កោះកុងៈ ក្រុមការងារស្រាវជ្រាវជីវចម្រុះ និងវិទ្យាសាស្ត្រនៃអង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា សហការជាមួយមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន បានធ្វើតេស្តសាកល្បងនៅទីវាល ដើម្បីសិក្សាស្រាវជ្រាវប្រភេទថនិកសត្វតូចៗដោយប្រើប្រាស់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិនៅឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល។
ការធ្វើតេស្តសាកល្បងនៅទីវាលនេះ គឺជាផ្នែកមួយនៃផែនការសកម្មភាពសិក្សាជីវចម្រុះរយៈពេលវែង ក្នុងការអនុវត្តគម្រោងរេដបូកនៅឧទ្យានជួរភ្នំក្រវាញកណ្តាល ដោយមានការគាំទ្រថវិកាពី USAID តាមរយៈគម្រោង USAID Morodok Baitang-មរតកបៃតង និងជំនួយផ្ទៃក្នុងពីអង្គការអភិរក្សអន្តជាតិ។
អង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា បានឱ្យដឹងថា ការសហការចុះធ្វើតេស្តសាកល្បងនៅទីវាលអំពីការសិក្សាស្រាវជ្រាវប្រភេទថនិកសត្វតូចៗនេះ បានធ្វើឡើងដោយមានការចូលរួមសហការពីមន្ត្រីឧទ្យានុរក្សចំនួន ៧ នាក់ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងកោះកុង ព្រមទាំងប្រជាសហគមន៍មូលដ្ឋាន ១៥ នាក់ នៅឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល។
អង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា បានបញ្ជាក់ថា៖«ក្រុមការងារបានបំពាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិ ចំនួន ៣០ គ្រឿងនៅតាមទីតាំងគោលដៅនៅក្នុងឧទ្យានជាតិ ជួរភ្នំក្រវាញកណ្តាល ហើយក្រុមការងារក៏បានធ្វើការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍មូលដ្ឋានចំនួន ២២ នាក់ អំពីរបៀបកំណត់ ដំឡើង ដោះកាមេរ៉ា និងបំពេញទម្រង់ទិន្នន័យកាមេរ៉ាដោយប្រើប្រាស់កម្មវិធី Kobo Collect តាមទូរស័ព្ទដៃនៅទីវាលផងដែរ»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិសា្ថន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ កុម្ភៈថា ការសិក្សាស្រាវជ្រាវប្រភេទថនិកសត្វតូចៗនេះ គឺជាផ្នែកមួយរបស់គម្រោង ដែលក្រសួងបានសហការជាមួយ USAID ដើម្បីប្រមូលជីវចម្រុះផ្សេងៗនៅក្នុងតំបន់ព្រៃជួរភ្នំក្រវាញកណ្តាល។
លោកបញ្ជាក់ថា ការសិក្សានេះ ដើម្បីឱ្យដឹងពីប្រភេទសត្វសម្បូរបែបនៃជីវចម្រុះនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីកម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រទេសមានជីវចម្រុះសម្បូរបែប ហើយការសិក្សាកន្លងមក បានរកឃើញថា កម្ពុជា មានជីវចម្រុះរហូតដល់ ៥ ០០០ ប្រភេទ។ ការសិក្សានេះ នឹងជួយឱ្យកម្ពុជា អាចរកឃើញប្រភេទជីវចម្រុះថ្មីៗបន្ថែមទៀត ដើម្បីដាក់បញ្ចូលទៅក្នុងបញ្ជីជីវចម្រុះរបស់ខ្លួន។
លោកបញ្ជាក់ថា៖ «នេះ គឺជាភាពចាំបាច់ដែលយើងត្រូវសិក្សាស្រាវជ្រាវ ដើម្បីកំណត់ប្រភេទសត្វនៅក្នុងព្រៃហ្នឹងឱ្យបានច្បាស់លាស់ ងាយស្រួលយើងរៀបចំផែនការក្នុងការការពារ និងអភិរក្ស ហើយនិងកំណត់តំបន់ផ្សេងៗនៅក្នុងការពារធម្មជាតិរបស់យើង។ នៅពេលយើងមានទិន្នន័យច្បាស់លាស់ នឹងធ្វើឱ្យយើងរៀបចំផែនការកាន់តែមានភាពច្បាស់លាស់ និងត្រឹមត្រូវបន្ថែមទៀត ក្នុងការការពារធនធានជីវចម្រុះរបស់យើងឱ្យកាន់តែមានប្រសិទ្ធភាព»។
លោក នេត្រ ភក្ត្រា ក៏ឱ្យដឹងដែរថា តាមរយៈកិច្ចសហការជាមួយដៃគូពាក់ព័ន្ធកន្លងមក ជុំវិញការសិក្សាពីប្រភេទថនិកសត្វទាំងនេះ នៅតាមតំបន់ការពារធម្មជាតិជាច្រើនលើក ជាពិសេសនៅតាមតំបន់បឹងទន្លេសាប ដោយប្រើប្រាស់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិ បានរកឃើញថា កម្ពុជាមានវត្តមានសត្វធំៗជាច្រើន ដូចជាមានដំរី ខ្លា ប្រើសជាដើម។
យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ គឺបានបែងចែកតំបន់ការពារជា ៤ ប្រភេទ ដែលមានដូចជា ទី១ តំបន់ស្នូល ដែលជាតំបន់ហាមឃាត់ការចូល ព្រោះវាមានប្រព័ន្ធអេកូឡូស៊ីផុយស្រួយ និងមានវត្តមានប្រភេទសត្វផ្សេងៗ ទី២ គឺតំបន់អភិរក្ស ដែលជាតំបន់ទ្រនាប់ ហើយទី៣ ជាតំបន់ប្រើប្រាស់ដោយចីរភាព និងទី៤ ជាតំបន់សហគមន៍ ដែលអាចអនុញ្ញាតឱ្យមានការប្រើប្រាស់សម្រាប់អាស្រ័យផលបាន។
កាលពីអំឡុងខែតុលា ឆ្នាំ ២០២២ ក្រុមការងារស្រាវជ្រាវជីវចម្រុះអង្គការអភិរក្សអន្តរជាតិប្រចាំប្រទេសកម្ពុជា បានសហការជាមួយអ្នកជំនាញសត្វស្លាប កំណត់អត្តសញ្ញាណនូវសំឡេងសត្វស្លាបមួយចំនួននៅទីវាលនៅឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល តាមរយៈការវិភាគទិន្នន័យសត្វស្លាបដែលប្រមូលបានជិត ១០០ ប្រភេទ ដើម្បីចងក្រងជាឯកសារវិទ្យាសាស្ត្រ និងរបាយការណ៍បច្ចេកទេស។
ការកំណត់អត្តសញ្ញាណនូវសំឡេងសត្វស្លាបទាំងនោះ ត្រូវបានសន្និដ្ឋានថា មានប្រភេទសត្វស្លាប ដូចជាសត្វប៉ោលតោក ប៉ោលតោកត្រចៀកខៀវ ប៉ោលតោកត្រចៀកបៃតង កេងកងធំ កេងកងតូច សត្វចំពុះមាស សត្វចំពុះធំកស ចេកទុំក្បាលខ្មៅ ចេកខៀវ ស្តេចកូលីត ចាបចៀបក្រហម ឬកន្ទោងពួចក្រហម ត្រដេវព្រៃ ចាបសួគ៌ាអាស៊ី ត្រសេះត្នោត ត្រសេះដំរី ល្វាចេកព្រៃ និងសត្វចេកខ្ចីស្លាបខៀវ៕