ភ្នំពេញៈ សមាជិកព្រឹទ្ធសភាទាំង៥៩រូបនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលបានសម្រេចឯកភាពទាំងស្រុងដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់ចំនួន២ ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនិងការគ្រប់គ្រងទឹកស្អាតនៅកម្ពុជា បន្ទាប់ពីរដ្ឋសភាបានអនុម័តនិងបញ្ជូនមកព្រឹទ្ធសភា ពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣។
ការសម្រេចឯកភាពនេះបានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពលោក ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៩រូប ដើម្បីពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងលើសេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត។
សេចក្តីប្រកាសរបស់ព្រឹទ្ធសភា ចុះថ្ងៃទី២០ កុម្ភៈ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ គឺរៀបចំឡើងដើម្បីកសាងក្របខ័ណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ថា “ថវិកាសមិទ្ធកម្ម” ដែលជាគំរូមួយសមស្របសម្រាប់កម្ពុជា។
ជាពិសេសសេចក្តីព្រាងច្បាប់នេះគឺជាច្បាប់គោលដែលគ្របដណ្តប់លើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសម្រាប់ទ្រទ្រង់ការកសាងប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ដែលជាធាតុផ្សំដ៏សំខាន់នៃគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលដៅធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាឱ្យឈានទៅរកឧត្តមានុវត្តន៍ជាអន្តរជាតិ និងឆ្លើយតបនឹងលទ្ធភាពនៃការអនុវត្តបានក្នុងបរិការណ៍កម្ពុជាផង។
ប្រភពដដែលបានបញ្ជាក់ថា«ក្រោយពីសមាជិកព្រឹទ្ធសភាបានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៩សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល»។
សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ តាក់តែងឡើងមាន៩ជំពូក និង១០៩មាត្រា ត្រូវបានរដ្ឋសភាកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។
បន្ថែមពីនេះសមាជិកព្រឹទ្ធសភាដែលមានសមាជិកចំនួន៥៩រូបក៏បានរួមគ្នាពិនិត្យហើយឱ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតផងដែរ ខណៈសេចក្តីព្រាងច្បាប់នេះបានរៀបចំឡើងដើម្បីកំណត់អំពីក្របខ័ណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍ ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។
ព្រឹទ្ធសភា បានអះអាងថា សេចក្តីព្រាងច្បាប់នេះ បង្កើតឡើងក្នុងគោលបំណងដើម្បីធានាគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ព្រមទាំងចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន ខណៈវាត្រូវបានមើលឃើញថា នឹងផ្តល់សារៈសំខាន់បន្ថែមទៀតក្នុងការកំណត់គោលការណ៍ជាមូលដ្ឋានលើការជំរុញសក្តានុពលនៃការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រលើវិស័យទឹកស្អាតនៅកម្ពុជា។
ព្រឹទ្ធសភា បានបញ្ជាក់ថា«ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន៥រូបបានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក-វិទ្យា និងនវានុវត្តន៍ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៩សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល»។
សេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ត្រូវបានតាក់តែងឡើងមាន១៥ជំពូក និង៦៥មាត្រា ហើយត្រូវបានរដ្ឋសភាកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦៕