ព្រះសីហនុៈ ក្រសួងសង្គមកិច្ច និងអង្គការដៃគូនានា បានផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវសារាចរណែនាំ ស្តីពីការងារសមាហរណកម្មជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សខេត្តព្រះសីហនុ ខណៈដែលសង្គមស៊ីវិលស្នើឱ្យមានយន្តការត្រួតពិនិត្យបន្ថែមទៀត ដើម្បីឱ្យការអនុវត្តការងារនេះមានប្រសិទ្ធិភាព។
លោក តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឱ្យដឹងថា មូលហេតុដែលក្រសួងសង្គមកិច្ច និងអង្គការដៃគូនានា បានជ្រើសរើសយកខេត្តព្រះសីហនុ ដើម្បីរៀបចំសិក្ខាសាលា ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវសារាចរណែនាំស្តីពីការងារសមាហរណកម្ម និងតាមដានជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរំលោភបំពានផ្លូវភេទដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ ពីព្រោះតែខេត្តព្រះសីហនុជាទីតាំងមួយដ៏ល្អ ហើយក៏ជាខេត្តគោលដៅមួយសម្រាប់ក្រសួងសង្គមកិច្ច ដែលធ្លាប់មានជនរងគ្រោះដោយសារការជួញដូរមនុស្សកន្លងមកដែរ។
មួយវិញទៀត សារាចរណែនាំដែលក្រសួងបានផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនេះ វាមិនមែនជាសារាចរថ្មីឡើយ គឺក្រសួងបានកែសម្រួលពីសារាចរចាស់ ដើម្បីធ្វើវាឱ្យមានបច្ចុប្បន្នភាព ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពបន្ថែមទៀតផងដែរ។
លោកបញ្ជាក់ថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវសារាចរណែនាំលេខ ០១១ ស.អ.យ ចុះថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ ស្តីពីការងារសមាហរណកម្ម និងតាមដានជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរំលោភបំពានផ្លូវភេទ ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍។
លោក តូច ចាន់នី បញ្ជាក់ថា៖ «សារាចរណែនាំនេះ បើជាគោលដៅរួម គឺណែនាំពីនីតិវិធី ពីទម្រង់គ្រប់គ្រងករណីជនរងគ្រោះ និងងាយរងគ្រោះនៅក្នុងមណ្ឌលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ ហើយទម្រង់របស់វាមានបែងចែកជាច្រើន ថា ទម្រង់ទី១ ត្រូវធ្វើស្អី ទី២ត្រូវធ្វើស្អី»។
លោកចាន់នី បន្ថែមថា៖«និយាយឱ្យខ្លីទៅ គឺនឹងផ្តល់ការណែនាំអំពីទម្រង់ នីតិវិធីអនុវត្តដល់អ្នកដែលធ្វើកិច្ចការ និងអ្នកដែលផ្តល់សេវា ដែលមានការបែងចែកជា៤ដំណាក់កាលរួមមាន៖ ទី១ ដំណាក់កាលមុនសមាហរណកម្ម ទី២ ដំណាក់កាលធ្វើសមាហរណកម្ម និងទី៣ ដំណាក់កាលតាមដាន និងទី៤ ដំណាក់កាលបិទករណី»។
លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា ដោយសារលោកស្រីមិនបានចូលរួមសិក្ខាសាលានោះ ដូច្នេះលោកស្រីមិនអាចធ្វើការអធិប្បាយបានក្បោះក្បាយនោះទេ ក៏ប៉ុន្តែកន្លងមកអាជ្ញាធរខេត្តព្រះសីហនុ បានខិតខំជួយអន្តរាគមន៍ទៅដល់ជនរងគ្រោះដោយសារតែអំពើជួយញដូរមនុស្ស។
អ្នកស្រី ហៀក ហ៊ីមុល្លី ថា៖ «កន្លងមកពេលដែលមានជនរងគ្រោះអ៊ីចឹង គឺយើងបានសង្គ្រោះគាត់ ដោយមិនទុកពួកគាត់ចោលឡើយ»។
ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូគឺលោក អំ សំអាត បានឱ្យដឹងថា ការជ្រើសយកខេត្តព្រះសីហនុក្នុងការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តសារាចរណែនាំនេះ វាបង្ហាញថាជាចំណុចចាប់ផ្ដើមមួយ ដោយសារកន្លងមកលោកមើលឃើញថា ការជួញដូរមនុស្សភាគច្រើន គឺកើតឡើងក្នុងខេត្តព្រះសីហនុមានចំនួនច្រើនជាងគេ ហើយព្រមទាំងកើតមានខ្លះៗនៅតាមបណ្ដាខេត្តមួយចំនួនផ្សេងទៀតផងដែរ។
លោកលើកឡើងថា ៖«ពេលដាក់ជាគោលការណ៍ណែនាំ ឬសារាចរណែនាំឱ្យអនុវត្តហើយ គឺវាត្រូវតែមានយន្តការក្នុងការតាមដាន និងការត្រួតពិនិត្យទៅលើការអនុវត្តទាំងនោះទៀត ថា តើវាបានត្រឹមត្រូវ និងមានប្រសិទ្ធភាពដែរឬទេ? ហេតុនេះវាជាចំណុចសំខាន់ក្នុងការអនុវត្តជាបន្តទៅទៀត»។
លោក អំ សំអាត បញ្ជាក់ថា៖ «វាជារឿងសំខាន់ក្នុងការអនុវត្តសារាចរនេះ ពីព្រោះយើងឃើញថា កន្លងមកបញ្ហាជួញដូរមនុស្សនេះ វាមានបញ្ហាស្មុគស្មាញច្រើន នៅក្នុងខេត្តព្រះសីហនុ។ អ៊ីចឹងទន្ទឹមនឹងការដាក់សារាចរ គោលការណ៍ណែនាំឱ្យអនុវត្តហ្នឹងហើយ វាត្រូវតែមានយន្តការបន្ថែមទៀត ដើម្បីធ្វើម៉េចទាមទារធានាក្នុងការជួយដល់ជនរងគ្រោះ ដែលរងគ្រោះដោយសារការជួញដូរមនុស្សហ្នឹង»។
លោកបន្ថែមថា និងមួយទៀតជាការទប់ស្កាត់ បង្ការ និងបង្ក្រាបទៅលើករណីនៃការជួយញដូរមនុស្សឱ្យមានប្រសិទ្ធភាពផងដែរ។
សិក្ខាសាលាផ្សព្វផ្សាយ និងអនុវត្តចរាចរណែនាំលើការងារជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស ធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខាខេត្តព្រះសីហនុ នាថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការឧបត្ថម្ភពីរដ្ឋាភិបាលអូស្ត្រាលី AUSTRALIA AID និងអង្គការ RATTANAK INTERNATIONAL និងមានការអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសារាចរណែនាំនេះដោយ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងមានសមាជិកចូលរួមសរុបប្រមាណ ២០០នាក់៕