អគ្គ​នាយក​នៃ​មូល​និធិ​ជាតិ​ជំនួយ​សង្គម លោក ឈួរ សុបញ្ញា ជំរុញ​ឱ្យ​អាជ្ញាធរ​ស្រុក/ក្រុង ក្នុង​ខេត្ត​តាកែវ ជួយ​ពិនិត្យ​តាមដាន​នូវ​ការអនុវត្ត​កម្មវិធី​ជំនួយ​សង្គម​នៅថ្នាក់​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ធានា​ដល់ការ​ឧបត្ថម្ភ​នានា​បាន​ដល់​ក្រុម​ងាយ​រង​គ្រោះ និង​ឆ្លើយ​តប​ទៅនឹង​វិបត្តិ​នានា​ប្រកប​ដោយ​ប្រសិទ្ធភាព។

ការស្នើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​ពិធី​បើក​វគ្គ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ២០២២ ស្តី​ពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ២០២៣ លើ​ទឹកដី​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ ២០២៣។ កម្មវិធី​នេះ មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​រួម​មានអភិបាល​ខេត្ត អភិបាល​រង​ខេត្ត ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត អភិបាល​ក្រុង/ស្រុក ប្រធាន​ការិយាល័យ​សង្គម​កិច្ច និង​មន្រ្តី​សុខុមាលភាព​សង្គម​ក្រុង/ស្រុក មេឃុំ/ចៅ​សង្កាត់ អ្នកកាន់​កម្មវិធី​ឃុំ/សង្កាត់ សាខា​វីង មន្រ្តី​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ខេត្ត ប្រមាណ ៣០០ នាក់។

អគ្គ​នាយក​នៃ​មូល​និធិ​ជាតិ​ជំនួយ​សង្គម លោក ឈួរ សុបញ្ញា បាន​ថ្លែង​ថា កិច្ច​ប្រជុំ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ ឆ្លុះ​បញ្ចាំង​ពី​វឌ្ឍនភាព​ការងារ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​រយៈពេល​ ១២ ខែ ក្នុង​ឆ្នាំ២០២២ និង​លើក​ទិសដៅ​អនុវត្តបន្ត ហើយ​ក៏មាន​ការចែក​រំលែក​បទ​ពិសោធន៍ បញ្ហា​ប្រឈម​នានា និង​ដំណោះស្រាយ នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​កន្លង​មក ឆ្លង​តាមរយៈ​បទ​បង្ហាញ និង​កិច្ច​ពិភាក្សា។

លោក​ថ្លែង​ថា ក្នុងនាមជា​ប្រត្តិបត្តិករ​នៃ​វិស័យ​ជំនួយ​សង្គម មូល​និធិ​ជាតិ​ជំនួយ​សង្គម​មាន​ចក្ខុ​វិស័យ និង​បេសកកម្ម​វែង​ឆ្ងាយ ស្របតាម​ក្រប​ខ័ណ្ឌ​គោល​នយោបាយ​ជាតិ​គាំពារ​សង្គម និង​ដើម្បី​ឆ្លើយ​តប​ទៅនឹង​យុទ្ធសាស្រ្ត​ចតុ​កោណ​របស់​រាជ​រដ្ឋាភិបាល។ លោក​បញ្ជាក់​ថា៖«ការកសាង​ប្រព័ន្ធ​គាំពារសង្គម​មួយ​ដែលមាន​ភាព​ធន​ពិតជា​បាន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​សង្គមជាតិ​យ៉ាង​ពិតប្រាកដ។ ការវិនិយោគ​លើ​វិស័យ​ជំនួយ​​សង្គម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​លើ​ជន​រង​គ្រោះ​និង​ជន​ងាយ​រង​គ្រោះ​ពិតជា​បាន​ឆ្លើយ​តប​យ៉ាង​មាន​ប្រសិទ្ធភាព និង​បាន​ផ្តល់​នូវភាព​ធន​យ៉ាង​ពិត​ប្រាកដ​ដល់​ក្រុម​ងាយ​រង​គ្រោះ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​វិបត្តិ​នានា»។

នា​ពិធីនោះ​ដែរ​លោក ឈួរ សុបញ្ញា បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​តាកែវ ជាពិសេស​លោក​អភិបាល​ស្រក/ក្រុង ជួយ​ពិនិត្យ​តាមដាន គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​ជំនួយ​សង្គម​នៅ​ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ឱ្យ​មាន​ប្រសិទ្ធភាព​ផងដែរ​។ បន្ថែម​ពីនេះ​លោក ស្នើ​ដល់​មន្ត្រី ឃុំ សង្កាត់​មុន​នឹង​អនុវត្ត​កម្មវិធី​ជាមួយ​អ្នក​ទទួល​ផល ត្រូវ​ធ្វើ​ទៅតាម​នីតិ​វិធី​ឱ្យ​បាន​ច្បាស់លាស់ និង​ដោះស្រាយ​បញ្ហា​ឱ្យ​អស់​លទ្ធភាព​មុន​នឹង​បញ្ជូន​មក​មន្ទីរ និង​ក្រសួង ជាពិសេស​ត្រូវ​ពិនិត្យ​នូវ​ការអនុវត្ត​លក្ខខណ្ឌ ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​កុំ​ឱ្យ​មាន​ការខក​ខាន​។

សូម​ជម្រាប​ថា មូល​និធិ​ជាតិ​ជំនួយ​សង្គម នាពេល​បច្ចុប្បន្ន​បាន​គ្រប់គ្រង និង​អនុវត្ត​នូវ​កម្មវិធី​ជំនួយ​សង្គម​ដូចជា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធនឹង​ជំងឺ​កូវីដ១៩ ដែល​កម្មវិធី​ទាំងពីរ​នេះ​ពិតជា​ទទួល​បាន​ការសាទរ និង​វាយ​តម្លៃ​ខ្ពស់។ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ បាន​លើក​កម្ពស់​សុខុមាល​ភាព​មាតា និង​ទារក បាន​រួម​ចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​ក្នុង​គ្រួសារ​ក្រីក្រ ចាប់​តាំង​កូន​ក្នុង​ផ្ទៃ​រហូត​ដល់អាយុ ២ ឆ្នាំ និង​ជំរុញ​ការលូតលាស់​ទាំងកាយ​សម្បទា និង​បញ្ញា​ស្មារតី។

ដោយឡែក​កម្មវិធី​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ​អំឡុង​ពេល​ប្រយុទ្ធនឹង​ជំងឺ​កូវីដ១៩ កម្មវិធី​នេះ​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ប្រជាជន​ក្រីក្រ ស្រ្តី មនុស្ស​វ័យ​ចាស់ កុមារ ជន​មាន​ពិការ​ភាព អ្នក​ផ្ទុក​មេរោគ​អេសដ៍ បាន​បង្កើត​ប្រព័ន្ធ​គាំពារសង្គម​មួយ​មាន​ប្រសិទ្ធភាព និង​ចីរភាព​ហិរញ្ញវត្ថុ ដើម្បី​រក្សា​លំនឹង​សេដ្ឋកិច្ច​គ្រួសារ​សម្រាប់​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ និង​បាន​ចូលរួម​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​រីក​ចម្រើន​ផង​ដែរ។

គិត​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ២០២០ ដល់​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ​២០២៣ (៣១​លើក​) រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​រដ្ឋ​សរុប​អស់ ៩៣១,៧១ លាន​ដុល្លារ លើ​កម្មវិធី​ជំនួយ​សង្គម​ទាំង​នោះ៕