
សមត្ថកិច្ចពេលត្រូតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍កន្លងមក។ ហុង មិនា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែ នៃការដាក់ឱ្យអនុវត្តសាកល្បងនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ សមត្ថកិច្ចបានផាកពិន័យរហូតទៅដល់ ៣៦ ៣០០ ដងឬករណី ចំពោះអ្នកបើកបរមិនគោរពច្បាប់ ខណៈលោករដ្ឋមន្ត្រីបន្ដជំរុញឱ្យពលរដ្ឋគោរពច្បាប់។
នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ លើប្រធានបទ «បន្តលើកកម្ពស់គុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស» នៅថ្ងៃទី ១៥ ខែកុម្ភៈ លោក ស៊ុន ចាន់ថុល បានថ្លែងថា ឆ្នាំ ២០២២ គឺជាឆ្នាំដែលយើងយកគំនិតផ្តួចផ្តើមថ្មីមួយទៀត ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺការដាក់ឱ្យប្រើប្រាស់នៃការដកពិន្ទុចំពោះដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ ដែលខុសច្បាប់ បើកលើសល្បឿនកំណត់ និងមិនពាក់ខ្សែក្រវាត់។ល។
លោកថ្លែងថា៖ «យើងបានសហការជាមួយនឹងក្រសួងមហាផ្ទៃបានធ្វើកិច្ចការនេះចេញជា App មួយ ដោយផ្តល់នូវម៉ាស៊ីនដកពិន្ទុ ៣០០ គ្រឿងទៅក្រសួងមហាផ្ទៃ ដើម្បីចាប់ដំណើរការសាកល្បងនៅខែកញ្ញា ២០២២។ ពីខែកញ្ញាមកដល់ពេលនេះមានរយៈពេល៥ខែ ករណីផាកពិន័យមានរហូតទៅដល់ ៣៦ ៣០០ ដង ឬករណី ដែលអ្នកប្រើ ប្រាស់ផ្លូវមិនគោរពច្បាប់ចរាចរណ៍ ហើយត្រូវបានដកពិន្ទុនៅទីនោះតែម្តង»។
លោកបានបញ្ជាក់ថា លទ្ធផលនេះគឺជាមោទនភាពមួយដែលក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយក្រសួងមហាផ្ទៃបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីទូរស័ព្ទដៃ (App) ដកពិន្ទុនេះ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោកបានថ្លែងថា៖ «មិនទាន់មានប្រទេសច្រើនទេនៅក្នុងពិភពលោកដែលដកពិន្ទុនៅទីតាំងកន្លែងកើតហេតុ ដកភ្លាមៗ នេះជាការល្អមួយដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។ យ៉ាងណាក្ដី លោកសម្តែងក្ដីបារម្ភចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលនៅតែមានអត្រាអ្នកស្លាប់ច្រើន បើទោះបីជាភាគីពាក់ព័ន្ធខិតខំដាក់ចេញនូវវិធានការនានាក៏ដោយ។
លោកថ្លែងដូច្នេះថា៖ «ចំពោះគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ ២០២២ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានដាក់ទិសដៅឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខិតខំប្រឹងប្រែងផ្សព្វផ្សាយធ្វើកិច្ចការ យ៉ាងណាកាត់បន្ថយការស្លាប់ឱ្យបាន ៤,៥ ភាគរយជាមធ្យមក្នុង ១ ថ្ងៃ ប៉ុន្តែឆ្នាំ ២០២២ នេះ យើងធ្វើមិនបាន ៤,៥ ទេ យើងធ្វើបាន ៤,៦៨ ភាគរយ ដូច្នេះមនុស្សស្លាប់ ៦៦ នាក់ លើសផែនការ យើងចង់ឱ្យកាត់បន្ថយឱ្យ ទាបបំផុត ប៉ុន្តែកាត់បន្ថយមិនបានតាមការគ្រោងទុក ឬតាមទិសដៅ»។
ដោយឡែកពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោកថ្មីវិញ លោក ស៊ុន ចាន់ថុល ឱ្យដឹងថា ច្បាប់ថ្មីនេះ បានធ្វើចប់សព្វគ្រប់អស់ហើយ ប៉ុន្តែរង់ចាំកែអក្ខរាវិរុទ្ធ ហើយនឹងដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗនេះ ដើម្បីបន្តដាក់ជូនទៅកាន់រដ្ឋសភា និងព្រឹទ្ធសភា ក្នុងការពិនិត្យ និងត្រៀមអនុម័តច្បាប់ថ្មីនេះ។
នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) លោក គឹម បញ្ញា បានថ្លែងថា ការដាក់ឱ្យអនុវត្តនូវកម្មវិធីដកពិន្ទុលើបណ្ណបើកបរដែលល្មើសច្បាប់ចរាចរណ៍នេះ នឹងចូលរួមចំណែកកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោកបានថ្លែងថា៖ «មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់គឺគាត់បើកបរមិនគោរពច្បាប់ ហើយគាត់បើកលឿន បើកបរក្នុងស្ថានភាពស្រវឹង គាត់វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គាត់មិនគោរពតាមច្បាប់ចរាចរណ៍មួយចំនួនទៀត។ ដូច្នេះបើយើងអនុវត្តឱ្យបានម៉ឺងម៉ាត់ ខ្ញុំជឿជាក់ថា នឹងអាចកាត់បន្ថយចំនួនអ្នកបើកបរដែលគាត់បំពានច្បាប់នៅលើដងផ្លូវ»។
ទោះជាយ៉ាងណា លោក គឹម បញ្ញា បានស្នើឱ្យសមត្ថកិច្ចអនុវត្តយន្តការថ្មីនេះ ឱ្យបានទូលំទូលាយ ស្មើភាព និងមានតម្លាភាព ចៀសវាងការរិះគន់ពីសំណាក់មហាជន។
សូមជម្រាបថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានដាក់ឱ្យអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរសាកល្បងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២ និងអនុវត្តពេញលេញនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣។
សម្រាប់ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធដោយក្នុងនោះតម្រូវឱ្យអ្នកបើកបរយានយន្តគ្រប់រូបយកតាមនូវបណ្ណ បើកបរយានយន្ត (ច្បាប់ដើម) ដើម្បីផ្តល់ជូនសមត្ថកិច្ចត្រួតពិនិត្យនិងអនុវត្តការដកពិន្ទុក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោក៕