ភ្នំពេញៈ ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្រ្វាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ (FrankWalter Steinmeier) បានបញ្ជាក់សាជាថ្មីនូវការត្រៀមខ្លួនរបស់អាល្លឺម៉ង់ ក្នុងការជួយកម្ពុជាប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ ព្រមទាំងនៅតែបន្តគាំទ្រដល់ប្រតិបត្តិការដោះមីននៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទអង្គរ។
លោកបញ្ជាក់ដូច្នេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជារយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ១៤-១៦ កុម្ភៈ។
ក្នុងជំនួបជាមួយលោក Steinmeier លោក ហ៊ុន សែន បានកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ សម្រាប់សកម្មភាពដោះមីននៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មក ខណៈកម្ពុជាបានដាក់គោលដៅក្លាយជាប្រទេសគ្មានគ្រាប់មីននៅត្រឹមឆ្នាំ ២០២៥។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាចេញថ្ងៃទី ១៦ កុម្ភៈ ក្រុមបានដកស្រង់សម្ដីលោក Steinmeier ថា៖ «ឯកឧត្តមប្រធានាធិបតី ហ្រ្វាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័របានឆ្លើយបញ្ជាក់វិញដោយក្តីរីករាយថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងនៅតែបន្តគាំទ្រដល់ប្រតិបត្តិការដោះមីននៅកម្ពុជា និងកិច្ចខំប្រឹងប្រែងអភិរក្សប្រាសាទអង្គរ»។
ក្រសួងបន្តថា៖ «ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់សាជាថ្មី នូវការត្រៀមខ្លួនរួចជាស្រេចរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការជួយដល់កម្ពុជាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។ បច្ចេកវិទ្យាអាល្លឺម៉ង់ ក៏មានផងដែរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេលវែងរបស់កម្ពុជា»។
លោក Steinmeier បានទៅទស្សនាអង្គការហាឡូត្រាស (Halo Trust) និងឧទ្យានបុរាណវិទ្យាអង្គរ ក៏ដូចជាគម្រោងផ្សេងៗនៅក្នុងខេត្តសៀមរាបដែលគាំទ្រដោយប្រទេសអាល្លឺម៉ង់ ជាមួយនឹងអាជ្ញាធរជាតិអប្សរាខណៈនៅរាជធានីភ្នំពេញ លោកបានទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។
ក្រសួងការបរទេសកម្ពុជាចាត់ទុកដំណើរទស្សនកិច្ចរបស់លោក Steinmeier មកកម្ពុជាថា បានបើកទំព័រមាសក្នុងប្រវតិ្តសាស្ត្រនៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ រវាងកម្ពុជា និងអាល្លឺម៉ង់ ហើយថា៖ «ទស្សនកិច្ចនេះ បានប្រារព្ធឡើងប្រកបដោយផ្លែផ្កានិងក្នុងបរិយាកាសស្និទ្ធស្នាលនៃការជឿទុកចិត្តគ្នាទៅវិញទៅមក ការវាយតម្លៃខ្ពស់ និងការគោរព ដែលបង្កើតបានជាឆ្អឹងខ្នងសម្រាប់ទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនរវាងប្រទេសទាំង ២»។
ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ១៤ ខែកុម្ភៈ ថា ប្រទេសអាល្លឺម៉ង់បានគាំទ្រកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីននៅកម្ពុជា និងគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥ ចាប់តាំងពីឆ្នាំ ១៩៩៤ មកម្ល៉េះ ដែលមានទឹកប្រាក់សរុបចំនួន ២៣ លានអឺរ៉ូ (ជាង ២៤ លានដុល្លារអាមេរិក)។ ក្នុងឆ្នាំ ២០២៣ នេះ អាល្លឺម៉ង់បានចូលរួមចំណែកប្រតិបត្តិការនេះនូវទំហំទឹកប្រាក់ ៣ លានអឺរ៉ូ (ជាង ៣ លានដុល្លារអាមេរិក)។
