ភ្នំពេញៈ មន្ត្រី​រាជរដ្ឋាភិបាល​ ឆ្លើយតប​ចំពោះ​ក្ដី​ព្រួយបារម្ភ​ របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ​(UN) ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ករណី​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ​(VOD​ វីអូឌី)​។ ទាំង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស ​និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ​សុទ្ធតែ​ពន្យល់ថា​ ការសម្រេច​បិទ​វី​អូ​ឌី ​ជាការពង្រឹង​វិជ្ជាជីវៈ​សារព័ត៌​មាន​នៅ​កម្ពុជា​។

កាលពី​ថ្ងៃទី​ ១៤ ​ខែកុម្ភៈ ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​លើ​ករណី​បិទ​វិទ្យុ VOD​។ ឧត្តម​ស្នងការ​អង្គការ​ស្នងការ​សហប្រជាជាតិ ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ លោក ​វ៉ូល​គេ ធើក​ (Volker Türk) បង្ហាញ​ក្តីបារម្ភ ​និង​ភ្ញាក់ផ្អើល​ចំពោះ​ការបិទ​វិទ្យុ VOD នេះ​។ លោក​ វ៉ូលគេ ​ធើក ​លើកឡើងថា ​ការសម្រេច​បែបនេះ ​ជា​ចំណាត់ការ ​ដែល​ធ្វើឡើង​ដោយ​មិនមាន​ភាព​ហ្មត់ចត់ ​និង​តម្លាភាព ​ផ្ទុយ​ពី​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​របស់​កម្ពុ​ជា ដែល​ខកខាន​ក្នុង​ការបំពេញ​លក្ខខណ្ឌ​ឱ្យ​សមាមាត្រ​នឹង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ​ចំពោះ​ការរឹតបន្តឹង​មកលើ​សេរីភាព​បញ្ចេញមតិ​។​

លោក ​វ៉ូលគេ ​ធើក បញ្ជាក់ថា​៖ «ខ្ញុំ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​នូវ​សេចក្តីសម្រេច​ដ៏​គួរឱ្យ​ព្រួយបារម្ភ​នេះ ​ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​នយោបាយ ​សម្រាប់​បុគ្គល​គ្រប់គ្នា ​និង​ធានាឱ្យ​មាន​បរិយាកាស​អំ​ណោយ​ផល ​សម្រាប់​សង្គម​ស៊ីវិល​ រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ផងដែរ»។​

ឆ្លើយតប​ចំពោះ​ប្រតិកម្ម​ពី​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ​លោក ​កត្តា ​អ៊ន ​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ថ្លែងថា ​ការលើកឡើង​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ​ជា​ការលើកឡើង​ដោយ​គ្មាន​មូលដ្ឋាន ​និង​មិនបាន​ជ្រាប​ពី​ព័ត៌មាន​ច្បាស់លាស់​។ លោក​ថា ​ការបិទ​ស្ថាប័ន​វិទ្យុ ​VOD ​ដោយសារ​ស្ថាប័ន​នេះ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ​ដែល​ប៉ះពាល់​ស្ថាប័ន​ជាតិ ​និង​សេចក្តីថ្លៃថ្នូរ ​និង​កិត្តិយស​របស់​នាយករដ្ឋមន្ត្រី​ផ្ទាល់ ​ព្រមទាំង​ក្រុម​គ្រួសារ​លោក។​

លោក​ កត្តា អ៊ន ​បញ្ជាក់ថា​៖«​ចំណាត់ការ​របស់​រដ្ឋាភិបាល​នេះ​មិនបាន​រំលោភ​លើ​អ្នកសារព័ត៌មាន ​ឬ​សិទ្ធិសេរីភាព​បញ្ចេញមតិ ​រំលោភ​លទ្ធិប្រជាធិបតេយ្យ​ទេ​។ យោងតាម​មាត្រា​ទី​១៩ ​នៃ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ប្រជាពលរដ្ឋ ​និង​នយោបាយ ​គឺ​បើក​សិទ្ធិ​ឱ្យ​អ្នកសារព័ត៌មាន​បញ្ចេញ​មតិ​ដោយ​សេរី​។ ប៉ុន្តែ​ការបញ្ចេញមតិ​នេះ ​ត្រូវ​ស្ថិតក្នុង​គោលការណ៍​គោរព​សិទ្ធិ ​និង​សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ ​ប៉ុន្តែ​សកម្មភាព​របស់ ​VOD ​បាន​រំលោភ​លើ​អនុសញ្ញា​នេះ​ទៅវិញ​ទេ»។​

