ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២០ ខែកុម្ភៈ បានរៀបចំកម្មវិធីប្រកួតវោហារស័ព្ទមួយដែលពិភាក្សាលើប្រធានបទស្តីពី ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិកនិងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់ការសិក្សា បញ្ជ្រាបការយល់ដឹងបន្ថែមដល់យុវជនទាក់ទងនឹងផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិកនេះ។
លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ថ្វីដ្បិតតែការលើកឡើងពីសំណាក់ក្រុមយុវជន ដែលបានចូលរួមប្រកួតប្រជែងនៅមានចំណុចខ្វះខាតមួយចំនួនក៏ពិតមែន ប៉ុន្តែតាមរយៈកម្មវិធីប្រកួតប្រជែងនេះសបញ្ជាក់ឱ្យឃើញថា យុវជនយុវនារី បានយល់ដឹងច្រើនពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិកគ្រប់ប្រភេទ។
លោកស្រីបានបន្ថែមថា បើទោះបីជាក្រសួងអប់រំ ក៏ដូចជារាជរដ្ឋាភិបាលបាននិងកំពុងទប់ស្កាត់បញ្ហានេះក៏ដោយ តែគេនៅតែសង្កេតឃើញមានក្រុមឈ្មួញបានប្រើប្រាស់បណ្តាញសង្គមមានតេឡេក្រាម ហ្វេសប៊ុក យូធូប ក្នុងការផ្សព្វផ្សាយលក់ និងការចែកចាយបារីអេឡិចត្រូនិកនេះ។
លោកស្រី អនុរដ្ឋលេខាធិការ បាន បញ្ជាក់ថា៖ «ភាពទំនើបនៃបច្ចេកវិទ្យាទាំងអស់នេះហើយដែលធ្វើឱ្យយុវជនមួយចំនួនងាយនឹងប្រើប្រាស់នូវបារីអេឡិចត្រូនិកទាំងនោះ។ ដូច្នេះអ្នកពាក់ព័ន្ធ ជាពិសេសយុវជនត្រូវរួមគ្នាលុបបំបាត់បញ្ហានេះតាមរយៈការអប់រំមិត្តភក្តិ និងអ្នកនៅជិតកុំឱ្យប្រើប្រាស់ឧបករណ៍នេះ»។
លោកស្រីបានបន្តថា៖ «ខ្ញុំសូមផ្តាំផ្ញើដល់ក្មួយៗនិងលោកគ្រូអ្នកគ្រូទូទាំងប្រទេសសូមមេត្តាចូលរួមទាំងអស់គ្នាក្នុងការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិកគ្រប់ប្រភេទទាំងអស់នៅតាមគ្រឹះស្ថានសិក្សា និងក្នុងសហគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យធនធានមនុស្សរបស់យើង អាចមានការអភិវឌ្ឍឆ្លើយតបទៅនឹងមហិច្ឆតាបាន»។
បើតាមការស្រាវជ្រាវរបស់បេក្ខជនដែលបានចូលរួមប្រកួត បារីអេឡិចត្រូនិកត្រូវបានឈ្មួញរចនាប្រកបដោយភាពច្នៃប្រឌិត ស៊ីវិល័យ និងទាក់ទាញដោយបង្ហាញពីរូបរាងស្អាតៗតូចៗងាយស្រួលដាក់តាមខ្លួនព្រមទាំងមានក្លិនក្រអូបនិងរសជាតិប្លែកៗដូចជារសជាតិក្រូច ឪឡឹក ស្ត្របឺរី និងកាហ្វេជាដើម។
យុវជនទាំងនេះបានបញ្ជាក់ថា៖ «ក្រុមអ្នកលក់បារីអេឡិចត្រូនិកបានផ្សព្វផ្សាយថា វាជាឧបករណ៍ផ្ដាច់បារីនិងគ្មានផលប៉ះពាល់ឡើយ។ ជាមួយគ្នានោះក្រុមបេក្ខជនទាំងអស់បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការនាំ ចូល ការចែកចាយលក់ និងការផ្សព្វផ្សាយផលិតផលនេះជាពិសេសលុបបំបាត់ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គម ដើម្បីបង្ការយុវជនពីការអូសទាញឱ្យប្រើប្រាស់ផលិតផលដ៏គ្រោះថ្នាក់នេះ»។
កាលពីឆ្នាំ ២០២១ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចេញសេចក្តីណែនាំមួយស្តីពីការចាត់វិធានការបង្ការទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល HTPs ដោយសារតែពិនិត្យឃើញថា ផលិតផលអេចឈ៍ធីភី(HIPs) បារីអេឡិចត្រូនិក (Electronic Nicotine Delivery SystemEDNS) និងអេចឈ៍ធីភី (HTPsHeated Tobacco Producte) ជាផលិតផលថ្នាំជក់ថ្មីដែលត្រូវបានគេផលិតឡើងដើម្បីជំនួសផលិតផលថ្នាំជក់ធម្មតា ជាពិសេសទាក់ទាញឲ្យមានការប្រើប្រាស់ក្នុងចំណោមយុវវ័យ។
វិធានការនោះមាន៣ចំណុច រួមមាន ការពង្រឹងការអនុវត្តសេចក្តីណែនាំចុះថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការចាត់វិធានការបង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា ត្រូវចាត់វិធានការជាបន្ទាន់ បញ្ឈប់លែងឱ្យមានការប្រើប្រាស់ និងការធ្វើអាជីវកម្មផលិតផលអេចឈ៍ ធី ភី (HTPs) ក្នុងគ្រប់រូបភាព ដោយត្រូវដកហូតនិងរឹបអូសយកផលិតផលទាំងនោះមករក្សាទុក។
ការដកហូត និងរឹបអូសយកផលិតផល (HTPs) មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្របច្បាប់ផ្សេងទៀតជាដាច់ខាត។ត្រូវបញ្ឈប់ និងឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និងការនាំចូលផលិតផល (HTPs) តាមគ្រប់រូបភាព និងត្រូវផ្សព្វផ្សាយពីការហាមឃាត់មិនឱ្យមានការនាំចូលចំពោះអ្នកធ្វើអាជីវកម្មនិងប្រជាជនទូទៅឱ្យបានទូលំទូលាយ។
គ្រប់ក្រសួង ស្ថាប័នសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើរបាយការណ៍ពីលទ្ធផលនៃការអនុវត្តខ្លឹមសារសេចក្តីណែនាំនេះមកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល៕
វីដេអូ៖