រតនគិរីៈ ក្រុមមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី កំពុងបន្តស្រាវជ្រាវស្វែងរកអត្តសញ្ញាណម្ចាស់ឈើ និងរថយន្តបង្កង់ដឹកឈើដែលបានលួចលាក់ធ្វើសកម្មភាពកាប់ និងដឹកឈើមកកែច្នៃដោយខុសច្បាប់នៅក្នុងទីតាំង ១ កន្លែង ដែលស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ជាប់នឹងទីលានប្រណាំងរថយន្តគោព្រៃ Off-Road មណ្ឌលគិរី ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
លោក អ៊ូ សុភក្តី ប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំពូជ្រៃថា មានមនុស្ស ១ ក្រុម លួចបង្កើតទីតាំងរោងកែច្នៃឈើខុសច្បាប់នៅក្នុងព្រៃ ១ កន្លែងជាប់ទីលានក្លិបគោព្រៃប្រណាំងរថយន្ត Off-Road មណ្ឌលគិរី។
បន្ទាប់ពីទទួលដំណឹងនោះ លោកបានដឹកនាំក្រុមការងារ ចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោយកិច្ចសហការសម្របសម្រួលផ្នែកច្បាប់ពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យ និងរកឃើញមានរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ចំនួន ៤ ទីតាំង នៅជាប់ទីលានប្រណាំងរថយន្តនៃក្លិបគោព្រៃ Off-Road នោះពិតប្រាកដមែន។
លោក សុភក្ដី បានបញ្ជាក់ថា៖«ក្រុមជនប្រព្រឹត្តបទល្មើសទំនងជាបានដឹងខ្លួនជាមុន ហើយគេចខ្លួន មុនពេលក្រុមការងារយើងទៅដល់។ ទោះយ៉ាងណា ក្រុមការងារយើង បានរឹបអូស និងដឹកជញ្ជូនវត្ថុតាង រួមមានរថយន្តបង្កង់ដឹកឈើ២គ្រឿងម៉ូតូ១គ្រឿង រួមទាំងឈើមូល ឈើអារ ៤ ជ្រុងទ្រវែង និងឈើក្ដារបន្ទះជាច្រើនទៀត យកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការតាមនីតិវិធី»។
យ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ឱ្យដឹងអំពីចំនួនឈើដែលត្រូវបានរឹបអូសនោះ មានប៉ុន្មានម៉ែត្រគុបនោះទេ ហើយក៏មិនបានប្រាប់ឱ្យដឹងថា តើឈើទាំងនោះជាប្រភេទឈើអ្វី?និងត្រូវបានគេកាប់ចេញពីតំបន់ព្រៃការពារ ឬពីតំបន់ដែនជម្រកសត្វព្រៃណាមួយឡើយ។
ប៉ុន្តែបើតាមមន្ត្រីនគរបាលដែលបានចូលរួមសហការនៅក្នុងប្រតិបត្តិការនោះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ឈើទាំងនោះ មានចំនួនច្រើនរាប់សិបម៉ែត្រគុប ហើយទំនងជាត្រូវបានគេកាប់ពីក្នុងព្រៃនៃតំបន់ការពារ ដែលស្ថិតនៅជាប់ទីលានក្លិបប្រណាំងរថយន្តគោព្រៃ Off-Road នោះតែម្ដង។
លោក តាក់ យ៉េន អធិការស្រុកពេជ្រាដា បានថ្លែងថា៖ «ខ្ញុំមិនដឹងថា ឈើនោះមានប៉ុន្មានឱ្យប្រាកដទេគឺខ្ទង់រាប់សិបម៉ែត្រគុប ហើយវាជាឈើចម្រុះប្រភេទដែលត្រូវបានគេកាប់ពីក្នុងព្រៃនៃតំបន់ការពារនៅក្បែរនោះ»។
លោកបានបន្ថែមថា៖ «ខ្ញុំមិនដឹងថា ករណីនេះ វាមានជាប់ពាក់ព័ន្ធនឹងម្ចាស់ទីលានក្លិបប្រណាំងរថយន្ត គោព្រៃ Off-Road នោះដែរឬយ៉ាងណាទេ ព្រោះកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលព្រៃឈើ »។
ជុំវិញករណីនេះ លោក សុភក្ដី បានប្រាប់ឱ្យដឹងថា មកទល់ពេលនេះ ក្រុមមន្ត្រីជំនាញបានដឹងពីតម្រុយខ្លះៗនៃក្រុមជនប្រព្រឹត្តបទល្មើសទាំងនោះហើយ និងកំពុងបន្តឃ្លាំមើលនិងស្រាវជ្រាវបន្ថែមទៀត អំពីប្រភពឈើដែលពួកគេបានកាប់និងដឹកជញ្ជូនយកមកកែច្នៃនៅក្នុងទីតាំងខាងលើនេះដើម្បីរៀបចំសំណុំឯកសារកោះអញ្ជើញឱ្យពួកគេចូលខ្លួនមកឆ្លើយបំភ្លឺតាមនីតិវិធី។
លោកបានបញ្ជាក់ថា៖«យ៉ាងណាករណីនេះមិនជាប់ពាក់ព័ន្ធនឹងម្ចាស់ទីលានក្លិបប្រណាំងរថយន្តគោព្រៃ Off-Road នោះទេ »៕