ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ហ្វៀន ហ្វូជុង ថ្នាក់ដឹកនាំកំពូលនៃគណបក្សកុម្មុយនីស្តវៀតណាម ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស បានជួបប្រជុំការងារ នៅរដ្ឋធានីហាណូយ កាលពីចុងសប្ដាហ៍ ដើម្បីធ្វើរបាយការណ៍ជូនគ្នាទៅវិញទៅមក អំពីស្ថានការណ៍របស់គណបក្ស និងប្រទេសនីមួយៗ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ថ្លែងថា៖ «កិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីបង្កើនថែមទៀតនូវទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំ ស្ថិរភាព យូរអង្វែងរវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំង ២»។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ភាគីទាំង ២ បានធ្វើការផ្លាស់ប្តូរយោបល់អំពីស្ថានភាពតំបន់ និងពិភពលោក ជាពិសេសលទ្ធផលនៃទំនាក់ទំនងកិច្ចប្រតិបត្តិការល្អរវាងគណបក្ស និងរដ្ឋនៃប្រទេសទាំង២នាពេលកន្លងមក និងបានដាក់ចេញទិសដៅកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត។
លើសពីនេះ ភាគីទាំង ២ បានបញ្ជាក់លើកិច្ចសហប្រតិបត្តិការប្រទេសអតីតសហភាពឥណ្ឌូចិនទាំង ៣ ពោលគឺ វៀតណាមកម្ពុជាឡាវ ដែលនឹងបន្តជាទំនាក់ទំនងល្អជាប្រពៃណី ដើម្បីបន្តការពារនូវឯករាជភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ថ្នាក់ដឹកនាំទាំង ២ បានសង្កត់ធ្ងន់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រទំនាក់ទំនងកម្ពុជាវៀតណាម ចំពោះសន្តិសុខ និងការអភិវឌ្ឍជាតិនៃប្រទេសនីមួយៗដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំទាំង ២ បានគាំទ្រយោបល់គ្នាទៅវិញទៅមក និងឯកភាពគ្នាបន្តពង្រឹង និងពង្រីកបន្ថែមលើទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
សេចក្ដីប្រកាសព័ត៌មានដដែលនេះ ក៏បានស្រង់សម្ដីរបស់សមភាគី លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាអាទិភាព ហើយក៏បានលើកឡើងនូវសំណូមពរ ដែលជាទិសដៅសម្រាប់គាំទ្របន្ថែមលើកិច្ចសហការ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ប្រទេសទាំង ២។
ភាគីទាំង ២ បានឯកភាពក្នុងការជំរុញថែមទៀត នូវទំនាក់ទំនងរវាងគណបក្ស រដ្ឋសភា ក្រសួងស្ថាប័ន អង្គការមហាជន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំង ២ ក៏បានផ្ដល់សារៈសំខាន់ចំពោះការបណ្ដុះបណ្តាលយុវជនបន្តវេន ដើម្បីរៀនសូត្រ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក និងរួមចំណែកដល់ការពង្រឹងនិងពង្រីក ចំណងមិត្តភាពរវាងប្រទេសទាំង ២។
ក្នុងឱកាសនោះដែរលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានចូលជួបសម្តែងការគួរសម ជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាម បានសាទរដែលកម្ពុជាសម្រេចបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ការរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ ២០២២ និងបានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពកម្ពុជា-វៀតណាម។
លោក ទៀ បាញ់ បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម ដែលបានជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកម្ពុជាចំនួន ៤៩ អដ្ឋិធាតុ ពីវៀតណាមមកកាន់កម្ពុជាវិញ ប្រកបដោយជោគជ័យ។ លោក ទៀ បាញ់ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាមផងដែរ ដែលមានឆន្ទៈគាំទ្រដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាពេលខាងមុខ។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា ការពង្រឹងទំនាក់ទំនង និងកិច្ចសហការជាមួយបណ្តាប្រទេសជិតខាងកម្ពុជាពិតជាមានសារៈសំខាន់ក្នុងគោលដៅអភិវឌ្ឍន៍រួម។
លោកថ្លែងថា៖ «ការមានទំនាក់ទំនងល្អនឹងប្រទេសជិតខាងអាចជួយកាត់បន្ថយជម្លោះ ហើយបង្កើនកិច្ចសហការនឹងគ្នា។ ប៉ុន្តែកិច្ចសហការទាំងនោះត្រូវធានាឱ្យបាននូវឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដី ហើយស្របតាមគោលការណ៍រដ្ឋធម្មនុញ្ញរបស់ជាតិ»។
លោក ប៉ា ច័ន្ទរឿន ថ្លែងថា៖ «ការព្រួយបារម្ភពីឥទ្ធិពលវៀតណាមមកលើកម្ពុជា តិចឬច្រើន ខ្ញុំយល់ថា នៅក្នុងសង្គមយើងនៅតែមាន ពីព្រោះវាជាដានប្រវត្តិសាស្ត្រធ្លាប់ត្រូវបានវៀតណាមគ្រប់គ្រងរយៈពេល ១០ ឆ្នាំ ពីឆ្នាំ១៩៧៩ ដល់ ១៩៨៩។ យើងមិនដឹងទេថា ឥទ្ធិពលហ្នឹងវាបានផុតរលត់ទៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឬទេ? ឬវាអាចនៅមានឥទ្ធិពលខ្លះ»។
លោក ច័ន្ទរឿន ថ្លែងថា ភាគីវៀតណាម និងកម្ពុជា គួរបង្កើនកិច្ចសហប្រតិបត្តិការដោយឈរលើការពង្រឹងកិច្ចអនុវត្តច្បាប់ ការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជភាពគ្នា ដែលនឹងនាំឱ្យមានទំនាក់ទំនងរឹងមាំហើយផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយនឹងអាចបញ្ចៀសអរិភាពនឹងគ្នាក្នុងប្រការណាមួយ។
លោក គិន ភា ប្រធានវិទ្យាស្ថានភាពទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ចំណងមិត្តភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាមមានសារៈសំខាន់ ព្រោះនៅវៀតណាមមានប្រព័ន្ធឯកបក្ស ហើយកម្ពុជាដែលទំនងជាគណបក្សប្រជាជនកម្ពុជាដឹកនាំយូរអង្វែង ដើម្បីធានានូវការបង្កើតគោលនយោបាយប្រទេសរៀងៗខ្លួន។
លោក ភា ថ្លែងថា៖ «មកដល់សព្វថ្ងៃវៀតណាម និងកម្ពុជាបានក្លាយជារដ្ឋអធិបតេយ្យដាច់ដោយឡែកពីគ្នាទៅហើយ ដែលមាននយោបាយការបរទេសជាក់លាក់រៀងៗខ្លួនទៅហើយក្នុងសម័យទំនើបនេះ ដែលភារកិច្ចបន្តប្រទេសទាំង ២ ត្រូវសហការគ្នាដើម្បីលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យនានាវិញ ហើយនឹងត្រូវសហការគ្នាលើគ្រប់វិស័យ ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ឯករាជភាព បូរណភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា»៕