កោះកុង/កណ្តាលៈ អង្គការ WCS សហការជាមួយរដ្ឋបាលជលផលនាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ បានយកអណ្តើកហ្លួងចំនួន ១៥ ក្បាលពីមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ទៅប្រគល់ជូនវិទ្យាស្ថានជាតិស្រាវជ្រាវនិងអភិវឌ្ឍវារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន ដែលមានទីតាំងស្ថិតនៅក្នុងឃុំរកា ខេត្តកណ្តាល។
យោងតាមអង្គការ WCS បានឱ្យដឹងនៅថ្ងៃទី ១៧ ខែកុម្ភៈនេះថា ក្នុងចំណោមអណ្តើកទាំង ១៥ ក្បាលនោះ មានញីចំនួន ១ ក្បាល ឈ្មោលចំនួន ១ ក្បាល និង ១៣ ក្បាលទៀតមានវ័យស្ទើរជំទង់ ដែលមិនទាន់ដឹងភេទនៅឡើយនោះទេ។
អង្គការ WCSបានបញ្ជាក់ថា៖«ការប្រគល់នេះ គឺជាការឆ្លើយតបទៅនឹងសំណើរបស់ថ្នាក់ដឹកនាំនៃវិទ្យាស្ថានខាងលើដែលបានស្នើសុំយកប្រភេទអណ្តើកនេះទៅចិញ្ចឹមនៅក្នុងវិទ្យាស្ថានក្នុងគោលបំណងឱ្យនិស្សិតបានធ្វើការសិក្សាស្រាវជ្រាវអំពីជីវសាស្ត្ររបស់ប្រភេទនេះផង និងដើម្បីបង្កាត់ពូជផង។ វិទ្យាស្ថាននោះមានផ្ទៃដីសរុបប្រមាណ ៣០ហិកតា»។
ការបំបែកចំនួនប្រភេទអណ្តើកកម្រនេះយកទៅចិញ្ចឹមនៅទីកន្លែងផ្សេងៗគ្នា គឺជាយុទ្ធសាស្ត្រដ៏ល្អមួយក្នុងការការពារនិងអភិរក្សប្រភេទនេះកុំឱ្យផុតពូជ។ វិទ្យាស្ថាននេះ ក្លាយជាទីកន្លែងចិញ្ចឹមនិងបង្កាត់ពូជប្រភេទជិតផុតពូជបំផុត ទីបីនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងស្ថិតក្នុងខេត្តកោះកុង និងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះស្ថិតក្នុងខេត្តសៀមរាប៕