
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA កំពុងពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកចម្ការលើ ខេត្តកំពង់ចាម នៅថ្ងៃទី១៩កុម្ភៈ។ រូបថត TYDA
ភ្នំពេញៈ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តនៃក្រុមការងារថ្នាក់ជាតិ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានចុះពិនិត្យ និងផ្តល់សេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទីតាំងផ្សេងៗគ្នា នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដែលជាកិច្ចការងារមនុស្សធម៌។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តនៃក្រុមការងារថ្នាក់ជាតិ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណ៤០០នាក់ រស់នៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។
នាពិធីនោះលោក ម៉ម ប៊ុនហេង បានថ្លែងថា ការចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅមូលដ្ឋាននាពេលនេះ គឺដើម្បីបានដឹងពីសុខទុក្ខរបស់ពលរដ្ឋផង និងផ្ដល់ភាពងាយស្រួលដល់គាត់ផង កុំឱ្យចំណាយលុយធ្វើដំណើរមកមន្ទីរពេទ្យ។
ក្រៅពីការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ក្រុមគ្រូពេទ្យស័្មគ្រចិត្តនៃក្រុមការងារថ្នាក់ជាតិ ក៏បានផ្ដល់រទេះជូនដល់ប្រជាពលរដ្ឋមានពិការភាពចំនួន៥គ្រឿង ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ខណៈក្រុមការងារនឹងបន្ដផ្ដល់រទេះបន្ថែមទៀតបើមានតម្រូវការចាំបាច់។ នាឱកាសនោះ ក៏មានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
ដោយឡែកលោក ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចរបស់ក្រសួងការពារជាតិ រួមជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត«យុវជនសម្តេចតេជោ (TYDA)»បានចុះទៅដល់ស្រុកចំការលើ ដើម្បីផ្តល់សេវាពិនិត្យ និងព្យាបាលជូនប្រជាជននៅមូលដ្ឋានដោយឥតគិតថ្លៃ នៅថ្ងៃទី១៩ ខែកុម្ភៈ។
លោកហ៊ុន ម៉ានិត បានលើកឡើងថា TYDA បានចុះបំពេញបេសកកម្មរបស់ខ្លួនគ្រប់ទីកន្លែង ជួយដល់ប្រជាជនទីទាល់ក្រទទួលបានសេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃ និងកសាងស្នាដៃជាច្រើនក្នុងសកម្មភាពការងារសង្គម ជាពិសេសចូលរួមចំណែកយ៉ាងធំធេងក្នុងនាមជាកងទ័ពអាវស ចូលរួមទប់ស្កាត់ និងព្យាបាលអ្នកជំងឺកូវីដ ១៩ ជាមួយរាជរដ្ឋាភិបាល។
លោក ហ៊ុន ម៉ានិត បញ្ជាក់ថា តាំងនាមឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ក្រុមគ្រូពេទ្យ TYDA ។ លោកថ្លែងថា៖«នេះបានបង្ហាញកិច្ចការងារមនុស្សធម៌ និងវប្បធម៌ចែករំលែក តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ផ្តល់សេវាសុខភាពជូនប្រជាជនតាមបណ្តារាជធានី-ខេត្ត ជាពិសេសប្រជាជនដែលជួបការខ្វះខាត ខ្វះលទ្ធភាព និងទីទាល់ក្រ»៕