ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា យានយន្តដើរដោយថាមពលអគ្គិសនីចំនួនជាង ៧០០ គ្រឿង បានចុះបញ្ជីហើយចាប់ពីឆ្នាំ ២០២២ រហូតដល់បច្ចុប្បន្ន ហើយនៅឆ្នាំ ២០២៣ នេះ កំពុងជំរុញឱ្យមានការប្រើប្រាស់បន្ថែមទៀតដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថានបានកាន់តែល្អប្រសើរ។
លោកថ្លែងបែបនេះក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន លើប្រធានបទ «បន្តលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស» ធ្វើនៅថ្ងៃទី ១៥ ខែកុម្ភៈ។
លោកថ្លែងថា បច្ចុប្បន្នកម្ពុជាមានស្ថានីយបញ្ជូលថាមពលអគ្គិសនីចំនួន ៩ កន្លែង ក្នុងនោះ UNDP បានផ្តល់ជូនក្រសួងសាធារណការចំនួន ៤ គ្រឿង ដែលដាក់នៅក្រសួងសាធារណការ និងដឹកជញ្ជូន ១ កន្លែង នៅក្រុងព្រះសីហនុ ១ កន្លែង នៅក្រុងសៀមរាប ១ កន្លែង និងនៅក្រុងបាត់ដំបង ១ កន្លែង។
ក្រៅពីនេះផ្នែកឯកជនបានផ្តល់ជូន ៣ គ្រឿង បន្ថែមទៀតដល់ក្រសួងសាធារណការ និងដឹកជញ្ជូន។ បន្ថែមលើនេះក្រុមហ៊ុនកាល់តិចបានដាក់ ១ គ្រឿង នៅព្រៃស និងផ្សារទំនើបអ៊ីអនសែនសុខដាក់ ១ គ្រឿងផងដែរ។
លោកថ្លែងថា៖ «យើងនឹងជំរុញបន្ថែមទៀតឱ្យប្រជាពលរដ្ឋចាប់ផ្តើមប្រើប្រាស់រថយន្តប្រើដោយថាមពលអគ្គិសនី។យើងបានចុះបញ្ជីជាង ៧០០ គ្រឿងហើយមកដល់ម៉ោងនេះ»។
លោកថ្លែងថា ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនីមានផលចំណេញច្រើន ទី១ ពន្ធនាំចូលត្រូវបានកាត់បន្ថយ ហើយតម្លៃធ្វើដំណើរតាមរថយន្តនោះថោកជាងចាក់ប្រេងឥន្ធនៈ។ តាមរយៈការធ្វើការងារជាមួយវិស័យឯកជន ស្ថានីយបញ្ជូនថាមពលអគ្គិសនីនឹងត្រូវដំឡើងបន្ថែមចំនួន ២០០ គ្រឿង នៅទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខនេះ។
លោកថ្លែងថា UNDP បានផ្តល់ម៉ូតូ ៣០ គ្រឿងប្រើដោយអគ្គិសនីផងដែរឱ្យសាកល្បង ដោយបានធ្វើការជាមួយនឹងញ៉ាំ ២៤ និង Food Panda ដើម្បីជំរុញណែនាំឱ្យគាត់ប្រើម៉ូតូប្រើដោយថាមពលអគ្គិសនីដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាន។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះថា ការជំរុញការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដោយប្រើប្រាស់ថាមពលអគ្គិសនី ឬក៏ថាមពលកកើតឡើងវិញនេះ គឺជាផ្នែក ១ យ៉ាងសំខាន់ក្នុងគោលនយោបាយអភិវឌ្ឍន៍រយៈពេលវែងដើម្បីធ្វើអព្យាក្រឹតកាបូន។
ផ្នែកដឹកជញ្ជូនជាផ្នែក ១ ដែលត្រូវជំរុញ បង្កើនការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈឱ្យដល់ ៣០% ក្នុងតំបន់ទីក្រុងនៅឆ្នាំ ២០៥០។ ក្រៅពីនេះគឺជាការដាក់បញ្ចូលយានយន្តអគ្គិសនី ៧០% សម្រាប់ទោចក្រយានយន្ត និង ៤០% សម្រាប់រថយន្ត និងរថយន្តក្រុងទីក្រុងនៅឆ្នាំ ២០៥០៕