ភ្នំពេញៈ ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ចំណែកឯកជន ជូនពលរដ្ឋស្ថិតក្នុងអគារបុរកីឡាទាំង ៨ ក្នុងភូមិ ១២ សង្កាត់វាលវង់ ខណ្ឌ ៧ មករា កាលពីថ្ងៃទី ១៦ ខែកុម្ភៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋជាម្ចាស់ចំណែកឯកជនចំនួន ៤៦ យូនីត ដែលមិនទាន់បានមកចុះបញ្ជីរូតរះមកបំពេញឯកសារទទួលបណ្ណកម្មសិទ្ធិ។
លោកថ្លែងថា៖ «នៅសល់ ៤៦ បន្ទប់ទៀត ដែលបងប្អូនខ្លះមិនបានបង្ហាញ ឬមិនបានមកចុះបញ្ជីឬក៏ជាប់ទៅប្រកបមុខរបរអាជីវកម្មធ្វើការតាមបណ្តាខេត្តឬបរទេស។ អ៊ីចឹង ៤៦ បន្ទប់នេះ ពេលត្រឡប់មកវិញត្រូវទៅបំពេញកាតព្វកិច្ចជាមួយខណ្ឌ សង្កាត់ ហើយទៅមន្ត្រីសុរិយោដី ដើម្បីធ្វើបណ្ណកម្មសិទ្ធិស្របច្បាប់»។
លោកអភិបាលរាជធានីភ្នំពេញបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធនឹងរង់ចាំបំពេញឯកសារ និងធ្វើបណ្ណជូនប្រជាពលរដ្ឋគ្រប់ពេល។
ការផ្តល់ជូននេះគឺទំាងមុននិងក្រោយទទួលបានផលដូចៗគ្នាគឺមិនយកពន្ធប្រថាប់ត្រា និងមិនយកថ្លៃសេវាអន្តរក្រសួងផងដែរ។
លោកបន្តថា ការផ្តល់ជូនបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ជូនដល់ពលរដ្ឋ ក្នុងមូលដ្ឋានជាវិជ្ជមាន និងការធ្វើឱ្យមានភាពច្បាស់លាស់រវាងកម្មសិទ្ធិឯកជន និងកម្មសិទ្ធិសាធារណៈរបស់រដ្ឋ។
លោកថេង សុថុល អភិបាលខណ្ឌ៧មករា ថ្លែងថា ការផ្តល់បណ្ណកម្មសិទ្ធិជូនម្ចាស់អចលនវត្ថុនៅពេលនេះគឺបន្ទាប់ពីមន្ត្រីជំនាញ ចុះដំណើរការតាមនីតិវិធី នៃការចុះបញ្ជីជាលក្ខណៈជាប្រព័ន្ធ ហើយវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលម្ចាស់កម្មសិទ្ធិទទួលបាននៅពេលនេះ ពិតជាមានតម្លៃសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ក្នុងការយកទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវក្នុងការបង្កើនសេដ្ឋកិច្ច ជីវភាពគ្រួសារ។
លោក សារិន វណ្ណា ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ថ្លែងថា បន្ទាប់ពីមានការណែនាំពីអភិបាលរាជធានីភ្នំពេញ លោកបានចាត់តាំងកម្លាំងចុះបញ្ជីលក្ខណៈជាប្រព័ន្ធដែលមានចំនួន៨ក្រុម នៅរាជធានីភ្នំពេញ មានចំនួនមនុស្ស ៣១០ នាក់ បើកយុទ្ធនាការចុះបញ្ជីវាស់វែង និងបំពេញបែបបទចុះបញ្ជីចំណែកឯកជន នៃអគារទាំង៨ ដែលក្នុង១អគារមាន ៦ ជាន់ សរុបបន្ទប់ក្នុង១អគារ ចាប់ពីជាន់ទី១ ដល់ជាន់ទី៦ មាន១៧៤ បន្ទប់ សរុប ទាំង៨អគារមាន ១ ៣៩២ បន្ទប់។
លោកបន្តថា ការអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ មន្ទីរបានសម្រេចផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ជូនប្រជាពលរដ្ឋក្នុងអគារបុរីកីឡាទាំង៨ អគារស្ថិតក្នុងភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ចំនួន ១ ៣៤៦ បន្ទប់ ហៅថា យូនីត នៅសល់ ៤៦ យូនីត ដែលមិនទាន់បានចូលរួមចុះបញ្ជី ដោយសារខ្វះការទំនាក់ទំនង ខ្លះនៅក្រៅប្រទេស មិនបានចូលរួម ហើយក្នុងនោះមាន៩ យូនីត កំពុងមានទំនាស់។
លោកបន្ថែមថា ចំពោះប្រជាពលរដ្ឋទាំង៤៦យូនីត ដែលមិនទាន់បានចូលរួមក្នុងការចុះបញ្ជីកម្មសិទ្ធិចំណែកឯកជននៃអគារសហកម្មសិទ្ធិនឹងត្រូវទទួលចុះបញ្ជីនៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញរហូតដល់គ្រប់ចំនួន។
លោកថ្លែងថា៖«ប្រជាពលរដ្ឋទាំង៤៦យូនីត ស្មើនឹង៤៦បន្ទប់នេះ នៅពេលដែលបងប្អូនត្រូវការបណ្ណកម្មសិទ្ធិ ត្រូវទៅជួបជាមួយនឹងមេឃុំ ហើយចាំមេឃុំ ទំនាក់ទំនងផ្ទាល់ជាមួយមន្ទីរជំនាញ រួចយកទម្រង់បែបបទលិខិតស្នាមដែលបានកាន់កាប់ទៅមន្ទីរ។ មន្ទីរបំពេញហើយ នឹងចេញបណ្ណជូនតែម្តង»។
លោក ម៉ក់ ចន្ធី ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិចំណែកឯកជននៅអគារបុរីកីឡា បានឱ្យដឹងថា ក្នុងការចេញបណ្ណកម្មសិទ្ធីនេះ ដើមឡើយអាជ្ញាធរបញ្ជាក់ប្រាប់ថា រស់នៅក្នុងរយៈពេល៥ឆ្នាំនឹងទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រមាណបានរស់នៅជាង ១០ ឆ្នាំហើយទើបទទួលបាន។
ហេតុនេះការផ្តល់ជូននេះ មានការយឺតយ៉ាវបន្តិច ប៉ុន្តែទោះជាយឺតយ៉ាវក៏ដោយ ប្រជាពលរដ្ឋមានបង្កាន់ដៃដែលអាចប្រើប្រាស់បាន។
លោកសប្បាយចិត្តនៅពេលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់។
លោកថ្លែងថា៖«សម្តេចលោកតែងមានក្តីមេត្តា ទោះបីមិនមានបណ្ណកម្មសិទ្ធិ ប៉ុន្តែប្រជាពលរដ្ឋអ្នកនៅទីហ្នឹងតែងយកបណ្ណបង្កាន់ដៃ ទៅប្រើប្រាស់បានដូចបណ្ណកម្មសិទ្ធិដែរកន្លងមក។ បង្កាន់ដៃហ្នឹងយើងអាចយកទៅបញ្ចាំដោះដូរបាន ដាក់ធនាគារ ខ្ចីលុយខ្ចីកាក់អីក៏បានដែរ»៕