ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជំហរជាថ្មីថា វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នឹងគ្មានថ្ងៃបើកដំណើរការវិញទេ ព្រោះការផ្សាយព័ត៌មានថា លោក ហ៊ុន ម៉ាណែត ដើរតួជំនួសឪពុកចុះហត្ថលេខាផ្តល់ជំនួយដល់តួកគីជាការប្រមាថធ្ងន់ធ្ងរដល់រដ្ឋាភិបាល ហើយអាចនាំឱ្យមានការបែកបាក់ផ្ទៃក្នុងគណៈរដ្ឋមន្ត្រី ដែលលោកមិនអាចលើកលែងឱ្យបាន ហើយការបិទនេះក៏ជាការពង្រឹងវិជ្ជាជីវៈសារព័ត៌មានផងដែរ។
នៅព្រឹកថ្ងៃទី ២០ កុម្ភៈ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង ២ ពាន់នាក់ លោក ហ៊ុន សែន បានប្រកាសជាថ្មីជុំវិញករណីបិទវិទ្យុវីអូឌី។ ការផ្សាយព័ត៌មានមានខ្លឹមសារថា លោកហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក និងជាមេបញ្ជាការកងទ័ពជើងគោក បានដើរតួជំនួសឪពុកក្នុងការចុះហត្ថលេខាផ្តល់ជំនួយដល់តួកគីនោះ ជាការប្រមាថធ្ងន់ធ្ងរដល់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាជាតិ ដែលលោកមិនអាចអត់ឱនបានឡើយ។
លោកបញ្ជាក់ ថា៖ «ការបិទ VOD ជាការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានកម្ពុជា។ សូមកុំគិតថា VOD អាចរស់ឡើងវិញឱ្យសោះ។ អារឿងវិទ្យុ VOD នេះ វាគ្មានថ្ងៃរស់ឡើងវិញឡើយ»។
ជុំវិញការបិទវិទ្យុ VOD ដែលកន្លងមកមានប្រតិកម្មពីអង្គការសង្គមស៊ីវិល និងបណ្តាទូតលោកខាងលិចនានា លោកហ៊ុន សែន គូសបញ្ជាក់ជាថ្មីដោយមិនឱ្យជនបរទេសណា មកលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជាដោយមិនបានជ្រាបពីព័ត៌មានពិតនោះទេ។ បរទេសមិនអាចជួយឱ្យវិទ្យុ VOD បើកដំណើរការវិញដូចដើមបានឡើយ។
លោកសង្កត់ធ្ងន់ថា៖ «កុំសង្ឃឹមថា អ្នកឯង [VOD] អាចរស់ឡើងវិញ តាមរយៈទៅពឹងបរទេសនេះ ពឹងបរទេសនោះ បើពឹងបាន អាគណបក្សដែលរំលាយ វាងាប់បាត់ទៅហើយ [អតីតគណបក្សសង្គ្រោះជាតិ] បានរស់វិញបានហើយ មិនមែនត្រឹមអាកូនវិទ្យុតូចមួយនោះទេ ហើយបិទអាមួយហ្នឹង វាមិនធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជា ងាប់ដែរ វាអត់ងាប់ទេ ផ្ទុយទៅវិញវាពង្រឹងបាននូវវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌នៃសារព័ត៌មាន បានត្រឹមត្រូវ»។
ជុំវិញបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការប្រកាន់ជំហរមិនបើកដំណើរការវិទ្យុ VOD នេះ ដោយសារស្ថាប័ននេះ មានភាពរឹងត្អឹងនឹងរដ្ឋាភិបាលជាមុន ដែលរដ្ឋាភិបាលបានទុកពេល និងលទ្ធភាពសុំទោស និងបកស្រាយ ប៉ុន្តែស្ថាប័ននេះ មិនចេះបត់បែនតាមកាលៈទេសៈនយោបាយទើបឈានទៅដល់ការបិទ។
ការណ៍ដែលផ្សាយព័ត៌មានថា លោក ហ៊ុន ម៉ាណែត ដើរតួជំនួសឪពុកចុះហត្ថលេខាផ្តល់ជំនួយដល់តួកគី លោក យង់ ពៅ ថា វាជាកំហុសធ្ងន់ធ្ងរ ១ ខណៈលោក ហ៊ុន ម៉ាណែត មិនមានសិទ្ធិគតិយុត្តក្នុងការចាត់ចែងច្បាប់ថវិកា និងការបញ្ជាចំណាយឡើយ។
លោក យង់ ពៅ បានប្រាប់ថា ៖«បើសិនរដ្ឋាភិបាលមិនបានប្រតិកម្មរឿងនេះទេ នឹងធ្វើឱ្យមតិសាធារណជន និងមតិក្រុមប្រឆាំង ជាពិសេស អាចវាយតម្លៃថា សម្តេច ហ៊ុន សែន ពិតជាបានប្រើកូនប្រុសឱ្យចុះហត្ថលេខាលើការបញ្ជាចំណាយនោះមែន ហើយអាចមានការយល់ច្រឡំថា លោកយកអំណាចគ្រួសារទៅធ្វើការ ហើយធ្វើឱ្យសមាជិកគណៈរដ្ឋមន្ត្រីមើលមកក្នុងផ្លូវមិនល្អ បើសិនគ្មានការបកស្រាយ»។
លោក យង់ ពៅ លើកឡើងទៀតថា សំណុំរឿងបិទវិទ្យុ VOD ជាគំរូសម្រាប់បណ្តាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មាន និងជាពិសេសអ្នកសារព័ត៌មានផ្សេងៗទៀត ឱ្យបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។ លោកថា អ្នកសារព័ត៌មានត្រូវដើរតួនាទីជាអ្នកផ្តល់ព័ត៌មាន ចៀសវាងដើរតួជាតុលាការ ជាអ្នកនយោបាយ ជាអ្នកសម្រេចចិត្តជួសសាមីខ្លួនជាដើម ដើម្បីធ្វើឱ្យសង្គមជាតិមានសុខដុម ហើយវាសមស្របនឹងគោលការណ៍វិជ្ជាជីវៈ។
សូមរំឭកថា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសសម្រចលុបអាជ្ញាប័ណ្ណការផ្សាយរបស់វិទ្យុ VOD ក្រោមហេតុផលថា អង្គភាពសារព័ត៌មាននេះ បានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល ហើយមិនព្រមធ្វើការកែសម្រួល តាមបទប្បញ្ញតិ្តច្បាប់ស្តីពីរបបសារព័ត៌មាន។
ការលុបអាជ្ញាប័ណ្ណនេះ ធ្វើឡើងបន្ទាប់ពីស្ថាប័ននេះ បានចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា «មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគីមិនមែនជារឿងខុសឆ្គង» ដែលធ្វើឱ្យមានប្រតិកម្មខ្លាំងក្លាពីលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត៕
វីដេអូ៖