ភ្នំពេញៈ អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) បានអះអាងថា គិតត្រឹមពាក់កណ្តាលខែកុម្ភៈនេះ មានការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំងប្រទេសប្រមាណ ២ ម៉ឺននាក់ ខណៈគោលដៅក្នុងឆ្នាំ ២០២៣ នេះ នឹងផ្តល់ការបណ្តុះបណ្តាលក្នុងរង្វង់ ៦ ម៉ឺននាក់។
លោក ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ កុម្ភៈថា ចាប់ពីឆ្នាំសិក្សាថ្មី រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងការងារ បានរៀបចំសេចក្តីជូនដំណឹង និងការផ្សព្វផ្សាយជាច្រើន ទាំងមុនពេលសិស្ស និស្សិត បានបញ្ចប់ការសិក្សា កាលពីឆ្នាំមុន ទៅតាមគ្រប់រាជធានី ខេត្ត ដើម្បីឱ្យពួកគេដាក់ស្នើសុំអាហារូបករណ៍។
លោកបញ្ជាក់ថា៖«តាមផែនការឆ្នាំ ២០២៣ នេះ TVET គ្រោងនឹងបណ្តុះបណ្តាលដល់សិស្ស និស្សិត និងយុវជននូវជំនាញបច្ចេកទេសក្នុងរង្វង់ប្រមាណ ៦ ម៉ឺននាក់ ស្របតាមថវិកាជាតិដែលបានកំណត់។ ចំនួនតួលេខដែលសាលាយើង បានជ្រើសរើសឱ្យចូលរៀនមកដល់ថ្ងៃនេះ មិនទាន់មានទេ ព្រោះសាលាខ្លះ បានចូលហើយ ចំណែកសាលាខ្លះនៅមិនទាន់បានចូលរៀនទេ តែចំនួនចុះឈ្មោះចូលរៀនមានរង្វង់ ២ ម៉ឺននាក់»។
ជាមួយនឹងការអះអាងនេះ លោក ថង សាម៉ុន បានឱ្យដឹងដែរថា សម្រាប់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុង១ឆ្នាំៗ គឺមានសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សា និងកំពុងតែសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនេះប្រមាណ៧ ម៉ឺននាក់។
ដោយឡែកសម្រាប់កម្មវិធីដែលបានអនុវត្តកាលពីឆ្នាំ ២០២១ និងឆ្នាំ ២០២២ កន្លងមក ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈពិសេសទៅដល់កម្មករ កម្មាការិនីដែលរងផលប៉ះពាល់នឹងវិបត្តិកូវីដ ១៩ លោក បានអះអាងថា ក្នុងរយៈពេល២ឆ្នាំនេះ គឺមានចំនួន ១៤ ០០០ នាក់ ដែលមានរយៈពេល ៤ ខែ។
សម្រាប់ឆ្នាំ ២០២៣ នេះ ក្រសួងនឹងអនុវត្តកម្មវិធីនេះបន្តទៀត ក្រោយទទួលបានការអនុម័តយល់ព្រមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ថង សាម៉ុន បញ្ជាក់ថា៖ «ក្នុងឆ្នាំនេះទៀតសោត យើងដឹងថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គឺសំខាន់ណាស់។ យុវជនយើង គឺត្រូវតែងាកមករៀនជំនាញហ្នឹងឱ្យបានច្រើន ជាជាងគាត់ចូលក្នុងទីផ្សារការងារដោយមិនបានរៀនជំនាញវិជ្ជាជីវៈ ឬក៏គាត់ទៅរៀនថ្នាក់ឧត្តមសិក្សាច្រើន ដោយចំណាយពេលច្រើនជាងជំនាញខ្លីនេះ»។
ជាមួយនឹងការជំរុញការបណ្តុះបណ្តាលជំនាញខ្លីនេះ នៅថ្ងៃទី ១៥ និង ១៦ កុម្ភៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (NEA) បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំកម្មវិធី “កិច្ចសម្ភាសន៍ការងារ” រយៈពេល២ថ្ងៃជាប់គ្នា ដោយមានក្រុមហ៊ុនធំៗចំនួន ៧ ចូលរួមផ្តល់ឱកាសការងារជិត ៦០០ កន្លែងដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។
ក្រសួង បានអះអាងថា កម្មវិធី “កិច្ចសម្ភាសន៍ការងារ”នេះ ត្រូវរៀបចំឡើងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចាប់ពីម៉ោង៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច ដោយមានក្រុមហ៊ុន CMED Construction ផ្តល់ឱកាស ការងារចំនួន៣៥កន្លែង និងមានក្រុមហ៊ុនចំនួន៦ទៀត ដូចជាក្រុមហ៊ុន Mekong Net, ផ្សារទំនើប AEON Cambodia, ក្រុមហ៊ុន SVI, ធនាគារ វីង, ក្រុមហ៊ុន JACCS និងធនាគារហត្ថា ដែលផ្តល់ឱកាសការងារសរុប ៥៦៦ កន្លែង។
លោក ស្រី សំឆៃយ៉ា អ្នកគ្រប់គ្រងធនធានមនុស្សរបស់ផ្សារទំនើប AEON Cambodia បានឱ្យដឹងថា NEA បានរួមចំណែកជាច្រើនក្នុងការជួយដល់ក្រុមហ៊ុនរបស់លោក ដើម្បីជ្រើសរើសបុគ្គលិកកន្លងមក។ លោកថា តាមយរយៈ ការសហការជាមួយ NEA ជាច្រើនលើកច្រើនសាកន្លងមក ក្រុមហ៊ុន ទទួលបានបុគ្គលិកប្រមាណជា៤០ភាគរយ ក្នុងចំណោមបុគ្គលិកសរុប ដែលកំពុងធ្វើការនៅ AEON។
លោក ឆៃយ៉ា រំពឹងថា៖«សម្រាប់ថ្ងៃទី១៦ នេះ AEON នឹងទទួលបុគ្គលិកជាច្រើនបន្ថែមទៀត ដែលនឹង អាចជួយបំពេញតម្រូវការរបស់ក្រុមហ៊ុនដែលកំពុងមានការខ្វះខាត។ សូមសិស្ស-និស្សិត សាធារណៈជនទូទៅដែលមានបំណង ចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារ កុំភ្លេចចូលរួមដាក់ពាក្យសម្ភាសជាមួយ ក្រុមហ៊ុនផ្ទាល់នៅថ្ងៃទី១៦ និងស្នើដល់អ្នកស្វែងរកការងារ ឬផ្លាស់ប្តូការងារ ត្រូវរៀបចំខ្លួនឱ្យបានសមរម្យ មុននឹងចូលសម្ភាសដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួនផងដែរ»៕