ភ្នំពេញៈ យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី ២០ ខែកុម្ភៈ បានបញ្ជាក់សាជាថ្មីម្ដងទៀតថាការប្រើប្រាស់ការប្រមាថ និងចោទប្រកាន់ដោយគ្មានភ័ស្តុតាង និងមូលដ្ឋានច្បាស់លាស់ ពីសំណាក់បុគ្គលអ្នកនយោបាយ មកលើក្រុមគ្រួសាររងគ្រោះ ដោយយកព័ត៌មានគ្មានមូលដ្ឋាន និងភ័ស្តុតាង ច្បាស់លាស់មកផ្សព្វផ្សាយ ឬអត្ថាធិប្បាយ នៅក្នុងកាលៈទេសៈដែលថ្នាក់ដឹកនាំ និងក្រុមគ្រួសារកំពុងមានទុក្ខ ធ្ងន់ធ្ងរ ដើម្បីកេងចំណេញនយោបាយរបស់ខ្លួននោះ គឺជាទង្វើ និងអំពើថោកទាប គ្មានសីលធម៌ និងគុណធម៌ ដែលមិនអាចទទួលយកបាន និងត្រូវថ្កោលទោសដាច់អហង្ការ ដើម្បីផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនដល់ក្រុម គ្រួសាររងគ្រោះ។
សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថា៖ «ក្រសួងកិច្ចការនារី ក៏សូមអំពាវនាវដោយទទូចដល់បណ្តាអង្គការ សង្គមស៊ីវិល ស្ថាប័ន ពាក់ព័ន្ធ សូមមេត្តាប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងបង្ហាញនូវអព្យាក្រឹតភាពក្នុងការអនុវត្តការងាររបស់ ខ្លួនឱ្យបានម៉ឺងម៉ាត់ ចៀសវាងការប្រើប្រាស់ស្តង់ដា២ ដែលមានភាពលម្អៀង និងរើសអើង ដើម្បីតែផលប្រយោជន៍នយោបាយរបស់ខ្លួន ដែលការណ៍នេះ អាចបន្ទាបតម្លៃរបស់អង្គការ ឬស្ថាប័នរបស់ខ្លួន»។
ក្រសួងកិច្ចការនារី មានជំនឿយ៉ាងមុតមាំថា បុគ្គលអ្នកនយោបាយ អង្គការ សង្គមស៊ីវិល និងសា្ថប័នពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ភាពថ្លៃថ្នូរ សីលធម៌ គុណធម៌ក្នុងសង្គម ដើម្បីរក្សាបាននូវភាពសុខដុមរមនា និង បរិយាកាសសង្គមល្អ។
លោកស្រី ចាន់ សុទ្ធាវី ប្រធានគណៈកម្មការយេនឌ័រនៃក្រសួងយុត្តិធម៌ ថ្លែងនៅថ្ងៃទី២០ ខែកុម្ភៈថា ក្នុងនាមគណៈកម្មការយេនឌ័រនៃក្រសួងយុត្តិធម៌ កត់សម្គាល់ឃើញថា កន្លងមកមានបុគ្គលមួយចំនួនបានធ្វើការវាយប្រហារដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ដែលក្នុងនោះរួមទាំងស្ត្រីដែលជាថ្នាក់ដឹកនាំ កំពូលផងដែរ។
លោកស្រីបានបញ្ជាក់ថា ជាក់ស្ដែងថ្មីៗនេះ មានអង្គការមួយចំនួន បានប្រតិកម្មទៅលើសម្ដីរបស់លោក ផែង វណ្ណៈ ដែលបានប្រើប្រាស់ពាក្យសម្តីធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ស្ត្រី។
លោកស្រី ចាន់ សុទ្ធាវី ថា ៖ «គណៈកម្មការយេនឌ័រនៃក្រសួងយុត្តិធម៌ មិនគាំទ្រនូវរាល់ទង្វើ ឬការប្រើប្រាស់ពាក្យសម្តីទាំងឡាយ ណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ស្ត្រីនោះទេ ផ្អែកតាមគោលការណ៍ច្បាប់ ស្ត្រីទាំងអស់រួមទាំងស្ត្រីជាថ្នាក់ដឹកនាំកំពូល ក៏ត្រូវទទួលបាននូវសិទ្ធិ និងកិច្ចការពារស្មើៗគ្នាដោយគ្មានការ រើសអើង»។
