
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវជាឱឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។
ក្នុងព្រះរាជសារអំពាវនាវរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី៨ ខែកុម្ភៈ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈនេះ មានបន្ទូលថា ការបោះឆ្នោត នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ ២០២៣ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
ព្រះមហាក្សត្រមានបន្ទូលយ៉ាងដូច្នេះថា៖ «សូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបុគ្គលណាមួយឱ្យសោះ»។
ក្នុងព្រះរាជសារ បានអំពាវនាវដល់ជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ និងគណបក្សណាមួយដោយសេរី។
គជប បានបញ្ជាក់ថា គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយដែលមានបំណងចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៣។
គជប សង្ឃឹមទុកជាមុនថា គ្រប់គណបក្សនយោបាយ និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ ២០២៣ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕
វីដេអូ៖