​ភ្នំពេញៈ ក្រសួង​កិច្ចការនារី បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ ដោយ​បង្ហាញ​ការសោកស្ដាយ​ចំពោះ​បាតុភាព​នៃ​ការ ប្រើប្រាស់​ពាក្យសម្ដី​មិន​សមរម្យ អសុរោះ ប្រាសចាក​សុជីវធម៌ និង​សីលធម៌ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ដោយ​បុគ្គល​មួយចំនួន​តូច ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស សេចក្ដីថ្លៃថ្នូរ​រប​ស់បុ​គ្គល​ជា​ស្ត្រី​ខ្មែរ​។

​សេចក្តីប្រកាស​ព័ត៌មាន​នេះ​បាន​បញ្ជាក់ថា​៖ «​ក្រសួង​កិច្ចការនារី សូម​សម្ដែង​នូវ​ការសោកស្តាយ និង​មិន​គាំទ្រ​ដាច់ខាត ចំពោះ​រាល់​សកម្មភាព និង​ទង្វើ​ទាំងឡាយណា ដែលមាន​ចរិត​ហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស សេចក្ដីថ្លៃថ្នូរ និង​តម្លៃ​របស់​ស្ត្រី​ខ្មែរ ព្រមទាំង​ផ្តល់​ជា​គំរូ​មិនល្អ សម្រាប់​យុវជន យុវតី កុមារា កុមារី ជំនាន់​ក្រោយ ដែលជា​ទំពាំង​ស្នង​ឫស្សី និង​សសរទ្រូង​របស់​ប្រទេសជាតិ​។ ក្រសួង​កិច្ចការនារី សូម​អំពាវនាវ​ដោយ​ទទូច​ដល់​បុគ្គល​ដែលមាន​វិវាទ​នឹង​គ្នា សូម​ប្រកាន់យក​នូវ​ការដោះស្រាយ​ដោយ​សន្តិវិធី ចៀសវាង​ការប្រើប្រាស់​ពាក្យសម្ដី​ជេរប្រមាថ អសុរោះ អសីលធម៌ ដើម្បី​ដោះស្រាយ​បញ្ហា ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​»​។​

​ក្រសួង​កិច្ចការនារី សម្ដែង​ការគាំទ្រ​ដល់​សាធារណជន​ទាំងអស់ ដែល​បាន​សម្ដែង​ការមិន​ពេញចិត្ត​នូវ​រាល់​បាតុភាព​អសកម្ម​ទាំងឡាយ សំដៅ​ដល់​ការប្រមាថ​លើ​តម្លៃ​ស្ត្រី​ខ្មែរ​នា ពេល​ថ្មី​កន្លងមកនេះ​។​

​ការបង្ហាញ​ការសោកស្តាយ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានប្រតិកម្ម​ពី​សំណាក់​មហាជន និង​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​បង្ហាញ​មតិ​មិន​ពេញចិត្ត​ចំពោះ​សំណេរ​លោក ផែង វណ្ណៈ ដែល​បាន​ប្រមាថ​ធ្ងន់ៗ​ទៅលើ​ស្ត្រី​អ្នកសារព័ត៌មាន វិទ្យុ VOD កាលពី​ថ្ងៃទី​ ១១ ខែកុម្ភៈ បន្ទាប់ពី​នាង​បាន​រាយការណ៍ និង​ចេញផ្សាយ​អត្ថបទ​ក្រោម​ចំណងជើង​ថា​៖ «​មន្ត្រី​រដ្ឋាភិបាល​ថា ការដែល​លោក ហ៊ុន ម៉ា​ណែ​ត ដើរតួនាទី​ជំនួស​ឪពុក​ក្នុងការ​ផ្ដល់ជំនួយ​ឱ្យ​តួ​ក​គី មិនមែនជា​រឿង​ខុសឆ្គង​»​។​  

​កាលពី​ថ្ងៃទី ​១៤ កុម្ភៈ អង្គការ សមាគម និង​សហគមន៍​ចំនួន​ ៤០ បានរួម​គ្នា​ចេញ​លិខិត​ចំហ​ ១ ​ទៅកាន់​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​នៃ​ក្រសួង​ព័ត៌មាន លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដោយ​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ទង្វើ​ទាំងនេះ​។​

​ក្នុង​ខ្លឹម​សារលិខិត ពួកគេ​បានស្នើ​ឱ្យមាន​ចំណាត់ការ​ទៅលើ​លោក ផែង វណ្ណៈ ដែលជា​ម្ចាស់​គេហទំព័រ Pheng Vannak News ចំពោះ​ការប្រើប្រាស់​មាតិកា​មិន​សមរម្យ ការប្រមាថ មាក់ងាយ និង​បៀតបៀន​ទៅលើ​ស្ត្រី​អ្នកសារព័ត៌មាន​។​

