ភ្នំពេញៈ គម្រោងគ្រប់គ្រងអាងទន្លេអាស៊ានរួមគ្នា (IRBM) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ដើម្បីបង្កើតវិធីសាស្ត្រជាក់ស្តែង និងប្រកបដោយភាពច្នៃប្រឌិតសម្រាប់សហគមន៍ ឧស្សាហកម្ម និងរដ្ឋាភិបាលធ្វើការស្តារឡើងវិញនូវទន្លេនៅតំបន់អាស៊ីអាគ្នេយ៍។
នេះគឺជាគម្រោងថ្នាក់តំបន់ ដែលមានរយៈពេល៥ឆ្នាំ ដែលមានគោលបំណងកាត់បន្ថយការបំពុល និងការរក្សាលំហូរបរិស្ថាននៅក្នុងសមុទ្រអាស៊ីបូព៌ាតាមរយៈការអនុវត្តគម្រោង IRBM នេះ។
យោងតាមផែនការសកម្មភាពនៃតំបន់អាស៊ាន ស្តីពីការទប់ស្កាត់កាកសំណល់សមុទ្រ សំណល់ប្លាស្ទិកត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន៨០ភាគរយនៃកាកសំណល់សមុទ្រទាំងអស់ ដែលមានក្នុងមហាសមុទ្រនៃតំបន់នេះ។
គាំទ្រដោយមូលនិធិបរិស្ថានសកល Global Environment Facility (GEF) និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) គម្រោងនេះនឹងបង្កើតយន្តការ IRBM ដែលមានមុខងារនៅក្នុងអាងទន្លេសំខាន់ៗនៃប្រទេសសមាជិកអាស៊ានចំនួន៦ គឺកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។
លោក InthavyAkkharath ប្រធានក្រុមការងារអាស៊ាន ទទួលបន្ទុកគ្រប់គ្រងធនធានទឹក ថ្លែងថា គម្រោងនេះនឹងដាក់បញ្ចូលនូវចំណេះដឹង អំពីការតភ្ជាប់ដ៏សំខាន់រវាងទន្លេ និងសមុទ្រ។ បទពិសោធន៍ល្អៗ សម្រាប់ជាគំរូ ហើយគ្រោះថ្នាក់ដែលត្រូវចៀសវាង នឹងត្រូវបានចែករំលែកទៅដល់ការគ្រប់គ្រងទន្លេផ្សេងៗទៀត។
លោក Selva Ramachandran តំណាង UNDP ប្រចាំប្រទេសហ្វីលីពីន ថ្លែងថា ការប្រើប្រាស់ទឹកក្នុងចំណោមប្រទេសអាស៊ាន កំពុងកើនឡើងយ៉ាងឆាប់រហ័ស ខណៈដែលបញ្ហាប្រឈមគុណភាព និងបរិមាណទឹកគំរាមកំហែងដល់ការបង្អាក់ដល់កំណើនសេដ្ឋកិច្ចដែលត្រូវការយ៉ាងខ្លាំង។
លោក Ramachandran ថ្លែងថា៖ «យើងមានសេចក្តីរីករាយក្នុងការជួយដោះស្រាយបញ្ហាសំខាន់នៃអភិបាលកិច្ចទឹកសាបនៅក្នុងអាងទន្លេ ដែលហួសពីដែនសមត្ថកិច្ចជាតិ ដោយដោះស្រាយបញ្ហាឆ្លងដែន ដូចជាការបំពុល ការគ្រប់គ្រងតំបន់ទឹក ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ»។
លោក EkkaphabPhanthavong អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកកិច្ចការសហគមន៍សង្គម-វប្បធម៌អាស៊ានថ្លែងថា៖«គម្រោងនេះគឺជាសក្ខីភាពនៃសកម្មភាពរួម និងឆ្ពោះទៅមុខរបស់អាស៊ាន ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងធនធានទឹក នៅក្នុងតំបន់របស់យើង»។
លេខាធិការដ្ឋានអាស៊ាន បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១៧ ខែកុម្ភៈថា អង្គការភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសម្រាប់សមុទ្រនៃអាស៊ីបូព៌ា (PEMSEA) ដែលជាទីភ្នាក់ងារអនុវត្តន៍គម្រោងនេះ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធក្នុងប្រទេសអាស៊ាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចនៃប្រព័ន្ធតភ្ជាប់ប្រភពទឹកសមុទ្រ ក៏ដូចជាការកសាងសមត្ថភាពរៀបចំផែនការ និងពង្រឹងយន្តការគ្រប់គ្រងអាងទន្លេ។
លោកស្រី Aimee Gonzales នាយកប្រតិបត្តិអង្គការ PEMSEA ថ្លែងថា អង្គការនេះ ចាត់ទុកគម្រោងនេះថា ជាផ្នែកបន្ថែមនៃកិច្ចការរបស់ PEMSEA លើការគ្រប់គ្រងសមុទ្ររួមគ្នា ដោយសារទន្លេ គឺជាផ្លូវទឹកពីធម្មជាតិដែលហូរទៅកាន់សមុទ្រ។
លោកស្រីថ្លែងថា៖ «យើងមានសេចក្តីសោមនស្សក្នុងការបង្កើតឱ្យមានការប្រើប្រាស់វិធីសាស្រ្តគ្រប់គ្រងអាងទន្លេរួមគ្នា ធ្វើរបាយការណ៍ស្ថានភាពអាងទន្លេ ដែលធ្វើឡើងដំបូងគេនៅក្នុងតំបន់ សាកល្បងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងការជ្រើសរើសទីតាំងសាកល្បងនៅក្នុងអាងទន្លេដែលបានកំណត់ ខណៈពេលយើងកំពុងបញ្ជ្រាបសមភាពយេនឌ័រ និងបរិយាប័ន្នសង្គម»។
ការដាក់ឱ្យដំណើរការគម្រោងនេះ ធ្វើឡើងស្របទៅតាមសិក្ខាសាលាការចាប់ផ្តើមគម្រោង និងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងលើកដំបូង ដើម្បីពិភាក្សាអំពីការរៀបចំការអនុវត្តគម្រោង។ ពិធីសម្ពោធគម្រោងនេះមានការចូលរួមពីតំណាងក្រុមការងារអាស៊ានទទួលបន្ទុកកិច្ចការគ្រប់គ្រងធនធានទឹក លេខាធិការដ្ឋានអាស៊ាន អង្គការUNDP, អង្គការ PEMSEA និងដៃគូអនុវត្តគម្រោង៕