ភ្នំពេញៈ​ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈនៅតែ​មិន​អាច​សម្រប​សម្រួល​រក​ដំណោះ​ស្រាយ​ ដើម្បី​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុម​ហ៊ុន​ណាហ្គា​វើ​លដ៍​បានឡើយ ស្រប​ពេល​ដែល​សង្គម​ស៊ីវិល​ចង់​ឱ្យ​ក្រសួង​បញ្ចប់​តួនាទី​ជា​អ្នកសម្រប​សម្រួល​ដើម្បី​យក​យន្តការ​ច្បាប់​ដែល​មាន​ស្រាប់​ពាក់​ព័ន្ធ​នឹង​អនុ​សញ្ញា I​LO ឱ្យ​ក្រុម​ហ៊ុន​​ដោះ​ស្រាយ​។​

​យោង​តាម​លិខិត​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​ឱ្យដឹង​ថា ​ការណ៍​ដែល​មិន​អាច​រក​ដំណោះ​ស្រាយ​រួម​បាន​នេះ​ ដោយ​សារតែ​ភាគី​តំណាង​កម្មករ​និ​យោ​ជិ​ត​នៅតែ​បន្ត​ទាម​ទារ​ឱ្យ​យក​ចូល​ធ្វើការ​វិញ រីឯ​ភាគី​តំណាង​និយោ​ជក​មិន​អាច​ទទួល​យក​ពួក​គេ​វិញ​ឡើយ​។ ដូច្នេះ​ ភាគី​ទាំង២​ឯកភាព​កំណត់​កាល​បរិច្ឆេទ​ប្រជុំ​ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃទី ​២២ ​ខែមីនា ឆ្នាំ​ ២០២៣ ​ដើម្បី​មាន​ឱកាស​ពិចារ​ណា​ឡើង​វិញ​អំពី​លទ្ធភា​ព​នៃ​ការ​ធ្វើ​សម្ប​ទាន​គ្នា​ទៅ​វិញ​ទៅមក​ដែល​អាច​ឈាន​ទៅ​បញ្ចប់​វិវាទ​នេះ​។

​សេចក្តី​ជូន​ដំណឹង​នេះ​បាន​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​២៤ ​កាលពី​ចុង​សប្តាហ៍​មុន​ មាន​ការ​សម្រប​សម្រួល​ដោយ​លោក ​ទេស រុក្ខា​ផល ​អគ្គ​លេខាធិ​ការ​នៃ​អគ្គ​លេខាធិ​ការ​ដ្ឋាន គ​.​ក​.​ប​. និង​ជា​ប្រធាន​អង្គ​ប្រជុំ ដោយ​មាន​ការ​ចូល​រួម​ពីតំណាង​ភាគី​កម្មករ​និ​យោ​ជិ​ត ដែល​មាន លោក​ស្រី រី សុវណ្ណ​ឌី​, លោក​ស្រី ហៃ សុភាព និង​លោក​ស្រី ​សុន ស្រី​ពេជ្រ និង​តំណាង​ភាគី​និយោ​ជក​ រួម​មាន ​លោក​ស្រី ឌី សីហា និង​លោក​ស្រី រស់ ​ប៊ុន​ឡេង​។​

​សេចក្តី​ជូន​ដំណឹ​ងបាន​លើក​ឡើង​ថា«​ក្រសួង​ស្នើ​ឱ្យ​ភាគី​ទាំង ​២ មា​នការ​យោគ​យល់​គ្នា​ខ្ពស់​ក្នុង​ការ​ចូល​រួម​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងា​រ​នេះ បន្ត​សហ​ការ​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ និង​ភាគី​ពាក់​ព័ន្ធ​ដោយ​សន្តិវិធី​, ថែរ​ក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​សា​ធារណៈ និង​ត្រូវ​រក្សា​ភាព​ស្ងប់​ស្ងាត់​»​។​

​ប្រភព​ដដែល​​បន្ត​ថា​៖ «​យោង​តាម​នីតិវិធី​ច្បាប់ ​ប្រសិនបើ​វិវាទ​ការងារ​នេះ​មិន​អាច​ស្វែងរក​ដំណោះ​ស្រាយ​បាន​ដោយ​ការ​ផ្សះ​ផ្សា នីតិ​វិធី​បន្ទាប់​គឺអាច​បញ្ជូន​ទៅ​តុលា​ការ​ ដើម្បី​រក​ដំណោះ​ស្រាយ​ចុង​ក្រោយ​»​។​

​ទាក់​ទង​នឹង​ករណីនេះ​ អ្នកនាំ​ពាក្យ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក ​សឹង សែន​ករុណា ​បាន​ឱ្យ​ដឹងថា វិវាទ​ការងារ​នៅ​ក្រុម​ហ៊ុន​ណា​ហ្គា​វើ​ល​ដ៍នេះ​​ គឺបាន​ប្រជុំ​ដោះ​ស្រាយ​អស់​ពេល​ជាង​១ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​លទ្ធផល​នៅតែ​មិន​អាច​បញ្ចប់​វិវាទ​បាន ​ថ្វីបើ​មាន​ការ​ប្រជុំ​រវាង​ភាគី​និយោជ​ក និង​និយោ​ជិត​ក៏​ដោយ​។

​លោក​បាន​បន្ត​ថា លោក​ក៏​មើល​ឃើញ​ថា ភាគី​ខាង​ក្រុម​ហ៊ុនដូច​អត់​មាន​បើក​ចិត្ត​ឱ្យ​ទូលាយ​ក្នុងការ​ដោះ​ស្រាយ​វិវាទ​នេះ​ទេ ដែល​ហាក់​បី​ដូច​ជា​មាន​ការ​រើស​អើង​ជាមួយ​សហជីព​ឯករាជ្យ​នៅ​ក្នុង​ក្រុម​ហ៊ុន​ណា​ហ្គាវើ​ល​ដ៍ រហូត​ដល់​មាន​ការ​ជំនួស​ដោយ​សហ​ជីព​ថ្មី​ដែល​ខាង​ក្រុម​ហ៊ុន​ជា​អ្នក​សម្រេច​ឱ្យ​មាន​សហ​ជីព​ ១​ទៀត​។

