ត្បូងឃ្មុំៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានធ្វើការណែនាំដល់កសិករឱ្យធ្វើការរក្សាទុកពូជស្រូវដោយខ្លួនឯង ដើម្បីកាត់បន្ថយចំណាយក្នុងការដាំដុះ ហើយត្រូវចុះមើលស្រែជាទៀងទាត់ ដើម្បីតាមដានទប់ស្កាត់សមាសភាពចង្រៃ។
ការធ្វើការណែនាំនេះត្រូវបានធ្វើឡើងក្នុងពេលដែលមន្ត្រីជំនាញកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធបានចុះពិនិត្យការដាំដុះជាថ្មីនិងក្តាប់ពីស្ថានភាពប្រមូលផលដំណាំស្រូវដែលបានដាំស្តារឡើងវិញក្រោយជំនន់ទឹកទន្លេមេគង្គនាពេលកន្លងមកនៅភូមិសាស្ត្រឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមក្រសួងកសិកម្មនៅថ្ងៃទី១៧ខែកុម្ភៈនេះ។
តាមរបាយការណ៍របស់រដ្ឋបាលឃុំបានឱ្យដឹងថា ការដាំជាថ្មីពេលនេះធ្វើឡើងលើផ្ទៃដីប្រមាណ១០០ ហិកតា បន្ទាប់ពីប្រមូលផលរួច ដោយប្រើប្រាស់ពូជដែលបានពីការដាំដុះស្តារឡើងវិញកន្លងមកនេះ ហើយបានពិនិត្យឃើញថា ស្រូវមានដំណុះល្អ។ ពូជស្រូវអន្តរាគមន៍ពីរាជរដ្ឋាភិបាលដាំស្តារឡើងវិញបន្ទាប់ពីទឹកជំនន់កន្លងមកនេះ ប្រជាកសិករប្រមូលផលរួចរាល់ដោយមានទិន្នផលជាមធ្យម ៦តោនក្នុងមួយហិកតា ព្រោះគ្រាប់ពូជមានដំណុះនិងសុខភាពល្អ លក់បានតម្លៃ ១ ០៣០រៀលក្នុងមួយគីឡូក្រាម។
ប្រជាកសិករសប្បាយរីករាយនិងបន្តរក្សាទុកជាពូជមកដល់ពេលនេះទៀត។ ក្នុងឆ្នាំ២០២២ ឃុំព្រះធាតុ ស្រូវខូចខាតដោយទឹកជំនន់ ១៣០ហិកតា ស្មើ២០៤គ្រួសារ ហើយទទួលបានការជួយអន្តរាគមន៍ពូជពីរាជរដ្ឋាភិបាលចំនួន ១៥៨០០គីឡូក្រាម។
តាមការពិនិត្យនេះឃើញថា ការរក្សាទុកពូជបន្តនេះ ពូជមានគុណភាពទទួលយកបាន ក្រុមការងារ ក៏បានណែនាំ និងសូមឱ្យលោករដ្ឋបាលឃុំជួយផ្សព្វផ្សាយបន្ត ជូនប្រជាកសិករ ឱ្យរក្សាទុកស្រូវនៅជ្រុងណាមួយនៃដីស្រែដែលគិតថាមានបរិមាណស្រូវសមល្មមសម្រាប់ព្រោះលើផ្ទៃដីដាំបន្ត ដោយធ្វើការសម្អាតស្មៅ កាត់ពូជលាយ និងសម្រាំងគ្រាប់ឱ្យបានស្អាតល្អ។ ការធ្វើបែបនេះ វានឹងអាចឱ្យកសិករមានពូជគុណភាពសមរម្យនិងកាត់បន្ថយចំណាយលើការទិញពូជពីក្រៅ។
ក្នុងឆ្នាំ២០២២កន្លងមក ដំណាំស្រូវរបស់ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ ៣ ៩០៥,៧០ហិកតាបានខូចខាតដោយសារទឹកជំនន់ ស្មើនឹង ៤ ៩៩២គ្រួសារ ហើយទទួលបានការជួយអន្តរាគមន៍ផ្តល់ស្រូវពូជពីរាជរដ្ឋាភិបាល ៣៩៥ ០៥០គីឡូក្រាម។ តាមរយៈការចុះពិនិត្យកន្លងមកស្រូវមានដំណុះល្អ លូតលាស់ល្អ ហើយរហូតមកដល់ពេលនេះ ស្រូវទាំងអស់បានប្រមូលផលរួចរាល់ដោយមានទិន្នផលជាមធ្យម៥,៥តោនក្នុងមួយហិកតា លក់បានក្នុងតម្លៃជាមធ្យម ១ ០២០រៀលក្នុងមួយគីឡូក្រាម៕