ភ្នំពេញៈ នៅយប់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ កងកម្លាំងមួកខៀវកម្ពុជាចំនួន ៨៣ នាក់ទៀតត្រូវធ្វើដំណើរទៅបំពេញបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល បន្ទាប់ពីកម្លាំងនាំមុខ ១៥ នាក់ ត្រូវបានបញ្ជូនទៅកាលពីដើមខែមករា។ នេះបើតាមលោកស្រី កុសល ម៉ាលីនដា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព។
លោកស្រីថ្លែងថា កងកម្លាំងមួកខៀវដែលចេញទៅបំពេញបេសកកម្មការងារនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាលនាយប់ថ្ងៃទី ២១ ខែកុម្ភៈ [ម្សិលមិញ] នេះ គឺជាកងកម្ទេចគ្រឿងផ្ទុះលេខ ៩៨ ដែលត្រូវបាន បង្កើតឡើងជាពិសេសនៅក្នុងអំឡុងខែធ្នូ ឆ្នាំ ២០២១ ដោយមានកម្លាំងសរុប ៩៨ នាក់ ក្នុងនោះមានស្រី ១០ នាក់។
លោកស្រី ម៉ាលីនដា បានបញ្ជាក់ថា៖«នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ពួកគេទាំងអស់គ្នា នឹងហោះហើរទៅកាន់រដ្ឋ Bangui នៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដើម្បីជួយបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជូនពលរដ្ឋក្នុងតំបន់បេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ»។
បើតាមលោកស្រី ម៉ាលីនដា កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ កម្លាំងពិសេសនាំមុខ ១៥ នាក់នៃកងថ្មីនេះ បានធ្វើដំណើរតាមជើងហោះហើរ VIP ទៅកាន់រដ្ឋ Bangui នៃសាធារដ្ឋអាហ្រិកកណ្ដាល ដើម្បីរៀបចំជំរំបន្ទាយជាមុន និងទទួលយោធបរិក្ខារ រថយន្ត និងគ្រឿងចក្ររបស់កងកម្ទេចគ្រឿងផ្ទុះកម្ពុជា និងធ្វើទំនាក់ទំនងជាមួយមន្ត្រីអង្គការសហប្រជាជាតិទាំងផ្នែកស៊ីវិល និងយោធា គ្រប់បណ្តាការិយាជំនាញនានា។
នៅមុនពេលចេញដំណើរទៅកាន់តំបន់បេសកកម្មក្នុងរដ្ឋ Bangui នេះ លោក តាំង ផល្លា មេបញ្ជាការរងកងកម្ទេចគ្រឿងផ្ទុះ៩៨ បានថ្លែងប្ដេជ្ញាចិត្តថា នឹងដឹកនាំក្រុមបំពេញបេសកកម្មឱ្យបានជោគជ័យ ដោយធានាមិនឱ្យមានការបាត់បង់សមាជិកក្រុមណាម្នាក់ឡើយ បើទោះជាតំបន់បេសកកម្មនោះ មានបញ្ហាប្រឈមគ្រោះថ្នាក់ក៏ដោយ។
លោកផល្លា បានថ្លែងថា៖«យើងបេជ្ញាបំពេញបេសកកម្ម ជួយបោសសម្អាតគ្រឿងផ្ទុះក្នុងតំបន់បេសកកម្មនោះឱ្យបានជោគជ័យដើម្បីលើកកិត្យានុភាពជាតិរបស់យើងនិងដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងតំបន់បេសកកម្មផងដែរ» ។
បើតាមលោកផល្លា មន្ត្រីនិងថ្នាក់ដឹកនាំនៃកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ភាគច្រើនធ្លាប់មានបទពិសោធន៍បំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រ អ.ស.ប នៅក្នុងបណ្ដាប្រទេសមួយចំនួន ដូចជានៅប្រទេសម៉ាលី ឆាដ...និងស៊ូដង់ខាងត្បូង ហើយនៅមុនពេលចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅអាហ្រិ្វកកណ្ដាលនាពេលនេះ ពួកគេក៏បានទទួលការហ្វឹកហ្វឺន និងការបណ្ដុះបណ្ដាលជាពិសេសលើមុខជំនាញបច្ចេកទេសថ្មីៗបន្ថែមទៀត រយៈពេលពេញ១ឆ្នាំផងដែរ។
