ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រើនរំឭកដល់សាធារណជនជាពិសេសក្រុមប្រជាពលរដ្ឋដែលប្រឈមហានិភ័យនឹងការឆ្លងមេរោគអេដស៍គឺយុវវ័យត្រូវការពារខ្លួនកុំឱ្យឆ្លងមេរោគនេះ និងបានអំពាវនាវកុំឱ្យមានការរើសអើងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។
ក្នុងទិវានៃក្ដីស្រឡាញ់១៤ កុម្ភៈ ឆ្នាំ២០២៣អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានយកឱកាសនេះរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយអប់រំផ្តល់សាររំឭកអំពីការបង្ការការចម្លងមេរោគអេដស៍ ដែលជាសារដាស់តឿនក្រើនរំឭកដល់សាធារណជនទូទៅ ពិសេសក្រុមប្រជាពលរដ្ឋប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ជាងគេ ក៏ដូចជាយុវវ័យ កុំឱ្យភ្លេចខ្លួន បាត់បង់ការទទួលខុសត្រូវ ភាពម្ចាស់ការ និងជួយខ្លួនឯងកុំឱ្យឆ្លងមេរោគអេដស៍។ ក្នុងកម្មវិធីនេះ ក៏មានការរៀបចំស្តង់តាំងពិព័រណ៍របស់ក្រុមបុរសស្រឡាញ់បុរស ស្រីស្រឡាញ់ស្រី និងក្រុមបំប្លែងភេទផងដែរ និងបានរៀបចំពាក្យស្លោកថា បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល ផ្តល់ក្តីស្រឡាញ់ កុំចម្លងមេរោគអេដស៍។យុទ្ធនាការអប់រំផ្សព្វផ្សាយនេះមានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងមានការសហការជាមួយអង្គការដៃគូជាច្រើនរួមមាន អង្គការ PSI, AHF, KHANA, FHI៣៦០ រូមជាមួយសមាគមឈូកស។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លោកអៀង មូលី ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ ថ្លែងថា នៅពេលពិភពលោក គេប្រារព្ធទិវានៃក្តីស្រឡាញ់ចំពោះគូស្នេហ៍ ក៏ប៉ុន្តែនៅប្រទេសកម្ពុជាប្រារព្ធទិវានេះដើម្បីបង្ហាញក្តីស្រឡាញ់ដល់ឪពុកម្តាយ គ្រូបាធ្យាយ ប្រពន្ធ កូន មិត្តភក្តិ ថ្នាក់ដឹកនាំប្រទេសជាតិជាដើម។
លោកបន្ថែមថាសម្រាប់កម្ពុជាការរៀបចំកម្មវិធីនេះ ដើម្បីសម្តែងក្តីស្រឡាញ់ដល់អ្នកផ្ទុកមេរោគអេដស៍ដោយអំពាវនាវកុំឱ្យមានការរើសអើង និងទទួលយកអ្នកផ្ទុកមេរោគអេដស៍ថាជាមនុស្សដូចគ្នា ជាបងប្អូនជនរួមជាតិដូចគ្នា។
លោកបញ្ជាក់បន្ថែមថា៖« យើងយកឱកាសនេះ ដើម្បីបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាឡើយ។ យើងស្រឡាញ់រាប់អានអ្នកស្រឡាញ់ភេទដូចគ្នាគ្រប់គ្នា។ អ្វីដែលយើងចង់បាន គឺអ្នកស្រឡាញ់ភេទដូចគ្នា រួចផុតពីការឆ្លងជំងឺអេដស៍ ព្រោះថាអត្រាចម្លងមេរោគអេដស៍ក្នុងក្រុមបុរសរួមភេទជាមួយបុរស មានអត្រាកើនឡើងជាបន្តបន្ទាប់ និងអត្រាខ្ពស់ គឺមានរហូត ៤% បើធៀបទៅនឹងការឆ្លងក្នុងចំណោមប្រជាជនទូទៅ ដែលមានត្រឹមតែ០,៦% តែប៉ុណ្ណោះ»។
បន្ថែមពីនេះ លោក អៀង មូលីលើកទឹកចិត្តឱ្យក្រុមបុរសរួមភេទជាមួយបុរស បង្កើនការបង្ការកុំឱ្យមានការឆ្លងឱ្យបានខ្លាំងបំផុតដោយប្រើស្រោមអនាម័យ ឬលេបថ្នាំមុនរួមភេទ(PreP)ជាដើម។
ដោយឡែកអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍នៅលើពិភពលោក កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ក្រោមប្រធានបទ «សុវត្ថិភាព គឺសិចស៊ី» នៅខេត្តព្រះសីហនុ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមដល់សាធារណជនពីការប្រើប្រាស់ស្រោមអនាម័យ។
នាយកប្រចាំតំបន់អាស៊ីនៃអង្គការ AHFលោក ឈឹម សារ៉ាត់ បានថ្លែងថា ក្នុងពេលបច្ចុប្បន្នសង្កេតឃើញថា យុវវ័យនៅកម្ពុជាហាក់បីដូចជាភ្លេចមេរោគអេដស៍ និងជំងឺអេដស៍ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់លើបញ្ហានេះឡើងវិញ។ លោកថា៖« អ៊ីចឹងយើងក៏សូមយកទិវានេះដើម្បីរំឭកដល់យុវវ័យ ក៏ដូចជាជនដែលងាយរងគ្រោះ ដើម្បីឱ្យគាត់មានការប្រុងប្រយ័ត្ន ព្រោះអេដស៍នៅតែបញ្ហានៅឡើយ ហើយអង្គការAHF បានចាត់ទុកស្រោមអនាម័យនៅតែជាវិធីដ៏មានប្រសិទ្ធភាពក្នុងការការពារមេរោគអេដស៍ និងជំងឺអេដស៍»។
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានបង្ហាញថា នៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៨ មានប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ នៅលើមនុស្សពេញវ័យ អាយុពី ១៥ ទៅ ៤៩ឆ្នាំ មានចំនួន ១,៧% ហើយមានការថយចុះមកត្រឹម ០,៧% នៅឆ្នាំ២០១៣ និងបានបន្តចុះមកនៅត្រឹម ០,៦% នៅឆ្នាំ២០១៤ មកដល់ឆ្នាំ២០២២ នេះ៕