កណ្តាលៈ អនុប្រធានក្រុមប្រឹក្សាភិបាលគ្រូពេទ្យស្ម័គ្រចិត្តយុវជន «សម្តេចតេជោ (TYDA)» លោកស្រី ពេជ ចន្ទមុនី បានលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រ និងត្រូវបន្តរៀនឱ្យបានខ្ពង់ខ្ពស់ ដោយត្រូវមានសីលធម៌ និងគុណធម៌ផងដែរ។
លោកស្រីបានលើកឡើងដូចនេះ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ក្នុងពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់បណ្ណាល័យនៃក្តីសង្ឃឹម ដែលស្ថិតក្នុងអនុវិទ្យាល័យ ហ៊ុន សែន រកាជន្លឹង ក្នុងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លោកស្រីបញ្ជាក់ថា បណ្ណាល័យនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍលើវិស័យអប់រំនៅក្នុងស្រុកខ្សាច់កណ្ដាល។
លោកស្រីថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់សិស្សានុសិស្ស សូមខិតខំរៀនសូត្រ កុំបោះបង់ការសិក្សា ត្រូវបន្តរៀនឱ្យបានខ្ពង់ខ្ពស់ ត្រូវមានសីលធម៌ និងគុណធម៌ ហើយសិស្សានុសិស្សបើចង់រៀនពូកែ ត្រូវអានសៀវភៅ និងសិក្សាស្រាវជ្រាវបន្ថែមឱ្យបានច្រើន ពីព្រោះការអាន ការសិក្សាស្រាវជ្រាវវាជាមូលដ្ឋានគ្រឹះធ្វើឱ្យសិស្សរៀនពូកែបាន»។
លោកស្រី បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលថ្មីនេះ សម្រាប់ខេត្តកណ្តាលដែលនឹងធ្វើឱ្យសិស្សានុសិស្សប្រើប្រាស់ក្នុងសិក្សា និងស្រាវជ្រាវដើម្បីបង្កើនចំណេះដឹងឱ្យកាន់តែទូលំទូលាយថែមទៀត ហើយសិស្សានុសិស្សត្រូវធ្វើខ្លួនជាសិស្សល្អ មិត្តល្អ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនចូលរួមចំណែកកសាងប្រទេសជាតិឱ្យមានការរីកចម្រើន។
យោងតាមរដ្ឋបាលខេត្តកណ្តាល បណ្ណាល័យនៃក្តីស្រឡាញ់ បានចាប់ផ្តើមសាងសង់ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ក្នុងខែមករា ឆ្នាំ២០២១ ដោយបានបំពាក់គ្រឿងសង្ហារិម សម្ភារ និងសៀវភៅជាច្រើនមុខ បម្រើដល់ការសិក្សា ស្រាវជ្រាវរបស់សិស្ស ដោយចំណាយអស់ទឹកប្រាក់សរុបជាង ៩ម៉ឺន ៨ពាន់ដុល្លារអាមេរិក។
នាពិធីនោះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក៏បានលើកឡើងដែរថា បណ្ណាល័យនៃក្តីស្រឡាញ់ គឺជាកាដូដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់លោកស្រី ពេជ ចន្ទមុន្នី ជូនមកដល់សិស្សានុសិស្សក្នុងស្រុកខ្សាច់កណ្តាលនេះ។
លោកបន្តថា៖ «កាដូដ៏មានតម្លៃនៅក្នុងថ្ងៃនៃក្តីស្រឡាញ់ ១៤កុម្ភៈនេះ បណ្ណាល័យនេះ នឹងក្លាយជាឃ្លាំងនៃចំណេះវិជ្ជា សម្រាប់ការសិក្សាស្រាវជ្រាវ ក្រេបជញ្ជក់ ចំណេះដឹង ហើយបណ្ណាល័យនេះ ប្រៀបបាននឹងការផ្ដល់នូវក្តីសង្ឃឹម នូវការអភិវឌ្ឍសមត្ថភាពចំណេះដឹងបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស នៅក្នុងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាលនេះ»៕