ភ្នំពេញៈ កម្ពុជា​អនុញ្ញាតឱ្យ​ពលរដ្ឋ​រកមើល​ព័ត៌មាន​ស្ដីពី​ការចាក់​វ៉ា​ក់​សាំង​កូ​វីដ ​១៩ ​របស់​ពួកគេ តាម ​APP ​របស់​ធនាគារជាតិ​ឈ្មោះ​បាគង​។​ ក្រសួងសុខាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​តំណ​ភ្ជាប់ សម្រាប់​ស្វែង​រកមើល​ព័ត៌មាន​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ​របស់​សាមី​បុគ្គល តាមរយៈ​ប្រព័ន្ធ​បាគង ដើម្បី​ទទួលបាន​ភាពច្បាស់លាស់​ពី​ការចាក់​វ៉ាក់សាំង និង​ព្រមទាំង​ការលើកកម្ពស់​ប្រព័ន្ធ​ ១ ដែល​អភិវឌ្ឍ​ដោយ​ស្នាដៃ​កូន​ខ្មែរ​ផងដែរ​។​

​ ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​តំណ​ភ្ជាប់ សម្រាប់​ស្វែង​រកមើល​ព័ត៌មាន​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ របស់​សាមី​បុគ្គល​តាមរយៈ​ប្រព័ន្ធ​បាគង​ត្រូវបាន​ធ្វើឡើង​នា​ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ដោយមាន​ការចូលរួម​ពី លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា និង​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ ១៩ ក្របខ័ណ្ឌ​ទូទាំងប្រទេស​។​

​លោកស្រី ឱ វណ្ណឌី​ន បាន​ឲ្យ​ដឹងថា​ គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​រៀបចំ​ឱ្យមាន​ជា​តំណ​ភ្ជាប់ តាមរយៈ​ប្រព័ន្ធ​បាគង​និង​ប្រព័ន្ធ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​។

​ លោកស្រី ថ្លែងថា ការប្រើប្រាស់​ប្រព័ន្ធ​នេះ គឺ​វា​ជា​ការជំរុញឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​បាគង ដែលជា​ស្នាដៃ​កូន​ខ្មែរ ។​លោកស្រី​បន្តថា ប្រជាពលរដ្ឋ​ខ្មែរ កាន់តែ​ស្រួល​ក្នុង​ការចូល​មើល​ព័ត៌មាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​របស់​ខ្លួនឯង ប្រសិនបើ​បុគ្គល ឬ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះបាន​ប្រើប្រាស់​ប្រព័ន្ធ​បាគង និង​ចង់ដឹង​ពី​ព័ត៌មាន​ការចាក់​វ៉ាក់សាំង​ ដោយ​មិនចាំបាច់​ចូល​មើល​ប្រព័ន្ធ​ចាក់​វ៉ាក់សាំង​ផ្សេងទៀត​នោះទេ​។​

​ លោកស្រី​បន្ថែមថា​៖« ការសម្រួល​ធ្វើ​ប្រព័ន្ធ​នេះ វា​ក៏​ជាការ​រួមចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​អតិថិជន ដែល​ពួកគាត់​អាច​ទទួលបាន​នូវ​ព័ត៌មាន​ត្រឹមត្រូវ ក៏ដូចជា​ពួកគាត់​អាច​ដឹងបាន​ពី​ស្ថានភាព​នៃ​ការចាក់​រ៉ា​ក់​សាំង​កូ​វីដ​១៩​របស់ពួកគាត់ និង​អាច​ដឹងបាន​ថា ខ្លួន​របស់​ពួកគាត់​កំពុង​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ បាន​ដល់​ដូ​ស​ទី​ប៉ុន្មាន ហើយ​ដូ​ស​ដែល​ពួកគាត់​ចាក់ បានចាប់ផ្ដើម​ពីថ្ងៃ​ណា​ជាដើម​»​។​