ដោយឡែក ចំពោះប្រតិកម្មរបស់អង្គការមួយចំនួន ដូចបានបញ្ជាក់មកនេះបានស្តែងចេញនូវចរិតរើសអើងចំពោះស្ត្រីផ្សេងទៀតដែលបាននិងកំពុងទទួលរងនូវការរិះគន់ និងវាយប្រហារពីបុគ្គល ផ្សេងៗទៀត ប៉ុន្តែបែរជាមិនបានទទួលនូវការគាំទ្រពីអង្គការទាំងនោះ ក្នុងការទាមទារ និងការពារសិទ្ធិ របស់ស្ត្រីទាំងនោះទេ។
លោកស្រី ចាន់ សុទ្ធាវី បានបញ្ជាក់ថា ៖ «គណៈកម្មការយេនឌ័រនៃក្រសួងយុត្តិធម៌ សូមធ្វើការគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវតែមានស្តង់ដាតែ១នៅក្នុងកិច្ចការពារសិទ្ធិ របស់ស្ត្រីគ្រប់ៗរូប និងគ្រប់លំដាប់ថ្នាក់ និងសូមធ្វើការប្រឆាំងដាច់ខាតចំពោះទង្វើទាំងឡាយណាដែល បង្ហាញនូវចរិកតរើសអើងចំពោះស្ត្រីដូចគ្នា»។
សូមរំឭកផងដែរថា កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះ អង្គការសង្គមស៊ីវិលដែលកំពុងធ្វើការដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅកម្ពុជា ចំនួន៣៨ ស្ថាប័ន បានដាក់ចេញលិខិតចំហ ចំពោះរដ្ឋមន្ត្រីចំនួន៤ ផ្សេងៗគ្នា ដោយស្នើឱ្យមានចំណាត់ការទៅលើលោក ផែង វណ្ណៈ ដែលជាម្ចាស់គេហទំព័រ Pheng Vannak News ចំពោះ ការប្រើប្រាស់មាតិកាមិនសមរម្យ ការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្ត្រីអ្នកសារព័ត៌មានម្នាក់។
រដ្ឋមន្ត្រីក្រសួងទាំង៤នោះមាន លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៌ និងទូរគមនាគមន៍។
នាយិកាអង្គការក្លាហាន កញ្ញា បុណ្យ រចនា មិនអាចទាក់ទងសុំការអធិប្បាយបានទេកាលពីថ្ងៃទី២០ ខែកុម្ភៈ ប៉ុ ន្តែកញ្ញាធ្លាប់បានប្រាប់ឱ្យដឹងថា វាជារឿងដែលសោកស្ដាយខ្លាំងមែនទែន ចំពោះភាសាលោកផែង វណ្ណៈ ដែលប្រកបដោយការបៀតបៀនផ្លូវភេទ និងការរើសអើងលើស្ដ្រីដែលជាអ្នកសារព័ត៌មាន។
កញ្ញា បុណ្យ រចនា ថា៖ «ក្នុងករណីនេះ ខាងក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងកិច្ចការនារី និងក្រសួងព័ត៌មានហ្នឹង គាត់គួរតែចាត់វិធានការជាក់លាក់នៅក្នុងការដាក់ពិន័យផ្នែករដ្ឋបាល ឬពិន័យផ្នែកវិជ្ជាជីវៈអីផ្សេងៗទៅលើបុគ្គលលោក ផែង វណ្ណៈ ដើម្បីឱ្យមានការទទួលខុសត្រូវចំពោះការប្រើប្រាស់សិទ្ធិសេរីភាពសារព័ត៌មានរបស់គាត់ គឺមិនត្រូវរំលោភលើសិទ្ធិ និងសេចក្ដីថ្លៃថ្លូររបស់បុគ្គលដទៃទៀតទេ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងនៅមាត្រា៤១អ៊ីចឹង»៕
វីដេអូ៖