ត្បូងឃ្មុំៈ ប្រជាពលរដ្ឋជាង ៦ ម៉ឺននាក់ បានទៅចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីនៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ដែលការចាប់ត្រីបានរាប់តោននៅពេលនេះ គឺដើម្បីរំឭកពីការថែរក្សាអភិរក្សកេរដំណែលតមកពីបុរាណ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ កុម្ភៈថា ប្រជាពលរដ្ឋដែលបានចុះទៅចាប់ត្រីក្នុងពិធីចាប់ត្រីតាមបែបប្រពៃណីនេះមានគ្រួសារខ្លះចាប់បានរហូតដល់ ២៥ គីឡូ ខ្លះបាន ២០ គីឡូ និងខ្លះទៀតបាន ១៥ គីឡូក្រាមក៏មាន។ អ្នកដែលចាប់បានត្រីច្រើនជាងគេគឺទទួលបានការឧបត្ថម្ភពីថ្នាក់ដឹកនាំខេត្តផងដែរ។ លោកពិសិដ្ឋឱ្យដឹងបន្ថែមថា ប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី បានទៅកាន់ទីតាំងបឹងក្រមស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ អ្នកខ្លះចុះចូលរួមចាប់ត្រី និងអ្នកខ្លះទៀតទៅចូលរួមមើលសកម្មភាពចាប់ត្រីដែលមានសភាពអ៊ូអរសប្បាយរីករាយ។
លោកថ្លែងថា៖ «កន្លែងហ្នឹងវាជាទំនៀមទម្លាប់របស់បងប្អូននៅតំបន់ហ្នឹង។ អ៊ីចឹងក្នុងគោលបំណងផ្សព្វផ្សាយឱ្យអ្នកនៅឆ្ងាយៗគេបានដឹង ឯកឧត្តម អភិបាលខេត្ត គាត់បានជូនជាព័ត៌មានដល់អ្នកចង់ទៅសប្បាយចាប់ត្រីអីអ៊ីចឹងទៅ សូមទៅចូលរួមសប្បាយទៅព្រោះអាហ្នឹងកន្លែងរួមមិនមែនជាកម្មសិទ្ធិរបស់អ្នកណាទេ»។
បើតាមលោក ពិសិដ្ឋ ដើម្បីមានត្រីច្រើនបន្ថែមសម្រាប់រៀបចំពិធីនេះនៅឆ្នាំក្រោយ នៅអំឡុងខែមិថុនា ខាងមុខមន្ត្រីជំនាញមន្ទីរកសិកម្ម គ្រោងនឹងលែងកូនត្រីប្រមាណ ១ ម៉ឺនក្បាលទៅតំបន់នោះ ដែលក្នុងនោះរួមមានពូជត្រីមួយចំនួនដូចជា ត្រីប្រា ត្រីក្រាញ់ ត្រីកន្ធរ ត្រីឆ្លាត និងត្រីឆ្ពិន។
លោក អ៊ូច យឿន មេឃុំជាំក្រវៀន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ កុម្ភៈថា ពលរដ្ឋដែលទៅចូលរួមចាប់ត្រីជុំគ្នានេះមានប្រមាណជាង ៦ ម៉ឺននាក់ ក្នុងនោះមានអ្នកចូលចាប់ត្រីប្រមាណ ៣ ពាន់នាក់ហើយបើគិតជាចំនួនត្រីដែលចាប់បានអាចរាប់តោន បើសិនជាគិតក្នុងម្នាក់ចាប់បានត្រី ១ គីឡូក្រាម។
លោកថ្លែងថា៖ «អ្នកចុះចាប់ត្រីគឺពេញបឹងចូល ៣ ពាន់នាក់បាត់ទៅហើយ អ៊ីចឹងបើគិតតែម្នាក់ ១ គីឡូហ្នឹង គឺមានមិនតិចជាង ៣ពាន់គីឡូក្រាមទេ ឯអ្នកខ្លះបានរហូតដល់ ១០ គីឡូ ខ្លះ ២០ គីឡូជាងឯណោះ អ្នកចាប់បានច្រើនជាងគេ ២៥ គីឡូក្រាមម្សិលមិញ»។ វិធីសាស្ត្រ ក្នុងការចាប់ត្រីជុំគ្នានេះប្រជាពលរដ្ឋប្រើប្រាស់ឧបករណ៍នេសាទដូចជា អង្រុត ឈ្នាង និងខ្លះចាប់ដោយដៃផងដែរ។
កម្មវិធីចាប់ត្រីនេះទៀតសោត គឺធ្វើឡើងតែ ១ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនោះទីតាំងបឹងនោះ នឹងត្រូវយាមកាមរហូតដល់ដើមរដូវវស្សាមានភ្លៀងធ្លាក់ដើម្បីកុំឱ្យមានអ្នកមកនេសាទនៅទីនោះ សំដៅការពារត្រីដើម្បីបន្តពូជ។ លោក អ៊ូច យឿន ប្រាប់ថា ចំនួនប្រជាពលរដ្ឋច្រើនសន្ធឹកសន្ធាប់ទៅចូលរួមពិធីនេះមានអ្នកជិះរថយន្តទៅចូលរួមមាន ៨៤១ គ្រឿង និងម៉ូតូ ៣ ៦០០ គ្រឿង។
លោក អោក មីប មេភូមិសាទុំ ឃុំជាំក្រវៀន ឱ្យដឹងថា ពលរដ្ឋពិតជាមានសេចក្តីសប្បាយរីករាយ ក្នុងការចូលរួមចាប់ត្រី ក៏ដូចជាទៅមើលសកម្មភាពចាប់ត្រីនៅទីនោះ។ ជាមួយនឹងភាពសប្បាយរីករាយនេះ ប្រជាពលរដ្ឋខ្លះបានយកត្រីដែលចាប់បានធ្វើម្ហូបហូបនៅកន្លែងនោះ ហើយមានឧបករណ៍បំពងសំឡេងចាក់បទចម្រៀងច្រៀងរាំលេងទៀតផង។ បើតាមលោកមេភូមិសាទុំ ការចាប់ត្រីឆ្នាំនេះសប្បាយជាងឆ្នាំមុនៗ ហើយចំនួនអ្នកចូលរួមក៏ច្រើនជាងកម្មវិធីឆ្នាំមុនៗផងដែរ។
តាមការផ្សាយនៅលើគេហទំព័រក្រសួងព័ត៌មាន ដែលបានដកស្រង់សម្តី លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា៖ «ការជួបជុំយ៉ាងអធិកអធមទាំងនេះ គឺអាចប្រព្រឹត្តទៅបានដោយសារប្រទេសជាតិមានសិ្ថរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមម្លប់សន្តិភាព»។
ការប្រារព្ធពិធីចាប់ត្រី នៅបឹងត្រពាំងក្រមនេះ ធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈ គឺប្រជាពលរដ្ឋបានមកជួបជុំគ្នា ដើរលេងកម្សាន្ត ទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់បឹងក្រម ដែលមានកេរដំណែលពីដូនតា រួមមាន៖ ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រាជាដើម។ តំបន់បឹងក្រមមានផ្ទៃដីប្រមាណ ៣០ ហិកតា និងផ្ទៃបឹងទំហំ ១ ហិកតា៕