​ លោកស្រី​ឱ វណ្ណឌី​ន ថ្លែងថា​៖ «​ដូច្នេះ​នៅពេលដែល​ពួកគាត់​ឃើញ ពួកគាត់​អាច​គិត​បាន​ហើយ​ថា ឥឡូវ​ដល់​វេន​ដែល​ត្រូវ​ចាក់​ដូ​ស​បន្ទាប់ ឬក៏​មិនទាន់​ដល់​វេន​នោះ​។ អ៊ីចឹង​អាហ្នឹង​វា​ជា​ជំនួយ​មួយ ដើម្បី​សម្រួល​ឱ្យ​ពួកគាត់​បានដឹង​ពី​ពេលវេលា​នូវ​តម្រូវការ​នៃ​ចាក់​ដូ​ស​ជា​បន្តបន្ទាប់ ដែលជា​អ្វី​យើង​តែងតែ​ណែនាំ តែងតែ​ប្រកាសជូន​ឱ្យ​ពួកគាត់​នៅតែ​បន្ត​ចាក់​ដូ​ស​ជំរុញ​ជា​បន្តបន្ទាប់​នេះ​»​។​

​លោកស្រី ជា សិរី បាន​ថ្លែងថា ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ មាន​អត្តសញ្ញាណ​ពេញលេញ អាច​ស្វែងរក​ព័ត៌មាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ បាន​ឆាប់រហ័ស ទោះបី​ពុំបាន​យក​បណ្ណ​ចាក់​វ៉ាក់សាំង​ដាក់​តាម​ខ្លួន​ក៏ដោយ​។​លោកស្រី​បាន​បន្ដថា ធនាគារជាតិ​នៃ​កម្ពុជា សូម​លើកទឹកចិត្ត​ដល់​អ្នកប្រើប្រាស់​ប្រព័ន្ធ​បាគង ទៅ​ចុះឈ្មោះ​បំពេញ​អត្តសញ្ញាណ ឱ្យបាន​ពេញលេញ​ជាមុន​។​

​លោកស្រី​ជា សិរី ថ្លែងថា​៖ «​ធនាគារជាតិ​នៃ​កម្ពុជា សង្ឃឹមថា ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នឹង​ក្លាយជា​សមិទ្ធផល​ដ៏​សំខាន់​មួយទៀត រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួងសុខាភិបាល ហើយ​ស្ថាប័ន​នឹង​បន្ដ​កិច្ច​សហប្រតិបត្តិ​ការល្អ​បន្ថែមទៀត ដើម្បី​ធ្វើឱ្យ​ការប្រើប្រាស់ ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល កាន់តែ​ប្រសើរឡើង ក៏ដូចជា​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​កត់ត្រា ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ កាន់​តែមាន​ប្រសិទ្ធភាព​»​។​

​សូមបញ្ជាក់ថា បាគង ​ជា​ប្រព័ន្ធ​ដែល​បង្កើតឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ​ហើយក៏​ជា​ប្រព័ន្ធ​ទូទាត់​បែប​ទំនើប​ថ្មី​មួយ ដោយ​ត​ភ្ជាប់​ធនាគារ គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​នៅ​កម្ពុជា ដើម្បី​អនុញ្ញាតឱ្យ​អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ ពី​ធនាគារ​១​ទៅ​ធនាគារ​១​ទៀត ឬ​ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​ណា​១​ទៅ​សមាជិក​ដ៏ទៃទៀត ជាមួយនឹង​ភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និង​ចំណាយ​តិច​។​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២២ មាន​អតិថិជន​ជាង ៥០​ម៉ឺន​នាក់ បាន​ប្រើប្រាស់​ប្រតិបត្តិការ​ក្នុង​ប្រព័ន្ធ​បាគង​គិត​ជា​ទឹកប្រាក់​ចំ​នួ ១,២​ប៊ី​លាន​ដុល្លារ​៕