
លោកហ៊ុន ម៉ាណែត ក្នុងពិធីបូកសរុបការងារយុវជនបក្សពីថ្ងៃ ១៩ កុម្ភៈ។ រូបថត Hun Manet page
ភ្នំពេញៈ បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សកាន់អំណាច និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលលោក ហ៊ុន ម៉ាណែត ប្រាប់ឱ្យយុវជនគណបក្ស ត្រូវបម្រើពលរដ្ឋដោយប្រកាន់ខ្ជាប់នូវសីលធម៌ និងខិតខំបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗទៀត ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំនៃស្មារតីសាមគ្គីភាព និងតម្កល់ផលប្រយោជន៍ជាតិជាធំ។
ការណែនាំនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រជាជនកម្ពុជាឆ្នាំ ២០២២ និងលើកទិសដៅបន្តឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣។
លោក ហ៊ុន ម៉ាណែត ដែលជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបានថ្លែងថា យុវជនគណបក្សមានភារកិច្ចបម្រើពលរដ្ឋដោយត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងភាពថ្លៃថ្នូរសុភាពរាបសា។
លោកបន្តថា៖ «លើសពីនេះក៏ត្រូវខិតខំចូលរួមចំណែកបន្តថែរក្សាសមិទ្ធផលដែលយុវជនជំនាន់មុនបានបន្សល់ទុកឱ្យព្រមទាំងខិតខំបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀតដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំនៃស្មារតីសាមគ្គីភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ ការបន្តលើកកម្ពស់សមត្ថភាព និងការយល់ដឹងច្បាស់អំពីតួនាទីភារកិច្ចក្នុងនាមជាសមាជិកបក្សដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នាក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព ភាពសម្បូរសប្បាយរុងរឿង និងសុភមង្គល»។
នាពិធីនោះដែរ លោក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិកសមាជិកា នៃអង្គការចាត់តាំងយុវជនគណបក្សគ្រប់ថ្នាក់ ដែលក្នុងឆ្នាំ ២០២២ កន្លងទៅ បានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការប្តេជ្ញាចិត្តខ្ពស់និងការលះបង់ដ៏ធំធេងរហូតសម្រេចបានស្នាដៃនិងសមិទ្ធផលការងារជាច្រើនជូនគណបក្សប្រជាជនកម្ពុជា និងជាតិមាតុភូមិ។
បន្ថែមពីនេះ លោកបានអំពាវនាវដល់សមាជិករបស់ខ្លួនទៅចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីផ្តល់ឱកាសជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងជាប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិកា ទាំងអស់ បន្តកិច្ចការបម្រើជាតិ និងប្រជាជន។
លោកថ្លែងដូច្នេះថា៖ «សូមជឿទុកចិត្តព្រមទាំងគាំទ្រសមិទ្ធផល និងគោលនយោបាយរបស់គណបក្សក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេស ក្រោមបរិយាកាសប្រកបដោយនិរន្តរភាពនៃសន្តិភាព ស្ថិរភាព និងកិត្យានុភាពជាតិ ក្នុងនាមជាប្រទេសអធិបតេយ្យសើ្មមុខស្មើមាត់ជាមួយគ្រប់បណ្តាប្រទេសលើឆាកអន្តរជាតិ»។
ដោយឡែកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សពីថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២៣ ថា ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាគឺត្រូវបម្រើប្រជាពលរដ្ឋឱ្យបានគ្រប់ពេលវេលា មិនមែនធ្វើតែពេលបោះឆ្នោតទេ ហើយត្រូវរក្សាអំពើល្អនេះ ដើម្បីទាញប្រជាជនឱ្យជឿទុកចិត្ត។
ពាក់ព័ន្ធនឹងការងារបោះឆ្នោតនេះដែរព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រកម្ពុជាក៏បានអំពាវនាវឱ្យជនរួមជាតិដែលមានសិទ្ធិបោះឆ្នោតអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឱ្យបានគ្រប់គ្នាដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិដើម្បីការអភិវឌ្ឍ និងរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។
ក្នុងព្រះរាជសារចុះថ្ងៃទី ៨ ខែកុម្ភៈ ព្រះអង្គបានបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃអាទិត្យទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្រប តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ព្រះមហាក្សត្រមានព្រះបន្ទូលថា៖ «សូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ឬបុគ្គលណាមួយឱ្យសោះ»។
ក្នុងនោះព្រះអង្គបានអំពាវនាវដល់ជនរួមជាតិប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់និងគណបក្សណាមួយដោយសេរី៕