ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីទំនាក់ទំនងបុគ្គល និងបុគ្គល រវាងរូបលោក និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) រហូតដល់មានទូរស័ព្ទឆ្លើយឆ្លងគ្នាក្រៅពីទំនាក់ទំនងរដ្ឋនិងរដ្ឋ រវាងកម្ពុជាបារាំង។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សថ្នាក់វិជ្ជាជីវៈនិងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សប្រមាណជិត ២ ០០០ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ នាថ្ងៃទី ២០ ខែកុម្ភៈ លោក ហ៊ុន សែន ថ្លែងថា៖ «ក្រៅពីរដ្ឋ និងរដ្ឋ នៅមានទំនាក់ទំនងបុគ្គល និងបុគ្គលរហូតដល់មានទូរស័ព្ទឆ្លងឆ្លើយគ្នា បញ្ជូនសារឱ្យគ្នា»។
ប៉ុន្តែលោក ហ៊ុន សែន អាចប្រាប់ត្រឹមតែទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងសហការលើបញ្ហាតំបន់ និងអន្តរជាតិទាក់ទងនឹងសន្តិភាព រវាងប្រទេសទាំង ២ ប៉ុន្តែរឿងលម្អិតលោកមិនអាចប្រាប់បាននោះទេ តែលោកអាចបង្ហាញពីទំនាក់ទំនងរវាងរូបលោក និងលោកអេម៉ានុយអែល។
លោកបន្តថា លោក និងលោក អេម៉ានុយអែល មានលេខទូរស័ព្ទឆ្លងឆ្លើយជាមួយគ្នា តាម៣ប្រ ព័ន្ធ ដែលលោកអេម៉ានុយអែល បានប្រាប់លោកគឺ Whats App, Telegram និង Signal។
លោក ហ៊ុន សែន បានជួបជាមួយលោក អេម៉ានុយអែល នៅពេលលោកទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីខែធ្នូ ឆ្នាំ ២០២២ ក្នុងឱកាសលោកធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលរំឭកខួបអាស៊ានសហភាពអឺរ៉ុបលើកទី ៤៥ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។
លោកហ៊ុន សែន បានថ្លែងបន្តថា៖ «ទំនាក់ទំនងនៃរដ្ឋយើងមានកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ប៉ុន្តែអ្វីដែលសំខាន់ យើងបានធ្វើការជាមួយគ្នា ទាក់ទងជាមួយនឹងសន្តិសុខ បញ្ហាតំបន់ និងបញ្ហាអន្តរជាតិ ដែលខ្ញុំមិនអាចនិយាយចេញបានទេរឿងនេះគឺជារឿងអាថ៌កំបាំង។ ប្រធានាធិបតីបារាំងបានឱ្យលេខទូរស័ព្ទមកខ្ញុំ»។
លោកបន្តថា៖ «អ៊ីចឹងទេ យើងបានសន្យាជាមួយគ្នាឈប់ប្រើត្រកូលមានន័យថា ខ្ញុំហៅប្រធាធិបតីបារាំងគឺហៅអេម៉ានុយអែលព្រោះម៉ាក្រុង គឺជាត្រកូល ឯគាត់ឈ្មោះអេម៉ានុយអែល ឯគាត់ហៅខ្ញុំ សែន តែម្តងអត់ហៅហ៊ុន សែនទេ។ យើងមានទំនាក់ទំនងជាមួយគ្នា»។
