
គ្រូពេទ្យធ្វើតេស្តមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ នាពេលកន្លងទៅ។ រូបថត ហេង ជីវ័ន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ លោក ម៉ម ប៊ុនហេង បានសម្រេចកំណត់តម្លៃធ្វើតេស្ត និងចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្ត កូវីដ១៩ ក្នុងតម្លៃ ៥០ដុល្លារ ជូនអ្នកដំណើរទាំងជនជាតិខ្មែរ និងជនបរទេសដែលមានតម្រូរការចាំបាច់ សម្រាប់ធ្វើដំណើរចេញពីប្រទេសកម្ពុជា។
នេះបើតាមលិខិតរបស់លោក ម៉ម ប៊ុនហេង ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលបានជម្រាបជូនទៅកាន់លោក លោកស្រី ទទួលបន្ទុកមន្ទីរពិសោធន៍ដែលមានការអនុញ្ញាតឱ្យចេញចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្តកូវីដ១៩ នៅតាមបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស។
ក្នុងលិខិតណែនាំ បានគូសបញ្ជាក់ថា ការកំណត់តម្លៃនេះមានសុពលភាពចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះតទៅ។
គួរកត់សម្គាល់ថា ប្រទេសកម្ពុជាពុំតម្រូវឱ្យធ្វើតេស្តម៉ាស៊ីនធំ (PCR) លើអ្នកដំណើរដែលចូលប្រទេសកម្ពុជាទេ លើកលែងតែប្រទេស ដែលតម្រូវឱ្យអ្នកដំណើរចេញពីកម្ពុជាធ្វើតេស្តតែប៉ុណ្ណោះ។
សូមជម្រាបថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៣លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៧២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់។ លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់ និង លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨១,៦៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០ ៧៣០ នាក់។
ក្រសួងសុខាភិបាល បានឱ្យដឹងថា ចំពោះលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៤%៕