​ក្រុម​អង្គការ សមាគម និង​សហគមន៍​ទាំង​​ ៤០ ​នេះ ចង់ឱ្យមាន​ការបង្គាប់​ឱ្យ​លោក​ផែង វណ្ណៈ ទទួលស្គាល់​កំហុស កែតម្រូវ​ពាក្យពេចន៍​ប្រមាថ មាក់ងាយ និង​ធ្វើការ​សូមទោស​ជា​សាធារណៈ​ចំពោះ​ស្ត្រី​ជា​អ្នកសារព័ត៌មាន​ដែល​​រងគ្រោះ និង​សាធារណជន​ទូទៅ ចំពោះ​ទង្វើ​ដ៏​អសីលធម៌​របស់គាត់ ហើយ​ឱ្យ​លោក ផែង វណ្ណៈ ចូលខ្លួន​ទទួល​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការរាយការណ៍​ព័ត៌មាន​ដែល​យល់ដឹង​ត្រឹមត្រូវ​អំពី​យេនឌ័រ​ក្នុង​វិស័យ​សារព័ត៌មាន​ផងដែរ​។​

​លោក ថេ ឈុន​ហាក់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេនឌ័រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ក្រសួង​កិច្ចការនារី បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា នេះ​ជា​សេចក្តីប្រកាស​ព័ត៌មាន ដើម្បី​ឆ្លើយតប​នឹង​ព្រឹត្តិការណ៍​ថ្មីៗ​កន្លងមកនេះ​។​

​លោក បាន​បញ្ជាក់ថា​៖ «​សេចក្តីប្រកាស​ព័ត៌មាន​នេះ គឺ​ជូន​ដល់​បុគ្គល​ដែល​ប្រើប្រាស់​ពាក្យសម្តី និង​អំពើ​ដែល​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ និង​តម្លៃ​របស់​ស្ត្រី​»​។​

​លោក ប៉ែន បូ​ណា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ កុម្ភៈ​ថា ដោយសារតែ​ការ​បង្ហោះ​របស់ លោក ផែង វណ្ណៈ បាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឯកជន ដូច្នេះ​ក្រសួង មិនអាច​យក​រឿង​ផ្ទាល់ខ្លួន មក​លាយឡំ​ជាមួយ​ការងារ​បាន​នោះទេ​។

​យ៉ាងណា លោក ប៉ែន បូ​ណា បាន​អះអាងថា ករណីនេះ ក្រសួង​បាន​ណែនាំ​ឱ្យ​លោក ផែង វណ្ណៈ ដកចេញ​នូវ​អ្វីដែល​ខ្លួន​បាន​បង្ហោះ ហើយ​ក្នុងករណី​ភាគី​ពាក់ព័ន្ធ មិន​សុខចិត្ត​ចំពោះ​ទង្វើ​ទាំងនេះ អាច​ដោះស្រាយ​ជាមួយ​លោក​ផែង វណ្ណៈ ដោយផ្ទាល់​។​

​លោក បាន​បញ្ជាក់ថា​៖ «​ទី​១ លោក ​ផែង វណ្ណៈ និយាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឯកជន​មិនមែន​ក្នុង​វេ​ប​សាយ​ព័ត៌មាន​ទេ​។ ដូច្នេះ នេះ​ជា​រឿង​បុគ្គល​ផ្ទាល់ខ្លួន​ដែល​គាត់​ទទួលខុសត្រូវ​ខ្លួនឯង​។ ក្រសួង​មិន​អាចយ​ករឿង​ផ្ទាល់ខ្លួន​មក​លាយឡំ​ជាមួយ​ការងារ​ទេ​។ ទី​២​ទោះយ៉ាងណា ក្រសួង​បាន​អញ្ជើញលោក​ផែង វណ្ណៈ មក​ពិភាក្សា និង​សុំឱ្យ​គាត់​ដកចេញ​នូវ​អ្វីដែល​គាត់​ផូ​ស្ត​នោះ​វិញ​ហើយ​»​។

​នៅ​ថ្ងៃទី​ ១៦ កុម្ភៈ ភ្នំពេញ ​ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​ទៅ​លោក ផែង វណ្ណៈ តាម​ទូរស័ព្ទ ដើម្បី​សុំ​ការបកស្រាយ​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​លោក បាន​ចុច​បិទ​ទូរស័ព្ទ​៕

វីដេអូ៖