
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់កាលបរិច្ឆេទឈប់ទទួលពាក្យអតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ខណៈមានបុគ្គលិកចំនួន ៨ រូប បានស្នើសុំចូលក្របខ័ណ្ឌរដ្ឋ ហើយលោកបានបញ្ជាក់ជាថ្មីថា VOD មិនអាចបើកឡើងវិញនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី១៧ខែកុម្ភៈថា កាលពីថ្ងៃ១៤កុម្ភៈ២០២៣ លោកបានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋជូនបុគ្គលិកវិទ្យុវីអូឌីដែលបានបាត់បង់ការងារធ្វើ ហើយគិតត្រឹមល្ងាចថ្ងៃ១៧កុម្ភៈ២០២៣ មានបុគ្គលិក៨រូបបានមកដាក់ពាក្យសុំចូលធ្វើការ។ លោកបានបញ្ជាក់ថា៖«ដើម្បីបញ្ចប់ការងារនេះខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង១៧.០០នាទីថ្ងៃ២៨កុម្ភៈ២០២៣។ ខ្ញុំសូមបញ្ជាក់សាជាថ្មីថាវិទ្យុវីអូឌីគ្មានថ្ងៃរស់ឡើងវិញឡើយនិងខ្ញុំសូមអរគុណ»។
លោកបន្ថែមថា៖«ចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួន មិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែនិងឡើងត្នោត ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជីវិត។ ក្របខ័ណ្ឌរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបាន ប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ។ ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេព្រោះខ្ញុំនឹងរុញទូកបណ្តោយទឹកដើម្បីឱ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ»។
គួររំឭកផងដែរ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើ ដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋ សម្រាប់បងប្អូនដែលមានបំណងចូលបម្រើកិច្ចការរដ្ឋ។ សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈ ដើម្បីដាក់ពាក្យសុំធ្វើការ»។
លោកបញ្ជាក់ថា៖ «សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើង ហើយយើងសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេស គ្មានសិទ្ធិមកបង្គាប់បញ្ជាឱ្យយើងធ្វើនេះឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង»។
លោកបន្ថែមថា៖ «ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយ វាមិនធ្វើឱ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ តែផ្ទុយទៅវិញ វានឹងជួយដល់ការអនុវត្តច្បាប់និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង»។
ក្រសួងព័ត៌មានកាលពីថ្ងៃទី១៣ ខែកុម្ភៈ បានសម្រេចលុបអាជ្ញាប័ណ្ណរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលគ្រប់គ្រងវិទ្យុវីអូឌី (VOD)។
ក្រសួងព័ត៌មានលើកឡើងថា ៖«ការលុបអាជ្ញាប័ណ្ណនេះដោយសារអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញ្ញត្តិច្បាប់ ស្តីពីរបបសារព័ត៌មាន ក្រោយពីវិទ្យុនេះបានចុះផ្សាយអត្ថបទថា «មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្តល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង» កាលពីថ្ងៃទី៩ កុម្ភៈ»៕