លោកនាយករដ្ឋមន្ត្រីថ្លែងថា រូបលោក និងលោក ម៉ានុយអែល ឈានដល់ដំណាក់កាលនៃទំនាក់ទំនងរវាងបុគ្គល និងបុគ្គល ដែលមានភាពបងប្អូន ហើយថា លោក អេម៉ានុយអែល បានហៅលោកថា «បង» ដោយលោកបញ្ជាក់ថា៖ «ថ្ងៃ ២៧ ខែធ្នូ [២០២២] ខ្ញុំបានពឹងឱ្យឯកឧត្តមសុខ ចិន្តា [សោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា] ជួយ ខ្ញុំជូនពរទៅ អេម៉ានុយអែល ជាភាសា បារាំង គឺចុចទៅភ្លាមគាត់បើកមើលព្រោះ WhatsApp កាលណាបើកមើល គឺវាចេញសញ្ញាឱ្យយើងឃើញ។ គាត់មិនទាន់ឆ្លើយភា្លមទេ។ ដល់ឆ្លើយមកខ្ញុំឆ្លើយជាភាសាខ្មែរ ហៅ «បង សែន» មកតែម្តង ព្រោះនៅ [វិមាន] អេលីហ្សេ (Élysée Palace) ហ្នឹងមានអ្នកចេះភាសាបារាំង តែខ្ញុំគិតថា គាត់មិនមែនឱ្យខ្មែរតែម្នាក់ទេ ច្រើនគ្នា»។
លោក ហ៊ុន សែន លើកឡើងថា លោក អេម៉ានុយអែល គឺជាប្រធាធិបតីដែលមានចក្ខុវិស័យវែងឆ្ងាយ គួរឱ្យគោរព និងមានឥរិយាបថដ៏ល្អ ហើយលោកបានបង្ហាញការគោរពរបស់លោក ចំពោះតួនាទីផ្ទាល់របស់ប្រធានាធិបតីបារាំងរូបនេះ ដែលបានធ្វើកិច្ចការដ៏ល្អទាក់ទងនឹងបញ្ហាអន្តរជាតិ។ លោកថា លោក អេម៉ានុយអែល ក៏គោរពចំពោះតួនាទីរបស់កម្ពុជាផងដែរ។
លោក ហ៊ុន សែន ធ្លាប់បានបង្ហោះសារក្នុងហ្វេសប៊ុកលោក ក្រោយពីជួបជាមួយលោក អេម៉ានុយអែល ថា៖ «ដៃគូសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់ និងជឿទុកចិត្តគ្នា ដើម្បីពង្រឹងពង្រីកមិត្តភាពរវាងកម្ពុជា និងបារាំង។ សូមអរគុណអេម៉ានុយអែល ដែលបានផ្តល់នូវការស្រឡាញ់រាប់អាន»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណិ្ឌត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២០ ខែកុម្ភៈថា ទំនាក់ទំនងកម្ពុជា-បារាំង ក្នុងរយៈពេលចុងក្រោយនេះ មានវឌ្ឍនភាពជាវិជ្ជមានគួរឱ្យកត់សម្គាល់។ ទំនាក់ទំនងរវាងបុគ្គលថ្នាក់ដឹកនាំ នៃរដ្ឋាភិបាលទាំង ២ មានសារៈសំខាន់ក្នុងការរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រទេសផងដែរ ពីព្រោះនៅពេលដែលឥស្សរជនថ្នាក់ដឹកនាំមានទំនាក់ទំនងល្អនឹងគ្នាបែបនេះ គឺបានរួមចំណែកក្នុងការលើកកម្ពស់កម្រិតទំនាក់ទំនង និងកិច្ចសហការរវាងប្រទេសទាំង ២ ដែលអាចទៅដល់ក្នុងកម្រិតស៊ីជម្រៅមួយ។
លោក គិន ភា ថ្លែងថា៖ «យើងក៏មានការសង្ឃឹមដែរ នៅពេលដែលឥស្សរជនថ្នាក់ដឹកនាំ នៃប្រទេសទាំង ២ គាត់អាចយល់គ្នា គាត់អាចស្វែងយល់គ្នាទៅវិញទៅមក ហើយមានភាពជិតស្និទ្ធក៏ជាស្ពានមួយដែលអាចរុញឱ្យប្រទេសទាំង ២ មានការយល់ឃើញពីគ្នា ក្នុងរូបភាពដ៏ត្រឹមត្រូវមួយ ដែលអាចធ្វើឱ្យការស្វែងយល់គ្នាទៅវិញទៅមកហ្នឹងមានលក្ខណៈច្បាស់លាស់ជាងមុន ពីព្រោះជួនកាល នៅពេលដែលមេដឹកនាំគាត់អត់អាចនិយាយគ្នាបាន ចំណុចមន្ទិលមួយចំនួន ក៏អាចមិនមានភាពច្បាស់លាស់នឹងគ្នាដែរ។ វានៅតែបន្តមិនច្បាស់លាស់។ អ៊ីចឹង បើសិនជាថ្នាក់ដឹកនាំគាត់ត្រូវគ្នា រុញឱ្យទំនាក់ទំនង និងការស្វែងយល់គ្នាវាកាន់តែស៊ីជម្រៅជាងមុន»៕