភាពមមាញឹករបស់មន្ត្រី បសស នៅក្នុងការរើទៅកាន់អគារថ្មី និងការលើកពេលប្រជុំក្រុមប្រឹក្សាភិបាល ដោយសាររដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាប្រធាន បានលើកពេលប្រជុំចំនួន ៣ លើកមកហើយ។
លោក ហេង សុផាន់ណារិទ្ធ បានអះអាងថា៖ «ពាក់ព័ន្ធគម្រោង SPIN ដែលនឹងដាក់ឱ្យអនុវត្តនៅពេលឆាប់ៗ ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់បេឡាជាតិសន្តិសុខសង្គម ដែលគ្រោងធ្វើនៅថ្ងៃទី ២១ ខែកុម្ភៈខាងមុខនេះ»។
បើតាមលោក សុផាន់ណារិទ្ធ គម្រោងសាកល្បង (Pilot Scheme) នេះ ប.ស.ស. មានហេតុផលមួយ គឺត្រូវតែមានការសម្រេចពីក្រុមប្រឹក្សាភិបាលរបស់ ប.ស.ស ដោយមិនមានការសម្រេចត្រឹមអគ្គនាយករបស់បេឡាជាតិសន្តិសុខសង្គមនោះទេ ដោយសារវាជាប់ទាក់ទងនឹងមូលនិធិ។
លោក បានបន្ថែមថា៖ «បើសិនយើងដើរ Pilot Scheme ស្រាប់តែដើរៗទៅអស់មូលនិធិ សួរថាតើអ្នកណាទទួលខុសត្រូវ។ អ៊ីចឹងត្រង់ចំណុចនេះហើយ យើងត្រូវតែមានការ សម្រេចពីក្រុមប្រឹក្សាភិបាលរបស់ ប.ស.ស.»។
លោក ឈៀង ស៊ីណាត តំណាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានលើកឡើងនៅក្នុងវគ្គសំណួរចម្លើយក្នុងព្រឹត្តិការណ៍គាំពារសង្គមថា សមាគមរបស់លោកបានស្នើឱ្យស្ថាប័នមូលនិធិរបបសន្តិសុខសង្គមពន្លឿនការចុះបញ្ជីសមាជិករបស់ខ្លួនទៅក្នុងបញ្ជី ដើម្បីខ្លួនអាចទទួលបានអត្ថប្រយោជន៍ពី ប.ស.ស.។
លោក ឈៀង ស៊ីណាត បាននិយាយថា៖ «កន្លងមកសមាគម IDEA បានចុះបញ្ជីទៅ ប.ស.ស. រយៈពេល ២ ខែហើយ។ អ៊ីចឹងខ្ញុំសូមស្នើ សូមមេត្តាជួយពន្លឿន នីតិវិធីយ៉ាងណាដើម្បីឱ្យពួកគាត់ទទួលបានបណ្ណប.ស.ស ដើម្បីយកមកប្រើប្រាស់ ព្រោះនៅក្នុងសមាជិករបស់សមាគមដែលបានចុះបញ្ជីកន្លងមក នៅក្នុងនោះ មានមួយចំនួនកំពុងមានជំងឺ អ៊ីចឹងគាត់រង់ចាំដើម្បីបានទទួលបានបណ្ណ ប.ស.ស យកមកព្យាបាលជំងឺ»។
លោក ឈៀង ស៊ីណាត បន្ថែមថា៖ «បើសិនជារយៈពេលជាង២ខែទៅហើយ ពួកគាត់មិនទាន់ទទួលបានបណ្ណ ជំងឺរបស់គាត់គឺកាន់តែធ្ងន់ អ៊ីចឹងខ្ញុំសូមឯកឧត្តមមេត្តាជួយពន្លឿន»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអះអាងថា រហូតមកដល់បច្ចុប្បន្ននេះ សមាគម IDEA មានសមាជិកចំនួន ១៧ ០០០ នាក់ ដែលពួកគេពិតជាចង់បានការបញ្ចូលពួកគេទៅក្នុងសមាជិករបស់ ប.ស.ស. ដើម្បីទទួលអត្ថប្រយោជន៍ផ្នែកគាំពារសុខភាព។
លោកប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ បាននិយាយថា៖ «ខ្ញុំចង់ដាក់សមាជិកទាំងអស់ចូលក្នុង ប.ស.ស. ប៉ុន្តែសំខាន់ដំណើរការរបស់ ប.ស. ស. មានភាពយឺតយ៉ាវ។ បណ្ណ ប.ស.ស. នេះមានសារៈសំខាន់ណាស់ ព្រោះពួកគេអាចទៅព្យាបាលថែទាំសុខភាពនៅតាមមន្ទីរពេទ្យបាន»។
លោកថា៖ «ខ្ញុំគិតថា បើគាត់មានបណ្ណ ប.ស.ស. វាជាមូលដ្ឋានគ្រឹះនៃការគោរពសិទ្ធិរបស់គាត់ទាក់ទិននឹងសិទ្ធិរស់រានមានជីវិត ហើយវាជាភាពថ្លៃថ្នូរនៃមនុស្សជាតិដែលរស់នៅក្នុងសង្គម ដូចយើងរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ជឿនលឿនផងដែរ»។
លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចារឯកភាពលើការដាក់ឱ្យដំណើរការសាកល្បងនូវគម្រោងខាងលើ។ យោងតាមបេឡាជាតិសន្តិសុខសង្គមដែលចេញផ្សាយកាលពីខែសីហា ឆ្នាំ ២០២២៕