លោក ​កត្តា ​អ៊ន បាន​ឆ្លើយតប​ចំពោះ​ការព្រួយបារម្ភ​របស់​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​ UN ​និង​បណ្តា​ស្ថានទូត​បស្ចិម​លោកថា​៖ «​ការបិទ​ស្ថាប័ន​វិទ្យុ​ VOD មួយ​នេះ ​នឹងមិន​ជះឥទ្ធិពល​អាក្រក់​លើ​សេរីភាព​សារព័ត៌មាន​របស់​កម្ពុ​ជា​នោះទេ​ ព្រោះ​កម្ពុជា​មាន​ស្ថាប័ន​ព័ត៌មាន​ដែលមាន​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​បម្រើ​ក្នុងសង្គម​ជាង​២​ពាន់​អង្គភាព​ឯណោះ ​ហើយ​ស្ថាប័ន​ទាំងនោះ​ទទួលបាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការបញ្ចេញ​មតិ ​និង​ការបោះ​ផ្សាយ»។

លោក​ចាត់ទុក​ការសម្តែង​ក្តី​ព្រួយបារម្ភ​ពី​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ​និង​បណ្តា​ទូត​បស្ចិម​លោក ​ជាការ​ព្រួយបារម្ភ​ជ្រុល ​ហើយ​ជា​ប្រពៃណី​ចូលចិត្ត​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។​

ជាមួយ​គ្នានេះ ​លោក​ ជិន ​ម៉ាលីន ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បញ្ជាក់ថា ​ការដក​អាជ្ញាប័ណ្ណ​វិទ្យុ ​VOD ​ជាការពង្រឹង​ការអនុវត្ត​ច្បាប់​លើ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ​និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌​មាន​នៅ​កម្ពុជា​។​

ជុំវិញ​ការព្រួយបារម្ភ​លើ​ការដាក់​សម្ពាធ​ពី​បណ្តា​ប្រទេស​បស្ចិម​លោក ​និង​សហគមន៍​អន្តរជាតិ ​លោក ​ជិន ​ម៉ាលីន ​បញ្ជាក់ថា​៖«ចំពោះ​ទំនាក់ទំនង​ការទូត​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ​និង​ដៃគូ ​ឬ​សហគមន៍​អន្តរជាតិ ​គឺ​កម្ពុជា​ផ្អែកលើ​នយោបាយ​ការបរទេស​មួយ​ដែល​ឯករាជ្យ​ផ្អែកលើ​ច្បាប់ ​ដែល​យើង​អនុវត្ត​ដោយ​មិន​ចំណុះ​ប្រទេស​ណាមួយ ​ឬ​ស្ថាប័ន​អន្តរជាតិ​ណាមួយ​ទេ ​គឺ​យើង​ផ្អែកលើ​ច្បាប់​ជាតិ ​និង​អន្តរជាតិ​ដែលមាន​ជា​ធរមាន​ ផ្អែកលើ​ផលប្រយោជន៍ ​និង​ភាពត្រឹមត្រូវ»។​

គួរ​បញ្ជាក់ថា ​ក្រសួង​ការបរទេស​កម្ពុជា ​តាមរយៈ​លោក​ អាន ​សុខខឿន ​ជា​អ្នកនាំពាក្យ ​បាន​ច្រានចោល​ការព្រួយបារម្ភ​ពី​ស្ថាន​តំណាង​ទូត​បរទេស​មួយចំនួន ​ចំពោះ​ចំណាត់ការ​រដ្ឋាភិបាល​កម្ពុជា​លើ​ការបិទ​វិទ្យុ ​VOD នេះ ​ដែល​លោក​ថា ​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ ​មាន​ការរើសអើង ​និង​មាន​ភាពលម្អៀង ​ខណៈ​វិទ្យុ​នេះ​បាន​បំពាន​វិជ្ជាជីវៈ​សារព័ត៌មាន​។​

លោក ​អាន សុខខឿន ​ថ្លែងថា​៖ «ការទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យឡើង​វិញ​នូវ​[ការ]សម្រេច​ចិត្ត​របស់​ខ្លួន ​គឺ​ស្មើនឹង​ការរំលោភ​លើ​អនុសញ្ញា​ទីក្រុង​វីយែន​ស្តីពី​ទំនាក់ទំនង​ការទូត»។​

​លោក​បន្ថែមថា ​ស្ថាន​តំណាង​ទូត​នានា​គួរ​ពិនិត្យមើល​អនុសញ្ញា​ទីក្រុង​វីយែន​ឡើងវិញ ​ក្នុង​ការអនុវត្ត​ភារកិច្ច​ខ្លួន ​ដោយ​មិនត្រូវ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ឡើយ​៕

វីដេអូ៖