ភ្នំពេញៈ ស្ថានទូតបារាំងប្រចាំកម្ពុជាបានឱ្យដឹងថា ក្នុងក្របខ័ណ្ឌនៃការជួសជុលយ៉ាងយកចិត្តទុកដាក់មួយ ក្រុមការងាររោងជាង និងអភិរក្សថ្មនៃសារមន្ទីរជាតិកម្ពុជា និងសាលាបារាំងចុងបូព៌ា (EFEO) ទើបនឹងបានផ្គុំព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ជាមួយបំណែកព្រះហស្តរបស់ព្រះអង្គក្នុងឥរិយាបថលើកដៃប្រណម្យ។
ស្ថានទូតបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ១៩ ខែកុម្ភៈថា ៖ «ព្រះបដិមាព្រះបាទជ័យវរ្ម័នទី៧លេចរូបរាងដើមសារជាថ្មី!។ នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ព្រះហស្តស្តាំជាមួយប្រអប់ដៃសំពះនេះត្រូវបានកត់សម្គាល់ដោយលោក អូន វ៉ន និងលោក មីសែល ត្រាណេ នៅប្រាសាទព្រៃ (ភាគឦសាននៃប្រាសាទព្រះខ័ន)។ ថ្មីៗនេះព្រះហស្តនេះត្រូវបានយកចិត្តទុកដាក់សាជាថ្មីដោយលោក Eric Bourdonneauនៅអភិរក្សដ្ឋានអង្គរ»។
បំណែកសំខាន់ៗនៃតួខ្លួនបែកបាត់ ត្រូវបានរកឃើញដោយលោក Henri Marchalនៅភាគឦសាននៃអង្គរធំក្នុងឆ្នាំ ១៩២៤។ ៧ ឆ្នាំក្រោយមក លោក Henri Marchalបានរកឃើញព្រះសិរនៅខាងកើតអង្គរធំ ដែលអនុញ្ញាតឲ្យអ្នកស្រាវជ្រាវកំណត់អត្តសញ្ញាណរបស់ព្រះបរមរូប។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតបារាំងប្រចាំកម្ពុជា។
ព្រះបដិមាត្រូវបានយកមកតម្កល់ទុកនៅសារមន្ទីរជាតិនៅឆ្នាំ១៩៣៤ហើយទទួលបានការជួសជុលសំខាន់ឡើងវិញដោយសារមន្ទីរជាតិ និង EFEO នៅឆ្នាំ ១៩៩៩។
កាលពីចុងខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ សារមន្ទីរជាតិ បានបង្ហាញពីលទ្ធផលនៃការតភ្ជាប់ព្រះហស្តចំនួន២ដែលត្រូវបានរកឃើញជាបន្តបន្ទាប់នោះ ថាជាព្រះហស្តរបស់ព្រះបាទជ័យវរ្ម័នទី៧ បន្ទាប់ពីធ្វើការផ្គុំឡើងវិញអស់រយៈពេលជាច្រើនឆ្នាំ។
សារមន្ទីរជាតិ បានឱ្យដឹងថា ជាកំណត់សម្គាល់ បំណែកព្រះហស្តស្តាំនៃរូបព្រះបាទជ័យវរ្ម័នទី៧ រកឃើញនៅក្នុងឆ្នាំ១៩៩០ ដោយឡែកបំណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំង២នេះ អ្នកស្រាវជ្រាវខ្មែរលោក មីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថាបំណែកទាំង២នេះជាបំណែកព្រះហស្ដរបស់ព្រះបាទជ័យវរ្ម័នទី៧ ប៉ុន្តែលោកគ្មានឱកាសក្នុងការយកមកសាកល្បងតភ្ជាប់ជាមួយរូបព្រះអង្គនៅសារមន្ទីរជាតិឡើយ។
សារមន្ទីរជាតិកម្ពុជា បន្តថា៖«សម្មតិកម្មនេះ បានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។ ការតភ្ជាប់ដោយបច្ចេកវិទ្យានេះ បង្ហាញថា បំណែកដៃទាំង២ពិតជារបស់ព្រះបាទជ័យវរ្ម័នទី៧ពិតប្រាកដមែន ព្រោះស្នាមតំណដែលបែកបាក់នោះត្រួតស៊ីគ្នាល្អស្ទើរ១០០%»។
គោលបំណងនៃការអភិរក្ស និងជួសជុលនេះ ដើម្បីប្រយោជន៍លើកតម្កើងកិត្យានុភាព និងរំឭកគុណូបការពុំអាចកាត់ថ្លៃបានរបស់ព្រះមហាវីរក្សត្រនាសម័យអង្គរ ដែលបានបូជាកម្លាំងកាយចិត្តសម្រាប់ការពារកម្ពុជទេសនេះ៕