​លោក​ សឹង សែន​ករុណា ​បាន​បន្ថែម​ថា៖ «​ចំណែក​អ្នក​ដែល​រង​ការ​ចោទ​ប្រកាន់​ ចាប់​ខ្លួន និង​មាន​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលា​ការ​គឺ​ត្រូវ​បាន​រឹត​ត្បិត​ពី​ខាង​ក្រុម​ហ៊ុន​ដោយ​មិន​ឱ្យ​ក្រុម​កូដ​ករ​ទាម​ទារ​តវ៉ា​ទាំង​នោះបា​ន​ចូល​បំពេញ​ការ​ងារ​ឡើង​វិញ​ឡើយ​»​។​

​អ្នក​នាំ​ពាក្យ​រូប​នេះ ​បាន​បន្ត​ថា ដូច្នេះដើ​ម្បី​បញ្ចប់​វិវាទ​កា​រងារ​នេះ​ខាង​ក្រុម​ហ៊ុន​គួរតែ​ឱ្យ​អ្នក​តវ៉ា​ទាំង​នោះ​បាន​ចូល​បំពេញ​ការងារ​ឡើង​វិញ ​ព្រោះ​បើ​មិន​ដូច្នេះ​ទេ ​ដំណោះ​ស្រាយ​គឺ​មិន​អាច​ធ្វើទៅ​បាន​ឡើយ ​ប្រសិន​បើ​ក្រុម​ហ៊ុន​មិន​ព្រម​ប្ដូរ​គោល​ជំហរ​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិតថា​ស្ថាប័​ន​ពា​ក់ព័ន្ធ គួរតែ​ដល់​ចំណុច​ដែល​មិនគួរ​ដើរតួ​ជា​អ្នក​សម្រប​សម្រួល​ទៀត​ទេពី​ព្រោះ​ការ​សម្រប​សម្រួល​នេះ​វា​ច្រើន​ហើយ ​អ៊ីចឹង​គួរតែ​យក​យន្តការ​ច្បាប់​ដែល​មាន​ស្រាប់​ពាក់​ព័ន្ធ​នឹង​អនុ​សញ្ញាILOអី​ហ្នឹង​យក​មក​មាន​ចំណាត់​ការ​ជា​មួយ​ក្រុមហ៊ុន​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​មាន​សម្ពាធ​ក្រុម​ហ៊ុន​ព្រម​ទទួលយក​ពួក​គាត់​វា​ជា​ការ​កំណត់ ​មិន​មែន​សម្រប​សម្រួល​ហើយ ​សម្រប​សម្រួល​ទៀត ​ដោយ​មិន​មាន​លទ្ធ​ផល​បែប​ហ្នឹង​ចេះ​តែ​អូសប​ន្លាយ​ទៅ​ទេ​»​។​

​បើតាម​លោក សឹង សែន​ករុណា ការអូ​សបន្លា​យ និង​ពន្យា​រពេល​ដោះ​ស្រាយ​វិវាទ​នេះ វា​បង្ក​ផលប៉ះ​ពាល់​​ដល់​ជីវភាព​ក្រុម​កូដ​ករដែល​ពួក​គាត់​នាំគ្នា​តវ៉ា​តាំងពី​ចំនួន​ច្រើនរ​ហូត​ធ្លាក់​ដល់​ចំនួន​តិ​ច ហើ​យក៏​ធ្វើ​ឱ្យ​ក្រុម​កូដ​ករ​ធ្លាក់​ទឹក​ចិត្ត​។

​មួយវិ​ញទៀ​ត ​ប្រសិនបើ​​ក្រុ​មហ៊ុន​ចង់​បំបាត់​ក្រុម​សហ​ជីព​ដែល​ធ្វើការ​បម្រើប្រ​យោជន៍​និយោជិ​ត​ចេញ​ពី​ក្រុមហ៊ុ​ន ដូច្នេះ​វា​ជា​ក្ដី​ព្រួយ​បារម្ភ​ជា​ខ្លាំង​ដែល​អាច​មាន​ការ​រំលោភបំ​ពាន​ទៅលើ​សិទ្ធិ​របស់​កម្មករ​នៃ​រោច​ក្រក្រុ​មហ៊ុន​ផ្សេងៗ​ជា​បន្ត​ទៀត​។ នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក​ ​សឹង សែន​ករុណា​។​

​សូម​បញ្ជាក់​ថា​ គិត​មក​ត្រឹម​ថ្ងៃទី​ ៤​ ខែកុម្ភៈ ឆ្នាំ​ ២០២៣ មាន​អតីត​បុគ្គលិក​ក្រុម​ហ៊ុន​ណា​ហ្គា​វើ​ល​ដ៏​ចំនួន ​២៦៥ នាក់​ ក្នុង​ចំណោម ​៣៧៣​ នាក់​ បាន​យល់​ព្រម​ទទួល​យក​សំណង​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យាកា​រងារ​ជា​មួយ​ក្រុម​ហ៊ុន​ដែល​ធ្វើ​ឱ្យ​អតីត​បុគ្គលិក​ណា​ហ្គា​វើ​លដ៍​ដែល​មិន​ព្រម​ទទួល​យក​សំណង​នៅ​សល់​ត្រឹម​តែ ១​០៨ នាក់ ​ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន​​៕

វីដេអូ៖