ភ្នំពេញៈ ស្ពាន-ផ្លូវ មានតួនាទីសំខាន់ ជាសរសៃឈាមជួយជំរុញលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបានជួយតភ្ជាប់ការដឹកជញ្ជូនគ្រប់ផលិតផល កសិផលរបស់ប្រជាពលរដ្ឋ ទៅកាន់គ្រប់ច្រកល្ហកទាំងក្នុងតំបន់ និងទៅកាន់សកលលោក ដែលអាចទ្រទ្រង់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ បានល្អប្រសើរ។
នេះជាការថ្លែងឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវការ ស្ពានបត់ដុំដៃ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល ក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ស្របពេលសាលាបឋមសិក្សាវត្តជ្រោយ ក៏ត្រូវបានជួសជុលឡើងវិញរួចរាល់ផងដែរ។
នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានថ្លែងឡើងដោយលោកបានថ្លែងអំណរអរគុណចំពោះលោក អ៊ូអីណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជានិងប្រជាជនព្រមទាំងរដ្ឋាភិបាលនៃប្រទេសជប៉ុន (ជំនួយគូសាណូណិ) ដែលជាមិត្តតែងជួយដល់កម្ពុជា និងជាដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបានចាប់តាំងពីគ្រាកន្លងមក និងពេលខាងមុខ។
លោកបានបន្តថា តួយ៉ាងសមិទ្ធផលដែលមិត្តជប៉ុនបានជួយកន្លងមកបានបង្ហាញឲ្យឃើញស្រាប់ ពិសេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ជប៉ុនបានជួយសាងសង់ រួមមាន៖ ស្ពានត្សឹបាសា ស្ពានជ្រោយចង្វារទី១ ស្ពានគីហ្សូណា ស្ពាន៧កន្លែង នៅខេត្តព្រៃវែង និងខេត្តក្រចេះ ផ្លូវជាតិលេខ៥ កំណាត់ផ្លូវជាតិលេខ១ គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ និងអនាម័យ ជាក់ស្តែងស្ពានបត់ដុំដៃ ស្ថិតក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល មានជាសក្ខីភាព។
លោក ស៊ុន ចាន់ថុល ថ្លែងថា៖ «ស្ពាន-ផ្លូវ មានតួនាទីសំខាន់ ជាសរសៃឈាមជួយជំរុញលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយបានជួយតភ្ជាប់ការដឹកជញ្ជូនគ្រប់ផលិតផល កសិផលរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់គ្រប់ច្រកល្ហកទាំងក្នុងតំបន់ និងទៅកាន់សកលលោក ដែលអាចទ្រទ្រង់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ បានល្អប្រសើរ»។
ស្របពេលដែលមានពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបត់ដុំដៃ ប្រវែង១៨ម៉ែត្រ ទទឹង៤ម៉ែត្រ សាងសង់ពីបេតុងសរសៃដែក ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន (ជំនួយគូសាណូណិ) តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា អគារសាលាបឋមសិក្សាវត្តជ្រោយ ១ខ្នង មាន ៣បន្ទប់ ក៏បានសម្រេចការជួសជុលរួចរាល់ឡើងវិញផងដែរ ដោយប្រើថវិការបស់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ដែលស្ថិតនៅក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ជាក់ស្តែងក្នុងឆ្នាំ២០២៣នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបើកការដ្ឋានសាងសង់ផ្លូវជាច្រើនខ្សែ ក្នុងនោះមានទាំងផ្លូវជាតិលេខ២៣ ដែលផ្តើមចេញពីឃុំលើកដែក ស្រុកកោះធំ ឆ្ពោះទៅស្រុកលើកដែក ផ្លូវជាតិលេខ ១៤។
សូមបញ្ជាក់ថា ស្ពានបត់ដុំដៃ ពីមុនជាស្ពានឈើសាងសង់ឡើងតាំងពីមុនឆ្នាំ១៩៦២ ហើយបន្តប្រើប្រាស់រហូតដល់ឆ្នាំ២០២១ ដោយពិនិត្យឃើញមានភាពទ្រុឌទ្រោម ទើបក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ រួមជាមួយភាគីជប៉ុន ក្រោមគម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្ស «ជំនួយគូសាណូណិ» ចាប់ផ្តើមសាងសង់ស្ពានបេតុងសរសៃដែកនេះឡើងនៅថ្ងៃទី១១ ខែមីនា ២០២២ នឹងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី១ កក្កដា ២០២២ លឿនជាងផែនការគ្រោងទុក។
ជាមួយនោះក៏មានការជួសជុលឡើងវិញ អគារសាលាបឋមសិក្សាវត្តជ្រោយ ១ខ្នង មាន ៣បន្ទប់ បានសាងសង់ចាប់តាំងពីក្នុងឆ្នាំ១៩៩៦ មានរយៈពេល២៦ឆ្នាំ ហើយបានរងការស្រុតនៅកម្រាលបាតដោយមូលហេតុរងការលិចត្រាំទឹកឡើងរាល់រដូវវស្សា អគារនេះក្រុមការងារបានបញ្ចប់ការសាងសង់ហើយរួចរាល់១០០% នៅថ្ងៃទី១០ ឧសភា ២០២២ នឹងបានផ្តល់ជូនលោកនាយកសាលាដាក់ឲ្យប្រើប្រាស់ជាធម្មតាឡើងវិញ៕