ភ្នំពេញៈ ចិន និងកម្ពុជា បានឯកភាពគ្នា បន្តពង្រឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន អំពើភេវរកម្ម ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ល្បែងស៊ីសងឆ្លងដែនខុសច្បាប់ និងអំពើជួញដូរមនុស្ស។
ការឯកភាពគ្នានេះ ធ្វើឡើងក្នុងអំឡុងពេលដំណើរបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន កាលពីសប្តាហ៍មុន។
ក្នុងដំណើរទស្សនកិច្ចនោះ លោក ហ៊ុន សែន បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង នាយករដ្ឋមន្ត្រី លោក លី ខឺឈាង និងលោក លី ជានស៊ូ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងក្នុងសន្និសីទកាសែតនៅឯស្ថានទូតចិន នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ១៥ ខែកុម្ភៈថា៖ «ភាគីទាំង២ ឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរនៃការចែករំលែកព័ត៌មានរវាងអង្គភាពអនុវត្តច្បាប់ ដោយផ្តោតការយកចិត្តទុកដាក់ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងអំពើភេវរកម្ម ហើយការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការលេងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ និងអំពើជួញដូរមនុស្ស»។
លោកថ្លែងថា កិច្ចសហប្រតិបត្តិការលើការពង្រឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស គឺកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់ ដែលជាផ្នែកសំខាន់របស់ប្រទេសទាំង២ ក្នុងការកសាងសហគមន៍វាសនារួមចិន និងកម្ពុជា។
លោកថា នៅក្នុងឆ្នាំ២០១៩ ភាគីចិន និងកម្ពុជា បានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់រវាងចិន និងកម្ពុជា ដោយផ្តោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការលេងល្បែងតាមអនឡាញ។
លោក Wang Wentian ថ្លែងថា៖ «ហើយឥឡូវនេះ យើងសប្បាយរីករាយ ដែលបានឃើញថា កិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់នេះបានទទួលសមិទ្ធផលគួរឱ្យកត់សម្គាល់»។
សេចក្ដីថ្លែងការណ៍រួមស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីរវាងកម្ពុជា និងចិន កាលពីសប្តាហ៍មុនបញ្ជាក់ថា ភាគីចិន-កម្ពុជា បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន រវាងមន្ត្រីអនុវត្តច្បាប់ ដោយផ្ដោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការទប់ស្កាត់ «បដិវត្តន៍ពណ៌» ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងគ្រឿងញៀន ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ការលេងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ និងអំពើជួញដូរមនុស្ស និងការកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់។
សេចក្ដីថ្លែងការណ៍រួមបញ្ជាក់ថា ភាគីទាំង២ ក៏បានឯកភាពបន្តលើកកម្ពស់ការពង្រឹងការិយាល័យសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី១៥ ខែកុម្ភៈ ថា កិច្ចសហប្រតិបត្តិការនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះកន្លងទៅ កម្ពុជាបានក្លាយទៅជាកន្លែងដែលជនបរទេសមកប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ការឆបោកតាមអនឡាញ និងល្បែងស៊ីសងតាមអនឡាញជាដើម ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាមិនល្អលើឆាកអន្តរជាតិ និងធ្វើឱ្យអ្នកវិនិយោគទុន ឬភ្ញៀវទេសចរខ្លាចរអារកម្ពុជា។
លោកថ្លែងថា៖ «តាមពិត កម្ពុជាយើងមិនបានប្រព្រឹត្តអ៊ីចឹងទេ គ្រាន់តែថា មានជនបរទេសមកប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជាយើង ឆ្លងតាមរយៈប្រទេសកម្ពុជាយើង។ អ៊ីចឹង ប្រសិនបើមានការចែករំលែកព័ត៌មាននេះ ខ្ញុំគិតថា វាល្អ ហើយយើងពង្រឹងការអនុវត្តច្បាប់ទាំងសងខាងទៅលើឧក្រិដ្ឋកម្មឆ្លងដែនហ្នឹង»។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសចិន កាលពីសប្តាហ៍មុន បានឱ្យដឹងថា ក្នុងជំនួបជាមួយ លោក ហ៊ុន សែន លោក ស៊ី ជីនភីង បានថ្លែងថា ភាគីទាំង២គួរតែអនុវត្តប្រតិបត្តិការពិសេស ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាប្រចាំ៕