ស្ថានទូតបញ្ជាក់ថា លោក Steinmeier បានទៅទស្សនាតំបន់ឧទ្យានអង្គរដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) រួមមានប្រាសាទអង្គរវត្ត បាយ័ន និងប្រាសាទតាព្រហ្មដ៏ល្បីល្បាញ ហើយថា គម្រោងអភិរក្សអប្សរារបស់អាល្លឺម៉ង់ កំពុងជួយដល់ការអភិរក្សតំបន់នេះ ចាប់តាំងពីការបង្កើតឡើងនៃគម្រោងនេះក្នុងឆ្នាំ ១៩៩៥។
លោក Steinmeier គឺជាប្រធានាធិបតីអាល្លឺម៉ង់ដំបូងគេ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយស្ថានទូតលើកឡើងថា៖ «នេះគឺជាពេលវេលាដ៏ពិសេសមួយ នៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជាអាល្លឺម៉ង់»។
ស្ថានទូតអាល្លឺម៉ង់ បញ្ជាក់ថា លោក Steinmeier បានធ្វើការផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយអំពីស្ថានការណ៍នយោបាយនៅកម្ពុជាជាមួយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងជំនួបកាលពីថ្ងៃទី ១៥ កុម្ភៈ។
ស្ថានទូតបញ្ជាក់ថា៖ «ជាមួយតំណាងសង្គមស៊ីវិលកម្ពុជាលោកប្រធានាធិបតី Steinmeier បានពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ។ ការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ក៏ត្រូវបានលើកឡើងផងដែរ ព្រោះសេរីភាពសារព័ត៌មានជាសសរស្តម្ភសំខាន់ សម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌»។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ កុម្ភៈ ថា អាល្លឺម៉ង់ ជាប្រទេសធំមួយនៃសហគមន៍អឺរ៉ុប ដែលបានផ្តល់ជំនួយដល់ការដោះមីននៅកម្ពុជា ដែលបានផ្តល់លទ្ធភាពដល់ប្រជាជនកម្ពុជាប្រើប្រាស់ដីទាំងនោះសម្រាប់ជីវភាពរស់នៅរបស់ពួកគាត់។
លោកថ្លែងថា៖ «ការផ្តោតរបស់អាល្លឺម៉ង់លើបញ្ហាបរិស្ថាន និងវប្បធម៌ ជាវិធីសាស្ត្រទន់ក្នុងការសហការល្អជាមួយរដ្ឋាភិបាលកម្ពុជា គឺដើម្បីបន្តវត្តមាននិងឥទ្ធិពលរបស់ខ្លួននៅចំពោះមុខការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យដែលមហាអំណាចដទៃទៀត ដូចជា អាមេរិកនៅតែប្រកាន់ជំហររឹងត្អឹងចំពោះកម្ពុជា»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាថ្លែងថា វិស័យដែលអាល្លឺម៉ង់ប្ដេជ្ញាចិត្តជួយកម្ពុជាដូចជា ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុថាមពលកកើតឡើងវិញ និងប្រតិបត្តិការដោះមីនគឺសុទ្ធតែជាវិស័យដែលមានអាទិភាពដែលមានសារៈសំខាន់ផងដែរសម្រាប់កម្ពុជា ហើយជាវិស័យដែលមិនសូវមានចំណុចរសើប ដែលភាគីទាំង២អាចធ្វើការជាមួយគ្នាបាន។ រឿងណាដែលប្រទេសទាំង២អាចធ្វើការជាមួយគ្នាបានគួរតែជំរុញ លើកកម្ពស់ និងលើកកម្រិតទំនាក់ទំនង និងកិច្ចសហការជាមួយគ្នា។
លោកប្រាប់ភ្នំពេញប៉ុស្ដិ៍នាថ្ងៃទី ១៦ កុម្ភៈថា៖ «កន្លែងណាដែលមិនទាន់យល់គ្នា ខ្ញុំគិតថា អាហ្នឹងគឺយើងប្រើពេលវេលាស្វែងយល់ពីគ្នាទៅវិញទៅមកបន្ថែមទៀត ដូចជាពាក់ព័ន្ធជាមួយបញ្ហានយោបាយផ្ទៃក្នុងប្រទេសកម្ពុជាអី ខ្ញុំមើលទៅ ប្រទេសទាំង ២ ហ្នឹងប្រហែលជាមិនទាន់មានទស្សនៈរួមគ្នាជាទូទៅទេ។ អ៊ីចឹងខ្ញុំគិតថា អាហ្នឹងគឺជារឿងដែលប្រទេសទាំង ២ ត្រូវស្វែងយល់គ្នាទៀត»៕