ភ្នំពេញៈ ក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសសហគមន៍ នៃក្រសួងយុត្តិធម៌ បានសម្រេចបង្កើតក្រុមការងារចំនួន៣ទៀតដើម្បីទទួលភារកិច្ចឈានទៅដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ដែលអាចសម្រាលបន្ទុកធ្ងន់ដោយសារភាពចង្អៀតនៅតាមពន្ធនាគារ។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្ដិធម៌ លោក លោកស្រីជាចៅក្រម ព្រះរាជអាជ្ញារងនិងលោក លោកស្រី ដែលជាសមាសភាពនៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍។
ក្រោយដឹកនាំកិច្ចប្រជុំក្រុមការងារនេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចំពោះកិច្ចបានប្រកាសបង្កើតក្រុមការងារចំពោះមុខចំនួន៣ទៀតក្នុងការរៀបចំដំណើរការតាម
មុខសញ្ញាឈានទៅអនុវត្តទោសសហគមន៍។ នេះបើយោងតាមព័ត៌មានស្តីពីកិច្ចប្រជុំដែលបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
តាមខ្លឹមសារដែលផ្សព្វផ្សាយដោយក្រសួងយុត្តិធម៌ ក្រុមការងារចំពោះមុខចំនួន៣នោះរួមមាន ទី១-ក្រុមការងារបច្ចេកទេសរៀបចំឯកសារមូលដ្ឋានគតិយុត្តដើម្បីអនុវត្ត និងផ្សព្វផ្សាយ ដឹកនាំដោយ លោក ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ទី២-ក្រុមការងារពង្រឹងកិច្ចសហការជាមួយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធនានាដឹកនាំដោយ លោក សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងទី៣-ក្រុមការងារស្វែងរកការគាំទ្រផ្នែកថវិកា និងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍នានា ដឹកនាំដោយលោក នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។
កាលពីខែកក្កដា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជាក្រសួងគ្រប់គ្រងពន្ធនាគារ បានអះអាងថា នៅកម្ពុជាបច្ចុប្បន្នកំពុងមានការប្រឈមនឹងបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ប៉ុន្តែការអនុវត្តទោសសហគមន៍ក៏មិនត្រូវបានស្វាគមន៍ដោយប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែរ។
នាពេលនោះ លោកស ខេង បានអះអាងថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការផ្សេងៗ រួមមាន ការបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យជាតិផ្សេងៗ ការអនុវត្តទោសក្នុងសហគមន៍ និងការដោះលែងដោយមាន
លក្ខខណ្ឌ។
ការផ្សាយរបស់ភ្នំពេញប៉ុស្តិ៍កាលពីឆ្នាំ២០១៧ បានបង្ហាញថា៖ ក្រសួងយុត្តិធម៌ និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនUNHCR បានផ្តួចផ្តើមសិក្សាពីដំណើរការអនុវត្តទោសសហ
គមន៍ចាប់តាំងពីឆ្នាំ២០១៧កន្លងមក បន្ទាប់ពីពិនិត្យឃើញថា ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារបានកើនឡើងរហូតដល់ប្រមាណ៣ម៉ឺននាក់កាលពីពេលនោះ។
«ការអនុវត្តទោសសហគមន៍ គឺអ្នកដែលត្រូវផ្ដន្ទាទោសត្រូវឱ្យទៅបំពេញការងារបម្រើសហគមន៍»៕