​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បាន​ណែនាំ​ឱ្យ​ក្រុមនិស្សិត​ស្ម័គ្រចិត្ត​យកចិត្តទុកដាក់​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​ពី​ការងារ​ផលិត​ពូជស្រូវ ដើម្បី​រួមចំណែក​ជួយ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ឱ្យ​ប្រកប​របរ​កសិកម្ម​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​ស្ម័គ្រចិត្ត​ចំនួន ២១១​នាក់ មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ លោក ឌិ​ត ទីណា បាន​ណែនាំ​ឱ្យ​ក្រុមនិស្សិត ហាត់​ការ​ត្រូវមាន​ភាពក្លាហាន ភាព​វៃឆ្លាត និង​ចេះ​រៀន​រស់​ជាមួយនឹង​បរិបទ​ខាងក្រៅ ដែល​ការ​ទាំងនេះ​នឹង​ក្លាយជា​ទុន​សម្រាប់​និស្សិត​ក្នុងការ​អភិវឌ្ឍ​ខ្លួន ដើម្បី​អាច​ក្លាយជា​មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន និង​អ្នកជំនួញ​នាពេល​អនាគត​។

​លោក​បាន​បញ្ជាក់ថា ៖«​វត្តមាន​របស់​និស្សិត​ស្ម័គ្រចិត្ត​កសិកម្ម​នៅតាម​សហគមន៍ និង​នៅតាម​ឃុំ​នីមួយៗ តាម​អនុសាសន៍​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល នឹង​រួមចំណែក​ជួយ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ឱ្យ​ប្រកប​របរ​កសិកម្ម​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​។​ដើម្បី​សម្រេច​ការងារ​នេះ គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​និស្សិត​ស្ម័គ្រចិត្ត​ក្នុង​ការជួយ​ដល់​កសិករ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (CARDI) តាំងពី​ក្នុង​មន្ទីរពិសោធន៍ ការដាំដុះ រហូតដល់​ទីផ្សារ​សម្រាប់​កសិករ​។ នេះ​ជាការ​បើកឱកាស​លើកទីមួយ និង​ជាការ​ប្រមូលផ្តុំ​និស្សិត​ស្ម័គ្រចិត្ត​លើកដំបូង​ក្នុង​ការជួយ​ដល់​កសិករ​»​។

​លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹង​ដែរ​ថា តាមរយ​:​ការផ្តួចផ្តើម​គំនិត​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នេះ និស្សិត​ស្ម័គ្រចិត្ត​ចំនួន ២០០ នាក់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​កំពុង​ត្រៀមខ្លួន​ចុះជួយ​កសិករ​ក្នុងការ​ពង្រឹងពង្រីក​ការផលិត​ពូជស្រូវ​ល្អ​។

​លោក​បាន​បញ្ជាក់ថា​៖«​ការងារ​នេះ​នឹងចូលរួម​ចំណែក​លើកស្ទួយ​ជីវភាព​កសិករ​និង​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ក៏ដូចជា​ត្រៀម​ធនធានមនុស្ស​ជាម​ន្ត្រី​កសិកម្ម​ឃុំ​នៅពេល​ខាងមុខ​។​ខ្ញុំ​នឹងចូលរួម​ចំណែក​គាំទ្រ​ដល់​ការពង្រឹង​សមត្ថភាព​ដ​ល់​និស្សិត​ទាំងនេះ​ក្នុងការ​ធ្វើការ​ជាមួយ​កសិករ​»​។​

​លោក យ៉ង សាំង​កុមារ បាន​បន្ថែមថា ក្នុងនាម​លោក​ជា​អ្នកជំនាញ​កសិកម្ម និង​បានចាប់ផ្តើម​ធ្វើការ​ជាមួយ​ក្រសួងកសិកម្ម​ផ្ទាល់ លោក​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​នេះ​ឱ្យបាន​ជោគជ័យ​ដើម្បី​ផលប្រយោជន៍​កសិករ កសិកម្ម និង​ការអភិវឌ្ឍ​សង្គមជាតិ​ទាំងមូល​។​

​លោក​បាន​បញ្ជាក់ទៀតថា​៖«​ការខ្វះខាត​អ្នកជំនាញ​កសិកម្ម នៅតាម​ថ្នាក់មូលដ្ឋាន​នេះ គឺជា​បញ្ហា​ប្រឈម​មួយ​ក្នុងចំណោម​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់​វិស័យ​កសិកម្ម ដោយសារ​ប្រទេស​កម្ពុជា ជា​ប្រទេស​កសិកម្ម ដែល​តម្រូវឱ្យមាន​អ្នកជំនាញ​យ៉ាងហោចណាស់​ម្នាក់​នៅតាម​ឃុំ​នីមួយៗ ដើម្បី​ជួយ​ដល់​កសិករ​ដោយផ្ទាល់​»​។

​បើតាម​លោក​យ៉ង សាំង​កុមារ ក្រសួង​នឹង​បែងចែក​ធនធានមនុស្ស​របស់​ក្រសួង​ទៅតាម​ទីតាំង​ដែល​សម្បូរ​ផលិតផល​កសិកម្ម​ផ្សេងៗ​គ្នា ដោយ​អ្នកជំនាញ​ខាង​ស្រូវ នឹងដាក់​ទៅខាង​ឃុំ​ដែល​សម្បូរ​ស្រូវ អ្នកជំនាញ​ខាង​ដំឡូង​មី ដាក់​ទៅ​ឃុំ​ដែល​សម្បូរ​ដំឡូង​មី ឬ​អ្នកជំនាញ​បន្លែ​ទៅតាម​បន្លែ ដើម្បី​ជួយ​លើ​ការងារ​បច្ចេកទេស ការងារ​សម្របសម្រួល​ចងក្រង​ជា​សហគមន៍ និង​ការងារ​ទីផ្សារ​ជាដើម​។​លោក​បានស្នើ​ដល់​និស្សិត​ទាំងអស់​គួរ​ចាប់ផ្តើម​គិត​រៀន​ជំនាញ​កសិកម្ម​ឱ្យបាន​ច្រើន ដែល​គោលនយោបាយ​នេះ នឺង​ធ្វើឱ្យ​ទីផ្សារការងារ​របស់​និស្សិត​កសិកម្ម កាន់តែ​សម្បូរបែប ហើយ​នេះ​ក៏​ជាការ​រួមចំណែក​មួយផ្នែក​របស់​និស្សិត ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។​

​សូម​ជម្រាបជូន​ថា ក្រោយពី​ទទួល​ការណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បានប្រកាស​ជ្រើសរើស​និស្សិត​ស្ម័គ្រចិត្ត​ដែល​ទើប​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​បាន​និស្សិត​ចំនួន ២១១​នាក់ ក្នុងនោះ​នារី​ចំនួន ១១២​នាក់ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី "​គម្រោង​ជំរុញ​ផលិតកម្ម​ដំណាំ​គ្រាប់​ពូជស្រូវ និង​ជំរុញ​ការនាំចេញ​អង្ករ​ប្រកបដោយ​គុណភាព​" ដែល​ស្ថិតក្នុង​ខេត្ត​គោលដៅ​ចំនួន ៩​។

​គួរ​បញ្ជាក់ដែរថា និស្សិត​ទាំងនេះ មកពី​មហាវិទ្យាល័យ​ចំនួន ៨​មានដូចជា​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម សេដ្ឋកិច្ច​កសិកម្ម​និង​អភិវឌ្ឍ​ជនបទ កសិឧស្សាហកម្ម រៀបចំ​ដែនដី​និង​រដ្ឋបាល​ដីធ្លី វិទ្យាសាស្ត្រ​កៅស៊ូ វិទ្យាសាស្ត្រ​ជលផល និង​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សត្វ​៕