
អភិបាលខេត្តកំពតលោក ម៉ៅ ធនិន។ ហេង ជីវ័ន
ភ្នំពេញៈ អភិបាលខេត្តកំពតលោក ម៉ៅ ធនិន បានដាក់គោលដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយសម្រេចសាងសង់ផ្លូវជាប្រភេទបេតុងនៅទីប្រជុំជនក្រុង និងទីប្រជុំជនមួយចំនួនដែលមានការចាំបាច់ ដើម្បីទប់ទល់ជាមួយនឹងអាកាសធាតុ និងរក្សានូវគុណភាព ជាពិសេសរួមចំណែកសន្សំថវិកាជាតិ។
នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៦ ខែកុម្ភៈ លោក ម៉ៅ ធនិន អភិបាលខេត្តនេះ បានថ្លែងថា ផ្លូវនៅទីរួមខេត្តនិងទីប្រជុំជននៅក្នុងខេត្តនេះគឺជាទិសដៅរបស់រដ្ឋបាលខេត្ត ដោយសារខេត្តកំពតជាខេត្តមួយ ដែលជាប់នឹងតំបន់ឆ្នេរ ហើយអាកាសធាតុមានភ្លៀងរលឹមជាប់ ដូច្នេះបញ្ហាសំខាន់គឺត្រូវពិនិត្យទៅលើហេដ្ឋារចនាសម្ព័ន្ធនេះ។
លោកបញ្ជាក់ថា៖«គម្រោងក្នុងការគិតរបស់រដ្ឋបាលខេត្តចំពោះហេដ្ឋារចនាសម្ព័ន្ធគឺចាក់បេតុទាំងអស់ គ្រប់ទីប្រជុំជន ដែលផ្នែកសំខាន់ៗមួយចំនួន ដែលចាំបាច់ ហើយការបន្តធ្វើនេះប្រហែលត្រូវប្រើប្រាស់ជាបេតុងទាំងអស់ ដើម្បីទប់ទល់ជាមួយនឹងអាកាសធាតុ ដើម្បីរក្សានូវគុណភាព ហើយនិងរក្សាបាននូវការចំណាយថវិការបស់ជាតិ»។
លោកបានធ្វើការពន្យល់ថា សម្រាប់ផ្លូវក្នុងខេត្តកំពតមួយចំនួនបើសិនជាធ្វើខុសពីការចាក់បេតុង នោះនឹងមានការជួសជុលរហូត ដែលនឹងត្រូវបាត់បង់ថវិកាជាតិច្រើនណាស់ និងចំណាយពេលថែទាំថែមទៀតផង។លោកបន្ថែមថា ខេត្តកំពតនឹងមានគម្រោងនូវការរៀបចំឡើងនូវហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន និងជនបទនេះឱ្យមានលក្ខណៈល្អប្រសើរ ហើយប្រើប្រាស់ប្រកបដោយគុណភាពបំផុត ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងដើម្បីទាក់ទាញទេសចរផងដែរ។ លោកបញ្ជាក់ថា៖«ផ្លូវជាទូទៅនៅពេលមានប្រើប្រាស់តែងតែរងការខូច និងត្រូវជួសជុល ប៉ុន្តែដោយសារតែពិនិត្យឃើញទៅលើបញ្ហានេះថ្នាក់ដឹកនាំទាំងគណៈអភិបាល ក្រុមប្រឹក្សា និងមន្ទីរសាធារណការខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទ គឺបានសិក្សារួមគ្នា ដោយកត្តាធម្មជាតិមិនអំណោយផលទៅលើការសាងសង់ផ្លូវមួយចំនួនដែលយើងប្រើប្រាស់ក្នុងរយៈពេលខ្លី »។
លោកបានបញ្ជាក់ថែមទៀតថា ដើម្បីឱ្យមានការប្រើប្រាស់ផ្លូវរយៈពេលវែង និងកុំឱ្យមានការខាតបង់ទៅលើថវិការបស់ជាតិ ខេត្តនឹងធ្វើការសាងសង់ផ្លូវជាប្រភេទបេតុង ដោយបង្ហាញការជឿជាក់ថា នឹងប្រើប្រាស់បានយូរសម្រាប់ទិសដៅបន្តសម្រាប់ ៥ឆ្នាំទៅមុខនេះ។ លោកថា៖« ដាច់ខាតផ្លូវដែលយើងត្រូវធ្វើទោះជាបានប្រវែងណាក៏ដោយ គឺត្រូវធ្វើជាបេតុងនៅក្នុងទីប្រជុំជនក្រុងរបស់យើង និងទីប្រជុំជនមួយចំនួន ដែលមានការចាំបាច់»។
ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះ នៅឆ្នាំ២០២២ ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយអាជ្ញាធរខេត្តចុះពិនិត្យផ្ទាល់លើស្ថានភាពផ្លូវ ដោយក្នុងនោះ ក្រសួងបានផ្តល់ផ្លូវអភិវឌ្ឍន៍ជនបទចំនួន ៥ខ្សែ គឺប្រមាណជាង ១០០គីឡូម៉ែត្រ ជាផ្លូវកៅស៊ូសម្រាប់តភ្ជាប់ពីទីប្រជុំជនស្រុកទៅ ឃុំ និងពីទីរួមខេត្តទៅស្រុក ។
ក្នុងរបាយការណ៍របស់ខេត្តកំពត បានឱ្យដឹងថា ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងរយៈពេល៥ឆ្នាំនេះ ផ្លូវបានសាងសង់មានប្រវែងសរុប ១ ៥១៨,៧២ គីឡូម៉ែត្រ និងស្ពានបេតុងចំនួន ៦កន្លែង ក្នុងនោះមានផ្លូវក្រាលកៅស៊ូ ផ្លូវបេតុងសរសៃដែក ផ្លូវក្រាលក្រួសក្រហម និងផ្លូវដីជាដើម។ ផ្លូវទាំងនោះតំបន់ខ្លះសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ និងផ្នែកខ្លះសាងសង់ដោយរដ្ឋបាលខេត្តកំពត៕