ភ្នំពេញៈ មកទល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរអគ្គិសនីបានផ្គត់ផ្គង់អគ្គិសនីបានចំនួន ៩៩.៨៨% នៃចំនួនភូមិសរុបទូទាំងប្រទេស ខណៈការសាងសង់បណ្តាញចែកចាយអគ្គិសនីបន្ថែមបានចំនួន ០.៧៤% ទៀត ដែលធ្វើឱ្យភូមិដែលមានបណ្តាញចែកចាយរួចកើនដល់ ៩៨.២៧% គិតត្រឹមចុងឆ្នាំ ២០២២ កន្លងទៅនេះ។
លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ថ្លែងក្នុងពិធីបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នាថ្ងៃ១៥ កុម្ភៈឱ្យដឹងថា មកដល់ចុងឆ្នាំ២០២២នេះ ភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន ២៤៥ភូមិ ដែលក្នុងនោះ មានភូមិ ២២៨ ស្ថិតក្នុងដែនអាជ្ញាប័ណ្ណដែលបានផ្តល់ឲ្យទៅអ្នកចែកចាយរួចហើយ និងភូមិ ១៧ ស្ថិតនៅក្រៅដែនអាជ្ញាប័ណ្ណ។
លោកបន្តថា អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជាបានធ្វើការសិក្សារួមគ្នាអំពីលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីទៅកាន់ភូមិដែលពុំទាន់មានអគ្គិសនីទាំងនេះ ទាំងក្នុងក្របខ័ណ្ឌនៃលទ្ធភាពរបស់អគ្គិសនីកម្ពុជាផង និងទាំងរបស់សេវាករឯកជនផង។
ផ្អែកតាមការសិក្សានេះបានបង្ហាញថា ក្នុងឆ្នាំ២០២៣ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន១៥៧ ភូមិទៀត ដូច្នេះនៅក្រោយឆ្នាំ២០២៣ អាចសល់ភូមិចំនួន៨៨ទៀត ត្រូវជា០,៦២% ដែលពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។
លោកយឹម វិសិដ្ឋ បានបញ្ជាក់ថា ៖ «ភូមិដែលនៅសល់ទាំងនេះ ជាភូមិមានស្ថានភាពស្ថិតក្នុងតំបន់លំបាកខ្លាំង ដូចជាតំបន់ដាច់ស្រយាលខ្លាំង តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់កោះ តំបន់ដែលមានប្រជាជនរស់នៅបណ្តែតទឹក តំបន់លិចទឹកនៅរដូវវស្សា តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ និងតំបន់តាំងលំនៅថ្មីជាដើម ដែលត្រូវការទុនវិនិយោគយ៉ាងច្រើនដើម្បីអភិវឌ្ឍការផ្គត់ផ្គង់ទៅកាន់ទីនោះ»។
លោក យឹម វិសិដ្ឋ ថ្លែងថា បច្ចុប្បន្ននេះ ក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បាននិងកំពុងធ្វើការរួមគ្នាពិនិត្យលទ្ធភាពរកដំណោះស្រាយផ្សេងៗ ជូនភូមិដែលនៅសល់ទាំង ៨៨ នេះ តាមស្ថានភាពជាក់ស្តែងនៃភូមិនីមួយៗ តាមរយៈការផ្គត់ផ្គង់អគ្គិសនី ពីប្រភពពន្លឺព្រះអាទិត្យប្រព័ន្ធទោលដែលអាចជាប្រភពទុនរបស់អគ្គិសនីកម្ពុជា ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ពីការវិនិយោគរបស់ក្រុមហ៊ុនឯកជន។
ជាមួយនេះ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គី សេរីវឌ្ឍន៍ បានប្រាប់ឱ្យដឹងថា ការពង្រីកបណ្តាញអគ្គិសនីទៅដល់ភូមិស្រុកនៃប្រទេសកម្ពុជានឹងជួយឱ្យជីវភាព ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ មានការរីកចម្រើន ព្រោះនៅពេលដែលប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់ គឺពួកគាត់អាចប្រើប្រាស់ទូរស័ព្ទ មានភ្លើងបំភ្លឺ និងបង្ហាញពីការរីកចម្រើននៅក្នុងមូលដ្ឋាន។
លោកបន្តថា ៖ «មួយវិញទៀត នៅពេលដែលអគ្គិសនីទៅដល់ភូមិបែបនេះ នឹងជួយដល់ការផ្គត់ផ្គង់ផលិតកម្ម និងអាជីវកម្មផ្សេងៗ ជាពិសេស នឹងជួយកាត់បន្ថយថ្លៃដើមនៃផលិតកម្មរបស់ពួកគាត់ផងដែរ។ទាំងនេះ គឺជាចំណុចល្អមួយដែលរាជរដ្ឋាភិបាល តាមរយៈអគ្គិសនីតបណ្តាញ ឱ្យទៅដល់ភូមិរបស់គាត់ ដើម្បីរួមចំណែកដល់ការកាត់បន្ថយការចំណាយនានា»៕