ថ្វីដ្បិតយ៉ាងដូច្នេះក្ដី នៅក្នុងពិធីជូនដំណើរកងកម្លាំងទាំងនោះទៅកាន់ប្រទេសអាហ្រិ្វកកណ្ដាល ដែលត្រូវបានរៀបចំឡើងនៅឯមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពកាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានក្រើនរំឭកដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តភារកិច្ចទៅតាមសមត្ថភាពវិជ្ជាជីវៈ មានវិន័យម៉ឹងម៉ាត់ សេចក្តីក្លាហាន សីល-ធម៌ស្អាតស្អំ និងគោរពច្បាប់ ដែលទាំងអស់នេះជាគុណតម្លៃ និងគុណសម្បត្តិមិនអាចខ្វះបានជាដាច់ខាត។
លោកថ្លែងថា៖«ដោយសារគ្រប់បេសកកម្មដែលកម្លាំងយើងទៅបំពេញសុទ្ធតែប្រឈមនឹងបញ្ហាសន្តិសុខជាចម្បង ដូចនេះយើងត្រូវប្រកាន់ការប្រុងប្រយ័ត្នខ្ពស់ជាប់ជាប្រចាំ ទាំងបញ្ហាសន្តិសុខ និងបញ្ហាជំងឺឆ្លងនានា។ ត្រូវចេះរួបរួម គោរពស្រឡាញ់គ្នា សាមគ្គី ឯកភាពគ្នាជាធ្លុងមួយ និងចេះជួយគ្នាទៅវិញទៅមកឱ្យសម្រេចបានភារកិច្ចរៀងៗខ្លួន និងភារកិច្ចរបស់ក្រុម »។
លោកបានបន្តថា ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់មើលថែទាំ គាំពារគា្ន ដូចភាសិតបុរាណខ្មែរដែលពោលថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» និងត្រូវចៀសវាងអំពើទាំងឡាយណាដែលល្មើសទៅនឹងវិន័យរបស់អ.ស.ប និងប្រាសចាកពីច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះកងយោធពលខេមរភូមិន្ទ។
ជាពិសេសត្រូវផ្តល់របាយការណ៍ប្រចាំថ្ងៃជូនមជ្ឈមណ្ឌលជាតិ ដើម្បីរាយការណ៍ជូនក្រសួងការពារជាតិ បានទាន់ពេលវេលា និងទាន់ហេតុការណ៍ដែលកើតឡើងក្នុងប្រការណាមួយ។
ជាមួយគ្នានេះ តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក Joseph Scheuer បានសម្ដែងការកោតសរសើរដល់កងកម្លាំងស្ត្រីនិងបុរសកម្ពុជាដែលមានសេចក្ដីអង់អាចក្លាហាន និងលះបង់ខ្ពស់ដែលបានបម្រើនិងបន្តបម្រើក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីសន្តិភាព និងសន្តិសុខពិភពលោក។
លោកបានលើកឡើងថា៖«ការធ្វើដំណើររបស់អ្នក[ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្ដាល]នៅថ្ងៃនេះ គឺអ្នកកំពុងចូលទៅក្នុងសហគមន៍នៃប្រជាជាតិមួយ រួបរួមគ្នាក្នុងការស្វែងរកសន្តិភាពនិងអនាគតដ៏ល្អប្រសើរសម្រាប់ទាំងអស់គ្នា។...ខ្ញុំសូមជូនពរឱ្យអ្នកទទួលបានជោគជ័យបំផុតសម្រាប់បេសកកម្មរបស់អ្នក»។
ជាមួយគ្នានេះ លោក Joseph Scheuer បានសម្ដែងការគាំទ្រយ៉ាងមុតមាំចំពោះអង្គភាពកម្ចាត់អាវុធជាតិផ្ទុះលេខ៩៨ ដែលជាអង្គភាពទី១ ដែលត្រូវបានបញ្ជាដោយមេដឹកនាំជាស្ត្រី។
យោងតាមទិន្នន័យដែលផ្ដល់ដោយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព គិតត្រឹមថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវសរុបចំនួន៨ ៩៥២នាក់ ក្នុងនោះមានស្ត្រី ៦៩១នាក់ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាតិនៅក្នុងប្រទេសចំនួន៩ រួមមាន ស៊ូដង់,ស៊ូដង់ខាងត្បូង,ឆាដ,លីបង់,ស៊ីរី,ម៉ាលី,អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន៕